អ្នកឧកញ៉ាវ័យក្មេងដែលល្បីល្បាញខាងការលក់ផ្ទះល្វែង បុរី និងដីខ្យល់ ឡេង ណាវ៉ាត្រា សម្រេចលុបសំណេរដែលខ្លួនបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាមៗ បន្ទាប់ពីឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ និងជាក្រុមមេធាវី HNS Law Group អ្នកស្រី នឹម វណ្ណៈ ព្រមានចាត់វិធានការតាមផ្លូវច្បាប់។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អ្នកស្រីឧកញ៉ា នឹម វណ្ណៈ ដែលគេស្គាល់ថាជាក្រុមមេធាវី HNS Law Group និងជាម្ចាស់ក្រុមហ៊ុនយ៉ាងច្រើននៅកម្ពុជា បានចេញលិខិតមួយព្រមានឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា លុបរាល់សំណេរទាំងអស់ដែលគាត់បានសរសេរសំដៅមកកាន់ខ្លួន សូម្បីតែការចែករំលែក (Share) ណាមួយក៏ដោយក្នុងរយៈពេល ១២ម៉ោង ដើម្បីកុំឱ្យមហាជនមានការភាន់ច្រឡំមកលើអ្នកស្រី។
អ្នកស្រី នឹម វណ្ណៈ ជាកូនស្រីបង្កើតរបស់លោក នឹម ចាន់តារា និងអ្នកស្រី ហ៊ុន ស៊ីណាត ជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន បុរសខ្លាំងដែលល្បីខាងក្រាញអំណាចតត្រកូលផ្ដាច់ការនៅកម្ពុជា។
អ្នកស្រី នឹម វណ្ណៈ បានរៀបរាប់នៅក្នុងលិខិតនោះថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានថតផ្ទាំងសំណេររបស់អ្នកស្រីទៅបង្ហោះកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ បន្ទាប់ពីអ្នកស្រីបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា ក្នុងការបង្ហោះនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរបំផ្លើសទម្លាក់កំហុស និងចោទប្រកាន់ដោយគ្មានមូលដ្ឋានថា សំណេររបស់អ្នកស្រីបានសំដៅទៅលើរូបគាត់ ខណៈសំណេរនោះមិនបានបញ្ជាក់ឈ្មោះឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ គ្រាន់តែមានពាក្យថា «ឧកញ៉ាៗដែលបានសាងសង់បុរីនានា» តែប៉ុណ្ណោះ។
ឧកញ៉ា នឹម វណ្ណៈ លើកជាសំណួរថា នៅកម្ពុជាមានឧកញ៉ាជាង ១៣០០នាក់ ហើយក៏មានឧកញ៉ាជាច្រើនដែរដែលបានវិនិយោគលើអចលនទ្រព្យ ដូចជាការសាងសង់បុរី ជាដើម ហេតុអ្វីពួកគេមិនមានប្រតិកម្មលើសំណេររបស់អ្នកស្រី តែបែរជាមានតែឧកញ៉ា ឡេង ណាវ៉ាត្រា តែម្នាក់ដែលស្កៀបរមាស់នឹងសំណេរនេះទៅវិញ ឬមកពីឧកញ៉ារូបនេះពិតជាបានកិបកេងកម្លាំងញើសឈាមពលរដ្ឋ និងបានកាប់បំផ្លាញព្រៃឈើដូចអ្នកស្រីបានលើកឡើងក្នុងសំណេរនោះមែន?
