29 C
Phnom Penh

លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត នឹង​បន្ត​ចុះ​សួរ​សុខទុក្ខ​កម្មករ​ជំនួស​រូបលោក​សម្រាប់​អាណត្តិ​ទី​៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន សម្ដែង​ការ​សោកស្តាយ​ដែល​លោក​មិន​បាន​ចុះ​សួរ​សុខទុក្ខ​កម្មករ​តាម​រោងចក្រ​ដូច​ការ​សន្យា​នៅ​មុន​ការ​បោះឆ្នោត ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​លោក ហ៊ុន ម៉ាណែត ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ នឹង​ចុះ​សួរ​សុខទុក្ខ​កម្មករ​ទាំងនោះ​ជំនួស​លោក​វិញ។

មេដឹកនាំ​ដែល​ទើប​នឹង​ឈ្នះ​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​លោក ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា នេះ​ថា លោក​ធ្លាប់​បាន​សន្យា​ថា​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​ចំនួន ១០​ទីតាំង​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត ប៉ុន្តែ​ដោយសារតែ​កត្តា​ពេលវេលា​ក្នុង​ការ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ទើប​ត្រូវ​អាក់ខាន​មិន​បាន​ចុះ​សួរ​សុខទុក្ខ​តាម​ការ​សន្យា​បែប​នេះ។

បុរស​ខ្លាំង​រូប​នេះ​បញ្ជាក់​ថា ពិត​មែន​តែ​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី​ថ្មី ប៉ុន្តែ​លោក​មិន​ទៅ​ណា​ទេ ហើយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នេះ លោក​នឹង​បកស្រាយ​ឱ្យ​អស់​សេចក្តី​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​ពេល​នេះ​លោក​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​ទេ ព្រោះ​ដំណាក់កាល​នេះ​លោក​គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថ្មី និង​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត កំពុង​ដំណើរការ​បន្ទាប់ពី​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ថា ការ​បោះឆ្នោត​អាណត្តិ​នេះ គឺ​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ២​នាក់ គឺ​រូបលោក​ផង និង​លោក ហ៊ុន ម៉ាណែត ផង ហើយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ភ្លាមៗ​ដែរ​ក្រោយ​ការ​បោះឆ្នោត​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៥ កក្កដា នេះ​ថា រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​រំលោភ​ច្បាប់​ឆ្នាំ​២០២៣ នេះ កំពុង​បង្ក​វិនាសកម្ម​យ៉ាង​ធំធេង​ដល់​ផល​ប្រយោជន៍​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ទាំង EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បាត់បង់​ទាំងស្រុង ខណៈ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម នឹង​បន្ត​ឈរជើង​កាន់តែ​រឹងមាំ​តាមរយៈ​រដ្ឋាភិបាល​ខុស​ច្បាប់​ថ្មី​នេះ។

លោក គឹម សុខ លើកឡើង​ថា គ្រាន់តែ​ការ​បោះឆ្នោត​ក្លែងក្លាយ​បាន​បញ្ចប់​ភ្លាម សហរដ្ឋ​អាមេរិក​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ភ្លាម​ដែរ​ទាំង​ដែល​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​ផង​នោះ ដែល​នេះ​គឺ​មាន​ន័យ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​បន្ត​រំលោភ​ច្បាប់​ទៀត​នោះ ទណ្ឌកម្ម​ដូចជា​ការ​បិទ​ទិដ្ឋាការ​ប្រាកដ​ជា​នឹង​ដាក់​ចំ​មុខ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​តែម្តង។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP សហរដ្ឋ​អាមេរិក​ត្រូវ​បាន​កាត់​ផ្តាច់ ព្រមទាំង​ការ​ដាក់​បម្រាម​របស់​សហរដ្ឋ​អាមេរិក​មិន​ឱ្យ​ប្រទេស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា បន្ត​ការ​រកស៊ី​ជាមួយ​កម្ពុជា​ទៅ​មុខ​ទៀត​ដែល​នឹង​អាច​កើតមាន​ឡើង។ ដោយសារតែ​រដ្ឋាភិបាល​ខុស​ច្បាប់​នេះ នោះ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​កម្មករ​នឹង​ត្រូវ​បាត់បង់​ធ្ងន់ធ្ងរ ដូចជា​ភាព​អត់​ការងារ​ធ្វើ​នឹង​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​ជាមិនខាន។

ចំណែក​អតីត​នៃ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​បោះឆ្នោត​ក្លែងក្លាយ​ឆ្នាំ​២០២៣ នឹង​បង្កើត​ចេញ​នូវ​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​ថ្មី​មួយ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី និង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​ថ្មី​នេះ គឺ​ត្រូវ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ដដែល ដូច្នេះ​គឺ​មាន​ន័យ​ថា កម្ពុជា​ផ្លាស់ប្ដូរ​តែ​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ប៉ុណ្ណោះ តែ​ការ​ដឹកនាំ​គឺ​នៅ​ដដែល។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​នាយករដ្ឋមន្ត្រី​ដែល​ធ្វើ​ការ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​ធានា​នូវ​ប្រជាធិបតេយ្យ លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ពលរដ្ឋ​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស