សមត្ថកិច្ចអះអាងថា បានចាប់ឃុំខ្លួនពលរដ្ឋជិត ៥០នាក់នៅថ្ងៃទី២៤ កក្កដា ពីបទញុះញង់ឱ្យបំផ្លាញការបោះឆ្នោត ខណៈមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ព្រមានអនុវត្តវិធានការច្បាប់ ប្រសិនបើពួកគេមិនសារភាពកំហុស។
សមត្ថកិច្ចកម្ពុជាបានបង្ហាញពីលទ្ធផលប្រតិបត្តិការបន្ទាប់ពីខ្លួនបានដាក់កម្លាំងចុះស្រាវជ្រាវកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះថា អ្នកដែលត្រូវចាប់ខ្លួនពីបទញុះញង់ឱ្យមានការបំផ្លាញការបោះឆ្នោត ដែលពួកគេបានធ្វើសកម្មភាពញុះញង់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមដែលមានឈ្មោះថា «Sabai សប្បាយ» នោះ បានកើនឡើងដល់ ៤៤នាក់ហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
អាជ្ញាធរកម្ពុជាបញ្ជាក់ថា ពួកគេបានធ្វើសកម្មភាពញុះញង់ឱ្យមានការបំផ្លាញការបោះឆ្នោតនៅថ្ងៃបោះឆ្នោតដែលរៀបចំដោយអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ខណៈអ្នកដែលត្រូវបានចាប់ខ្លួននៅនឹងកន្លែងបោះឆ្នោតដោយសារពួកគេមានចេតនាបំផ្លាញសន្លឹកឆ្នោត ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនចំនួន ៣នាក់ដែរ ដូចជានៅខេត្តត្បូងឃ្មុំ និងនៅរាជធានីភ្នំពេញ ជាដើម។
កាលពីថ្ងៃទី២៣ ខែកក្កដា ក្រោយដំណើរការនៃការបោះឆ្នោតត្រូវបានបញ្ចប់ភ្លាមៗ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានចេញខ្សែអាត់សំឡេងប្រវែងជាង ១០នាទី ព្រមានទៅកាន់អ្នកដែលបានគូសខ្វែងសន្លឹកឆ្នោត និងអ្នកដែលរងនូវការចោទប្រកាន់តាមប្រព័ន្ធតេឡេក្រាមថាបានញុះញង់ឱ្យបំផ្លាញការបោះឆ្នោតថា លោកបានស្គាល់អត្តសញ្ញាណអ្នកដែលញុះញង់ឱ្យបំផ្លាញការបោះឆ្នោតតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមទាំងនោះអស់ហើយ ប៉ុន្តែពួកគេក៏មិនចាំបាច់ភ័យស្លន់ស្លោរត់ចេញពីកម្ពុជានោះដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា បើពួកគេចូលខ្លួនមកសុំទោសនូវទង្វើដែលខ្លួនបានធ្វើ នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្តែបើពួកគេមិនសារភាពកំហុសទេ ការអនុវត្តច្បាប់នឹងត្រូវតែធ្វើឡើងដោយគ្មានករណីលើកលែងចំពោះបុគ្គលណាមួយឡើយ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានលើកឡើងកាលពីថ្ងៃទី២៣ កក្កដា ថា ការគូសបំផ្លាញសន្លឹកឆ្នោតមិនមែនជាកំហុសទេ ប៉ុន្តែកំហុសគឺនៅត្រង់ថា ពួកគេបានយកសន្លឹកឆ្នោតទាំងនោះទៅបង្ហោះជាសាធារណៈ ដែលបំផ្លាញដល់ការណ៍សម្ងាត់នៃការបោះឆ្នោតប៉ុណ្ណោះ។
ចំណែកប្រធានក្រុមមេធាវីរបស់គណបក្សប្រជាជនកម្ពុជា លោក គី តិច បានស្នើដល់ក្រុមមេធាវីទាំងអស់ឱ្យសហការពិនិត្យ ស្រាវជ្រាវតាមបណ្ដាញសង្គមនានា ប្រមូលយកភស្តុតាងដែលបញ្ជាក់ចំពោះបុគ្គលទាំងឡាយណាដែលបានថតផ្សាយអំពីការគូសសញ្ញាខ្វែងលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់ ដើម្បីរៀបចំបណ្តឹងតាមវិធានការច្បាប់។
ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ព្រមានកាលពីថ្ងៃទី២៣ កក្កដា ថា សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវដើម្បីប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់បោះឆ្នោត ជាដើម តាមបណ្ដាញសង្គមនានា ដើម្បីចាត់វិធានការច្បាប់ដោយគ្មានការលើកលែងដាច់ខាត។
ជុំវិញករណីផ្សព្វផ្សាយសន្លឹកឆ្នោតដែលត្រូវបានគូសខ្វែងនេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានបង្ហោះសន្លឹកឆ្នោតដែលពលរដ្ឋគូសខ្វែងនៅថ្ងៃបោះឆ្នោតដែលលោកទទួលបានជាបន្តបន្ទាប់ ហើយក្រៅពីគូសសញ្ញាខ្វែងនៅលើសន្លឹកឆ្នោត ក៏មានសរសេរអក្សរផ្សេងៗផងដែរ មានដូចជាពាក្យថា «កែម ឡី» «ប្រជាធិបតេយ្យក្លែងក្លាយ» «លោក ហ៊ុន សែន» និង «លោក ហ៊ុន ម៉ាណែត ជាជនកំសាក» «ហ៊ុន សែន ក្បត់ជាតិ» និងពាក្យថា «បរាជ័យជនផ្ដាច់ការ» ជាដើម។
ទាក់ទិននឹងការគូសខ្វែងបំផ្លាញសន្លឹកឆ្នោតនេះ គ.ជ.ប កាលពីយប់ថ្ងៃទី២៣ កក្កដា បានបង្ហាញថា សន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នេះ មានចំនួនតែជាង ៤៤ម៉ឺនសន្លឹកប៉ុណ្ណោះក្នុងចំណោមសន្លឹកឆ្នោតដែលមានអ្នកចូលរួមបោះឆ្នោតជាង ៨លាននាក់នោះ។
ច្បាប់ស្ដីពីការបោះឆ្នោតដែលទើបនឹងកែប្រែនៅមុនការបោះឆ្នោតនេះ ត្រង់មាត្រា១៤២ ចែងថា ជនណាដែលគូសបំផ្លាញសន្លឹកឆ្នោត ដូចជាគូសខ្វែងសន្លឹកឆ្នោត ជាដើម ត្រូវផាកពិន័យពី ៥លានរៀលទៅ ២០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