អ្នកស្រីបញ្ជាក់ថា សំណេររបស់អ្នកស្រីមិនបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ ប៉ុន្តែការយកសំណេររបស់អ្នកស្រីទៅបង្ហោះ និងចែករំលែកបន្តរបស់ឧកញ៉ារូបនេះទៅវិញទេដែលធ្វើឱ្យមានការវាយប្រហារ និងបង្កើតជាការញុះញង់មកលើអ្នកស្រី ព្រោះថាក្នុងនោះក៏មានបុគ្គលិករបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើននាក់ដែរដែលបានប្រើពាក្យអសុរោះជេរប្រមាថមកលើអ្នកស្រី រហូតយករូបថតក្រុមគ្រួសាររបស់អ្នកស្រីមកបង្ហោះថែមទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់កិត្តិយសរបស់អ្នកស្រីយ៉ាងធ្ងន់ធ្ងរ។
ការព្រមានចាត់វិធានការច្បាប់លើឧកញ៉ា ឡេង ណាវ៉ាត្រា នេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា បានរិះគន់ និងបើកដៃឱ្យបុគ្គលិករបស់ខ្លួនជេរប្រមាថទៅលើឧកញ៉ា នឹម វណ្ណៈ យ៉ាងចាស់ដៃកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នឹម វណ្ណៈ បានបង្ហោះរូបថតដាំកូនឈើប្រមាណជិត ១០សន្លឹកដោយភ្ជាប់នឹងសំណេរថា «អ្នកខ្លះដាំដើមឈើមិនសូវចេះទេ តែជំនាញខាងកាប់បំផ្លាញទៅវិញ»។
សំណេរនោះបន្តថា «ឆ្នាំ២០២៣ ទៅហើយ សូមកុំធ្វើបាប និងបោកប្រាស់ពលរដ្ឋដែលគាត់ខំទុកចិត្ត និងបង់ថវិកាឱ្យឧកញ៉ាៗដែលបានសាងសង់បុរីនានាទៀតអី តែឧកញ៉ាៗទាំងនោះគួរតែដោះស្រាយបញ្ហាជូនពួកគាត់វិញទើបជារឿងល្អ»។
សំណេរខាងលើរៀបរាប់ថា «MMO អស់ប្រសិទ្ធភាពក្នុងការរួមកម្លាំងគ្នាហើយ ដូច្នេះទោះដាក់ប៉ុន្មានលាននាក់មក Comment ក៏កាន់តែខ្មាសគេដែរ ប៉ុន្តែវិធីល្អ គឺមានតែដោះស្រាយបញ្ហាជូនពលរដ្ឋប៉ុណ្ណោះ ទើបអាចមានសង្ឃឹមស្ដារកិត្តិយសមកវិញខ្លះ បើមិនដូច្នេះទេ នោះអំពើទុច្ចរិតនានារបស់ឧកញ៉ាមួយចំនួនក៏កំពុងតែកំណត់ជោគវាសនារបស់ឧកញ៉ាៗទាំងនោះដែរ»។
បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នឹម វណ្ណៈ បង្ហោះបានតែប៉ុន្មានម៉ោង ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត្រា ថតស្គ្រីនយកសំណេរនោះមកបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយរៀបរាប់នូវពាក្យសម្ដីជាច្រើនដែលខ្លួនធ្លាប់ត្រូវមហាជនរិះគន់កន្លងមកជុំវិញការមិនអនុវត្តតាមកិច្ចសន្យាក្នុងការប្រគល់ផ្ទះល្វែង បុរី និងដី ដែលអតិថិជនបានទិញអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។
ជាងនេះទៀត ឧកញ៉ា ឡេង ណាវ៉ាត្រា បានបដិសេធថា ការចោទថារូបលោកបានកាប់បំផ្លាញព្រៃឈើនោះ គឺមិនមែនជាការលើកឡើងដោយត្រឹមត្រូវនោះដែរ។
ភាពរអៀសខ្លួនរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ហាក់ត្រូវនឹងសុភាសិតបុរាណខ្មែរមួយពោលថា គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ ព្រោះថាក្នុងពេលចុងក្រោយនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានញាំញីទៅដោយរឿងអាស្រូវជាច្រើនទាំងការកាប់បំផ្លាញព្រៃឈើនៅឧទ្យានភ្នំតាម៉ៅ និងការរំលោភកិច្ចសន្យាមិនប្រគល់ផ្ទះល្វែង បុរី និងដីជូនអតិថិជន ជាដើម ដែលនាំឱ្យមានការតវ៉ា និងការរិះគន់ពីអតិថិជនដែលទិញបុរី ផ្ទះល្វែង និងដីពីក្រុមហ៊ុនរបស់លោកជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ និងភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែបន្តនាំគ្នាទាមទារនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគេ ព្រមទាំងបើកប្រាក់កម្រៃជើងសាតាមកិច្ចសន្យាដល់បុគ្គលិកផ្នែកលក់ផងដែរ ទោះឧកញ៉ារូបនេះធ្លាប់អះអាងថា ខ្លួនបានដោះស្រាយបញ្ហាទាំងនោះហើយក៏ដោយ។
លោក ឡេង ណាវ៉ាត្រា ដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដាក់ងារឱ្យថាជា «ឧកញ៉ាស្ទើរភ្លើង ឬឧកញ៉ាសេះហោះ» កំពុងរងនូវការចោទប្រកាន់ពាក់ព័ន្ធនឹងករណីខុសច្បាប់ជាច្រើន ដូចជាការលាងលុយកខ្វក់ឱ្យគ្រួសារត្រកូលហ៊ុន ការកាប់បំផ្លាញព្រៃឈើនៅឧទ្យានភ្នំតាម៉ៅ លក់ផ្ទះល្វែង បុរី និងលក់ដីខ្យល់ឱ្យអតិថិជន ជាដើម ដែលជាហេតុធ្វើឱ្យគាត់រអៀសខ្លួននៅពេលដែលមានការលើកឡើងណាមួយដែលពាក់ព័ន្ធនឹងករណីខាងលើនេះ៕

