រាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងពិភពលោក ការដែលប្រទេសមួយនេះបានឆ្លងកាត់ការបោះឆ្នោតសភាជាថ្មីទៀតជាមួយនឹងការផ្ដួលគូប្រកួតមួយដ៏ខ្លាំងមិនឲ្យឡើងសង្វៀនប្រកួត។
គេអាចនិយាយបានថា ការបោះឆ្នោតថ្ងៃទី២៣ កក្កដា ទោះជាមានគណបក្សផ្សេងៗទៀតដល់ទៅ ១៧ ចូលរួមប្រកួតក៏ដោយ តែគ្មានគណបក្សណាមួយអាចមានកម្លាំងប្រកួតស្មើនឹងគណបក្សកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
គណបក្សទាំង ១៧ នោះត្រូវគេប្រៀបបាននឹងសេះដែលគ្មានកម្លាំងថាមពលមាំមួន ដើម្បីរត់លើទីលានប្រកួតដ៏ស្វិតស្វាញជាមួយនឹងបក្សប្រជាជនកម្ពុជានោះទេ។
បក្សមួយដែលត្រូវបានចាត់ទុកថាមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា គឺគណបក្សភ្លើងទៀនរបស់អ្នកប្រជាធិបតេយ្យមាននិន្នាការទៅរកពួកបស្ចិមប្រទេស ត្រូវបានផ្ដួលរំលំមុនការប្រកួតចូលមកដល់។
បក្សនេះគេអាចប្រដូចទៅនឹងសេះមួយក្បាលដែលមានកម្លាំងមាំមួនស្វាហាប់ប្រាជ្ញាវាងវៃ អាចប្រកួតលើទីលានជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលប្រដូចបាននឹងសេះមួយក្បាលមានថាមពលដ៏ខ្លាំងបំផុត។ ការប្រកួតរយៈពេលមួយខែលើទីលានប្រកួតដែលមិនមានការជក់ចិត្តពីទស្សនិកជន និងអ្នកតាមដាន ទីបំផុតមានសេះតែមួយក្បាលគត់ គឺគណបក្សប្រជាជនកម្ពុជារត់ដល់គោលដៅ ហើយដណ្ដើមបានពានរង្វាន់សឹងតែម្នាក់ឯង។
ចំណែកបក្ស ១៧ ទៀត គ្មានកម្លាំងប្រយុទ្ធទាល់តែសោះ គឺគ្មានកម្លាំងរត់ទាល់តែសោះ។
ដូច្នេះ បក្សកាន់អំណាចរត់ទៅអង្គុយកៅអីសភាបានមុន គឺបាន ១២០អាសនៈ ហើយទុកតែ ៥កៅអីប៉ុណ្ណោះឲ្យគណបក្សរាជានិយមមួយដែលធ្លាប់ឈ្នះឆ្នោតឆ្នាំ១៩៩៣ ចូលទៅអង្គុយកៅអីក្នុងរដ្ឋសភាអាណត្តិថ្មីនេះ។ គេថាវត្តមានបក្សរាជានិយមនៅក្នុងរដ្ឋសភា គឺជាការកំដរបរិយាកាសនយោបាយដែលមិនពេញភ្នែករបស់អ្នកទស្សនា។
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាប្រៀបបានសេះមួយក្បាលរត់លើទីលានប្រណាំងតែម្នាក់ឯងនេះ គឺការពិត ការប្រកួតនេះមិនបានផ្ដល់បរិយាកាសឲ្យអ្នកតាមដានមើលពេញភ្នែកនោះទេ ដែលគេថាការបោះឆ្នោតនេះមិនប្រព្រឹត្តទៅដោយសេរីនយោបាយបើកចំត្រឹមត្រូវតម្លាភាពនោះទេ ខណៈបក្សដ៏ខ្លាំងមួយត្រូវបានផ្ដួលមុនការប្រកួត។
ដូចនេះហើយ បានជាបណ្ដាញផ្សាយព័ត៌មានធំៗមានដូចជាបណ្ដាញផ្សាយព័ត៌មាន BBC, Aljazeera, CNN, CNA, ABC, បណ្ដាញផ្សាយព័ត៌មានជប៉ុន ដូចជា ASIA TIMES, NIKKEI REVIEW, ASIA SHIMBUN ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ, AP, UPI, The New York Times ជាដើម សុទ្ធតែបានលើកឡើងអំពីសេរីភាពនយោបាយនៅកម្ពុជាក្រោមប្រព័ន្ធបោះឆ្នោតមួយដែលពលរដ្ឋភ័យខ្លាច។
បណ្ដាញព័ត៌មានទាំងនេះបានធ្វើអត្ថាធិប្បាយ និងធ្វើការវិភាគអំពីបរិបទនយោបាយនៅកម្ពុជាតាមរយៈព្រឹត្តិការណ៍នៃការបោះឆ្នោតថ្ងៃទី២៣ កក្កដា ដែលគូប្រកួតមួយត្រូវបានផ្ដួលរលំមុន មិនឲ្យចូលរួមប្រកួត ហើយទីបំផុតគណបក្សកាន់អំណាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដីដូចនឹងការឈ្នះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សប្រឆាំងធំបំផុត គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
ឥឡូវនេះ ពេលវេលាដែលធ្វើឲ្យអ្នកសង្កេតការណ៍តាមដានបន្ដទៀតនោះ គឺការផ្ទេរតំណែងនាយករដ្ឋមន្ត្រីពីលោក ហ៊ុន សែន ទៅឲ្យកូនប្រុសរបស់លោក គឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។
តាមព័ត៌មាន និងការបង្ហើបព័ត៌មាន គណៈរដ្ឋមន្ដ្រីរបស់លោក ហ៊ុន ម៉ាណែត បានអនុម័តហើយដោយគណបក្សប្រជាជនកម្ពុជា គឺនៅសល់តែការប្រកាសសមាសភាពតែប៉ុណ្ណោះជាមួយនឹងការដែលលោក ហ៊ុន ម៉ាណែត ត្រូវចូលខ្លួនទៅរដ្ឋសភា ដើម្បីបោះឆ្នោតឲ្យបង្កើតរដ្ឋាភិបាលដោយគេរំពឹងជាស្រេចថា ព្រះមហាក្សត្ររបស់រាជាណាចក្រកម្ពុជា នឹងតែងតាំងអ្នកនយោបាយវ័យក្មេងដែលមានការសិក្សាជាន់ខ្ពស់ពីសហរដ្ឋអាមេរិក ឲ្យចូលកាន់តំណែងជំនួសឪពុករបស់ខ្លួន គឺលោក ហ៊ុន សែន ដែលបានកាន់អំណាច ៤២ឆ្នាំបើរាប់ពីឆ្នាំ១៩៨៥ មកថាឋានៈជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកកាន់អំណាចនៅក្នុងភាពចម្រូងចម្រាសនៃការបោះឆ្នោត ៦លើកមកហើយ។ ចំណែកការបោះឆ្នោតសភាអាណត្តិទី៧ នេះ ក៏ស្ថិតក្នុងភាពចម្រូងចម្រាសកាន់តែធ្ងន់ និងអាក្រក់ដូចឆ្នាំ២០១៨។
គេហទំព័រកាសែត The Guardian បានស្រង់សម្ដីលោក Phil Robertson តំណាងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី ដែលបានលើកឡើងថា លោក ហ៊ុន សែន បានផ្តួលរំលំចោលទាំងស្រុង និងជារៀងដរាបនូវសសរគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា ដោយដាក់ជំនួសមកវិញនូវរបបដឹកនាំផ្ដាច់ការ អំណាចតពូជ ដូចជាការចម្លងតាមទាំងស្រុងពីកំពូលរដ្ឋផ្ដាច់ការនៅកូរ៉េខាងជើង៕