29 C
Phnom Penh

សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​៣៨​នាក់​នៅ​ថ្ងៃ​បោះឆ្នោត​ចោទ​មាន​ចេតនា​បំផ្លាញ​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ចំនួន៣៨នាក់ នៅថ្ងៃ​បោះឆ្នោត​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយ​ចោទប្រកាន់​ថា ពួកគេ​មាន​ចេតនា​បំផ្លាញ​ការបោះឆ្នោត តាមរយៈ​នៃការផ្សព្វផ្សាយ​តាមបណ្តាញ​ទំនាក់ទំនង​តេឡេក្រាម និង​ធ្វើសកម្មភាព​នៅ​នឹងការិយាល័យបោះឆ្នោត។

សមត្ថកិច្ច នៅថ្ងៃនេះ សម្រេច​ចាប់ឃុំ​ខ្លួន​មនុស្ស​ចំនួន ៣៦នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឱ្យ​មាន​បំផ្លាញ​ការបោះឆ្នោត នៅ​ថ្ងៃបោះឆ្នោត ដែល​រៀបចំ​ដោយ​អតីតមេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៉ី តាមរយៈ​ក្រុម​តេលេក្រាម​មួយ​ដែល​មាន​ឈ្មោះ «Sabai សប្បាយ»។

សមត្ថកិច្ច​ក៏បានចាប់ខ្លួនមនុស្សមួយចំនួន២​នាក់​ទៀត ក្នុងនោះ មានបុរសម្នាក់ឈ្មោះ ឃ្លី ភ័ក្រ្ត ដែលទៅ​បោះឆ្នោតនៅ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពី ចូលទៅក្នុងបន្ទប់សម្ងាត់ដើម្បីបោះឆ្នោត តែមិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅ ក្រោយបោះឆ្នោតរួច។

ចំណែក បុរសម្នាក់ផ្សេងទៀតឈ្មោះ យ៉ុម ធារ៉ា ដែលមានឈ្មោះបោះឆ្នោតនៅ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរ បន្ទាប់ពីរូបគេ ចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោត ដោយកាន់សន្លឹកឆ្នោតនោះមកខាងក្រៅការិយាល័យបោះឆ្នោតដែលសមត្ថកិច្ចអះអាងថា​រូបគេមានបំណងបំផ្លាញសន្លឹកឆ្នោតនេះតែម្តង។

ជុំវិញដំណើរការនៃការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា នេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ក៏បាន​បង្ហោះសន្លឹកឆ្នោតដែលត្រូវបានប្រជាពលរដ្ឋទៅបោះឆ្នោតខ្វែងចោល ព្រោងព្រាត លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ដោយលោកបានភ្ជាប់នឹងសំណេររបស់លោកនៅខាងលើថា អរគុណដែលហ៊ានគូសខ្វែងសន្លឹកឆ្នោត ដើម្បីបង្រួបបង្រួមជាតិ។

លោក សម រង្ស៊ី បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោតថា ពេលបោះឆ្នោតរួច បងប្អូនចង់ផ្ញើររូបភាព បងប្អូនអាចផ្ញើរទៅប្រព័ន្ធទំនាក់ទំនងតេឡេក្រាម​ផ្ទាល់របស់ក្រុមការងារដែលមានឈ្មោះថា ប៊ុន រ៉ុង ដើម្បីឱ្យក្រុមការងារបង្ហោះសន្លឹកឆ្នោតទាំងនោះ។​

សន្លឹកឆ្នោតដែលត្រូវលោក សម រង្ស៊ី យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទាំងអស់នោះ ក្រៅពីមានការគូសសញ្ញខ្វែងនៅលើសន្លឹកឆ្នោត ក៏មានសរសេរអក្សរផ្សេងៗផងដែរ ដូចជា ពាក្យថា «កែម ឡី» ពាក្យថា »ប្រជាធិបតេយ្យក្លែងក្លាយ» ពាក្យថា «លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ជាជនកំសាក» និង ពាក្យថា «បរាជ័យជនផ្តាច់ការ» ជាដើម។

យ៉ាងណាក៏ដោយ គណនីហ្វេសប៊ុកមួយឈ្មោះ កុមារទេព ដែលគេសង្ស័យថា ជាគណនីហ្វេសប៊ុកដែលលោក ហ៊ុន សែន ប្រើប្រាស់ដោយផ្ទាល់ សរសេរគម្រាមទៅកាន់ប្រជាពលរដ្ឋ នៅថ្ងៃនេះថា ក្រុមជ្រុលនិយមទាំងឡាយ សូមកុំព្រហើនឱ្យសោះ និង សូម កុំព្យាយាមបំផ្លាញការបោះឆ្នោតនេះ ព្រោះថា ច្បាប់គឺច្បាប់។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព សរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់បោះឆ្នោត តាមបណ្តាញសង្គម នានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែងដាច់ខាត។

ច្បាប់ស្តីពីការបោះឆ្នោតដែលទើបនឹងកែប្រែនៅមុនការបោះឆ្នោតនេះ ត្រង់មាត្រា១៤២ ចែងថា ជនណាដែលគូសបំផ្លាញសន្លឹកឆ្នោត ដូចជា គូសខ្វែងសន្លឹកឆ្នោត ជាដើម ត្រូវផាកពិន័យពី ៥លានរៀល ទៅ ២០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។

បែបនេះក្តី មាត្រា ៣៤នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធបោះឆ្នោត ប៉ុន្តែ រដ្ឋធម្មនុញ្ញ មិនបានចែងកំណត់ដោយការដាក់ពិន័យទៅលើអ្នកបោះឆ្នោតដែលសំដែងឆន្ទៈពេញ ឬមិនពេញចិត្តនឹងការបោះឆ្នោតនោះទេ។

ចំណែក មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ប្រទេសជាតិ ខណៈ សេចក្តីស្នើទាំងឡាយរបស់ប្រជាពល រដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយ យ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឲ្យការបោះឆ្នោត ពលរដ្ឋមានឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៣ សរុបចំនួន ៩លាន ៧សែន ១ម៉ឺន ៦រយ ៥៥នាក់ ដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតដែលមាននៅទូទាំងប្រទេសសរុប ២ម៉ឺន ៣ពាន់ ៧៨៩ ការិយាល័យ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស