លោក ហ៊ុន ម៉ាណែត បានបដិសេធមិនឆ្លើយសំណួរអ្នកសារព័ត៌មាន ដែលសួរថា តើលោកនឹងធ្វើអ្វីមុនគេ ពេលកាន់តួនាទីជានាយករដ្ឋមន្ត្រី បន្ទាប់ពីឪពុកប្រកាសថា នឹងក្លាយជានាយករដ្ឋមន្ត្រី៤សប្តាហ៍ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៣ ខែកក្កដា។

បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត បានចេញទៅបោះឆ្នោត ជាមួយភរិយានា ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាទួលគោក។ ប៉ុន្តែបន្ទាប់ចេញពីបន្ទប់នៃមណ្ឌលបោះឆ្នោតនោះ លោកបានបដិសេធមិនឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ដែលសួរថា តើលោកនឹងធ្វើអ្វីមុនគេ ពេលកាន់តួនាទីជានាយករដ្ឋមន្ត្រីឡើយ?

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិនថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថ្លែងថា លោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីភ្លាមៗ ពោលគឺនៅក្នុងចន្លោះរយៈពេលតែ ៣ ទៅ ៤ សប្ដាហ៍ខាងមុខ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជាអះអាងថា រូបលោកមិនខ្វល់ចំពោះការរិះគន់ និងទិតៀនពីបណ្ដាប្រទេសលោកសេរី និងបក្សប្រឆាំង ព្រមទាំងអង្គការសង្គមស៊ីវិលឡើយ អ្វីដែលសំខាន់នោះ ឲ្យតែការឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់កូនប្រុសលោកស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្សនយោបាយ។ ក្នុងចំណោម ១៨គណបក្សនយោបាយ គឺមានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ទេលេចធ្លោជាងគេនៅក្នុងយុទ្ធនាការឃោសនារយៈពេល ២១ថ្ងៃនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ថិតក្រោមបញ្ជាលោក ហ៊ុន សែន បានបិទគណបក្សភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។
ការបិទគណបក្សប្រឆាំងមិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ ដោយអ្នកឃ្លាំមើលថាដើម្បីបើកផ្លូវឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក បន្ទាប់ពីលោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំមក។
តែយ៉ាងណា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃអាទិត្យនេះ បើតាមគេហទំព័រ ឬវេបសាយកំណត់ត្រាដែលចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)រកឃើញថា អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៨០ភាគរយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៃខាងមុខនេះមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច។
លើសពីនេះ ការបោះឆ្នោតលើកនេះ បណ្ដាប្រទេសលោកសេរី ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងបារាំង ជាដើម មិនបានបញ្ជូនអ្នកសង្កេតការណ៍ឲ្យមកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានោះទេ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ ក៏រងការរិះគន់ពីសហគមន៍អន្តរជាតិខ្លាំង ខណៈប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសផ្សេងៗ បាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដោយអំពាវនាវឲ្យប្រជាពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតនៅពេលទៅបោះឆ្នោត។ លើសពីនេះ ពួកគេក៏បាននាំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំង និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាផង៕