កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺអ្នកស្រី ផែថោងថាន និយាយថា ឪពុករបស់អ្នកស្រីនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ដនមឿង នៅថ្ងៃទី១០ ខែសីហា។
បើយោងតាមសារព័ត៌មាន The Nation ដែលស្រង់សម្ដីអ្នកស្រី ផែថោងថាន អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហា នៅវេលាម៉ោង ៩ និង ៣០នាទី។
លោក ថាក់ស៊ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ពេលលោកត្រូវបានគេទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ សព្វថ្ងៃ លោក ថាក់ស៊ីន កំពុងរស់នៅដោយនិរទេសក្រោយភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីគេចវេះពីការជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយកាលពីឆ្នាំ២០០៨។ តាមដំណឹងមកថា លោក ថាក់ស៊ីន កំពុងស្ថិតនៅទីក្រុងហុងកុង។
ខណៈដែលដំណឹងកំពុងតែចុះផ្សាយព្រោងព្រាតអំពីគម្រោងវិលមកវិញរបស់លោក ថាក់ស៊ីន សមត្ថកិច្ចប៉ូលិសក្រុងបាងកក កំពុងត្រៀមដើម្បីចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីនេះទៅអនុវត្តទោសនៅក្នុងពន្ធនាគារ ប្រសិនបើលោកមិនទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
ឧត្តមសេនីយ៍ Montri Pancharoen ដែលទទួលបន្ទុកត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិ ដនមឿង បាននិយាយថា ប៉ូលិសអន្តោប្រវេសន៍មិនដឹងពីកាលបរិច្ឆេទជាក់លាក់ណាមួយដែលលោក ថាក់ស៊ីន នឹងមកដល់នោះទេ។ លោកបាននិយាយថា មិនទាន់ត្រូវបានបញ្ជាក់ថា តើលោក ថាក់ស៊ីន នឹងមកដល់ព្រលានយន្តហោះសុវណ្ណភូមិ ឬ ដនមឿង នៅថ្ងៃណានោះទេ។
យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការិយាល័យរបស់លោកបានរៀបចំផែនការរួចហើយជាមួយប៉ូលិសក្រុង ថាតើត្រូវធ្វើយ៉ាងណានៅពេលលោក ថាក់ស៊ីន មកដល់។
តាមឧត្តមសេនីយ៍រូបនេះ ការិយាល័យអន្តោប្រវេសន៍បានសម្របសម្រួលជាមួយប៉ូលិសក្រុងរួចហើយលើគោលការណ៍ណែនាំក្នុងការត្រួតពិនិត្យបុគ្គលដែលចូលប្រទេស។
លោកបញ្ជាក់ថា ភារកិច្ចចម្បងរបស់មន្ត្រីអន្តោប្រវេសន៍ គឺត្រួតពិនិត្យលិខិតឆ្លងដែននៅពេលដែលលោក ថាក់ស៊ីន ធ្វើដំណើរចូលមកដល់ប្រទេសថៃ ប្រសិនបើមានដីកា ឬលោក ថាក់ស៊ីន ជាជនពាក់ព័ន្ធក្នុងសំណុំរឿង លោកនឹងត្រូវឃុំខ្លួន ហើយនឹងប្រគល់ឱ្យប៉ូលិសពន្ធនាគារ។
ចំណែកឧត្តមសេនីយ៍ Chokchai Ngamwong ស្នងការរងប៉ូលិសក្រុងបាងកក បាននិយាយថា ប៉ូលិសមិនទាន់មានព័ត៌មានផ្លូវការអំពីកាលបរិច្ឆេទពិតប្រាកដថាលោក ថាក់ស៊ីន នឹងត្រឡប់មកវិញ ឬព្រលានយន្តហោះណាដែលលោកនឹងមកដល់នោះទេ។
លោកបាននិយាយថា ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោងធ្វើការ លោកនឹងត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគាត់មកដល់ក្រៅពីម៉ោងធ្វើការ លោកនឹងត្រូវនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងពិសេស ហើយបញ្ជូនទៅតុលាការនៅពេលក្រោយ ប៉ុន្តែបើសិនចាំបាច់ គាត់នឹងត្រូវបញ្ជូនទៅពន្ធនាគារនៅបាងកក។
ចំណែកឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះ Wissanu Krea-ngam និយាយថា លោក ថាក់ស៊ីន អាចមិនបានត្រូវចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ លុះត្រាតែលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ បើតាមលោក Wissanu លោក ថាក់ស៊ីន ប្រឈមនឹងការអនុវត្តទោសជាង ១០ឆ្នាំ។
បើលោក ថាក់ស៊ីន វិលចូលប្រទេសថៃវិញនៅថ្ងៃទី១០ សីហា ដូចការប្រកាសរបស់កូនស្រីលោក គឺជាការបិទបញ្ចប់ភាពនិរទេសខ្លួនរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះនៅក្រៅប្រទេសរយៈពេល ១៥ឆ្នាំ។
ផែនការវិលត្រឡប់ចូលស្រុកវិញរបស់អតីតនាយករដ្ឋមន្ត្រីថៃ ចំពេលដែលគណបក្សភឿថៃ កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា។ អ្នកស្រី ផែថោងថាន ក៏ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីសរុប ៣នាក់របស់គណបក្សភឿថៃ។
ក្រុមអ្នកតាមដាននយោបាយនៅរាជាណាចក្រថៃ ព្រមានថា បើមិនមានការសម្របសម្រួលឈានដល់ការលើកលែងទោស ហើយលោក ថាក់ស៊ីន បែរជាមកដល់ក្រុងបាងកក ដូចការគ្រោងទុក គឺការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីរូបនេះអាចនឹងកើតមាន។
ករណីនេះនឹងនាំទៅរកការរំជើបរំជួលនយោបាយជាខ្លាំង នៅពេលក្រុងបាងកកដែលកំពុងតែធ្លាក់ក្នុងការរំជើបរំជួលនយោបាយទៅហើយករណីមេដឹកនាំចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លឹមចារឿនរ៉ាត់ ជាអ្នកនយោបាយដ៏មានប្រជាប្រិយត្រូវបានតុលាការធម្មនុញ្ញព្យួរសមាជិកសភារបស់លោក ខណៈអ្នកនយោបាយវ័យ ៤២ឆ្នាំរូបនេះបរាជ័យការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃទី៣០៕