26 C
Phnom Penh

មេដឹកនាំ​កុម្មុយនីស្ត​សាទរ​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ឈ្នះ​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​អបអរ​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង។

លោក ស៊ី ជីនពីង បាន​ចេញ​លិខិត​អបអរ​សាទរ​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។

បើ​តាម​ខ្លឹមសារ​លិខិត​របស់​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត លោក ស៊ី ជីនពីង (Xi Jinping) បាន​និយាយ​ថា ចិន​នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ដើម្បី​បន្ត​ជំហាន​អភិវឌ្ឍ​ប្រទេស​ដែល​ស័ក្តិសម​នឹង​លក្ខខណ្ឌ​របស់​ជាតិ ដោយ​ចិន​មើល​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នេះ​សម្រេច​បាន​នូវ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច ការ​អភិវឌ្ឍ ជីវភាព​ស្តង់ដារ និង​មាន​កេរ្តិ៍ឈ្មោះ​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់។

មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​រូប​នេះ​ថា ចិន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ពង្រឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្ដូរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ និង​នៅ​គ្រប់​វិស័យ ដោយ​សំដៅ​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​កសាង​សហគមន៍​ចិន-កម្ពុជា​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ដែល​ភ្ជាប់​ជាមួយ​អនាគត​រួម​នៅ​ក្នុង​យុគសម័យ​ថ្មី​ដើម្បី​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក ស៊ី ជីនពីង (Xi Jinping) ថា ចិន​និង​កម្ពុជា គឺជា​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម ខណៈ​គណៈកម្មាធិការ​មជ្ឈិម​នៃ​គណបក្ស​កុម្មុយនីស្ដ​ចិន បាន​ផ្សារភ្ជាប់​យ៉ាង​មាន​សារសំខាន់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​មិត្តភាព​ជាមួយ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​សភា​សង្គម​ស៊ីវិល​នៃ​សហព័ន្ធ​រុស្ស៊ី ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​ហៅ​កាត់​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ថា​ធ្វើឡើង​ប្រកប​ដោយ​សុវត្ថិភាព ឯករាជ្យ​មិន​លម្អៀង មាន​វិជ្ជាជីវៈ តម្លាភាព ស្រប​តាម​ស្តង់ដារ​អន្តរជាតិ បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លើស​ពី​នេះ សភា​សង្គម​ស៊ីវិល​នៃ​ប្រទេស​កុម្មុយនីស្ត​ថា​នៅ​ថ្ងៃ​បោះឆ្នោត ខ្លួន​មិន​ឃើញ​មាន​អំពើ​ហិង្សា ឬ​បណ្តឹង​តវ៉ា​ពី​អ្នក​បោះឆ្នោត បេក្ខជន​គណបក្ស​នយោបាយ ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ ឬ​អ្នក​សារព័ត៌មាន​ណា​មួយ​ឡើយ ខណៈ​សកម្មភាព​បង្ខិតបង្ខំ គំរាមកំហែង ឬ​ទិញ​សន្លឹកឆ្នោត​ក៏​មិន​មាន​ដែរ។

ការ​ចេញ​លិខិត​អបអរ​សាទរ​លោក ហ៊ុន សែន ពី​សំណាក់​ប្រធានាធិបតី​ចិន និង​ការ​ការពារ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ពី​សំណាក់​សភា​សង្គម​ស៊ីវិល​នៃ​សហព័ន្ធ​រុស្ស៊ី ធ្វើឡើង​ខណៈ​សហរដ្ឋ​អាមេរិក​បង្ហាញ​ការ​សោកស្ដាយ និង​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ថា​មិន​សេរី និង​គ្មាន​យុត្តិធម៌។

មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា មិន​សេរី និង​គ្មាន​យុត្តិធម៌ ដោយសារ​នៅ​មុន​ការ​បោះឆ្នោត អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​គំរាមកំហែង និង​យាយី​ជា​បន្តបន្ទាប់​ទៅ​លើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដែល​ជា​ការ​បំផ្លាញ​ដល់​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា។ សកម្មភាព​ទាំងនេះ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សំឡេង និង​ជម្រើស​ក្នុង​ការ​កំណត់​អនាគត​នៃ​ប្រទេស​របស់​ពួកគេ​បាន​នោះ​ទេ។

លើស​ពី​នេះ អាជ្ញាធរ​កម្ពុជា​កំណត់​មុខសញ្ញា​មនុស្ស​ជិត ៤០​នាក់​ដែល​គូស​ខ្វែង​សន្លឹកឆ្នោត ហើយ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​ថា គូស​ខ្វែង​សន្លឹកឆ្នោត​ចោល។

ឆ្លើយតប​នឹង​ទង្វើ​របស់​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​រឹតត្បិត​ទិដ្ឋាការ ឬ​វីសា​លើ​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ផ្អាក​ជំនួយ​មួយ​ចំនួន​ដល់​កម្ពុជា​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស