តុលាការក្រោមបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួនពលរដ្ឋ ២នាក់យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស បន្ទាប់ពីពួកគេបាននិយាយរិះគន់លោក ហ៊ុន ម៉ាណែត ដែលនឹងធ្វើជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុកនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង ពៅ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា ការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រីម្នាក់ឈ្មោះ ឌី សូរនាត យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមហេតុផលថា ស្ត្រីវ័យ ៣៩ឆ្នាំរូបនេះនិយាយប៉ះពាល់ដល់លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីបន្តវេនពីលោក ហ៊ុន សែន នាខែសីហា នេះ។
ការបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីឈ្មោះ ឌី សូរនាត ធ្វើឡើងទោះបីជាឪពុកម្តាយរបស់ស្ត្រីរូបនោះបានចេញវីដេអូសូមអភ័យទោសពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងបានសន្យាថានឹងប្រដៅកូនមិនឲ្យនិយាយប៉ះពាល់ដល់កិត្តិយសរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បន្តទៀតក៏ដោយ។
បើតាមឪពុកម្តាយរបស់កញ្ញា ឌី សូរនាត បញ្ជាក់ថា កូនស្រីរបស់គាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងររយៈពេល ២ឆ្នាំមកហើយ។ ជាងនេះទៀត នាងមិនដែលរស់នៅចុះសម្រុងជាមួយឪពុកម្តាយនោះឡើយ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីម្នាក់ឈ្មោះ ឌី សូរនាត រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហោះវីដេអូលើបណ្ដាញសង្គម Tik Tok ដោយអះអាងខ្លួនជាព្រះម៉ែគង្គា និងជាអ្នកបង្កើតលោក ហ៊ុន ម៉ាណែត មកលើផែនដីនេះដើម្បីឱ្យធ្វើអំពើល្អ។
ស្ត្រីដែលមានស្មារតីមិនប្រក្រតីរូបនេះអះអាងថា កន្លងមកលោក ហ៊ុន ម៉ាណែត បានប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់ ប៉ុន្តែបើនៅតែប្រព្រឹត្តអំពើអាក្រក់ទៀត រូបនាងនឹងយកលោក ហ៊ុន ម៉ាណែត ទៅដុតជាមួយពពួកបិសាចមិនឱ្យមករស់នៅឋានមនុស្សទៀតទេ។
ក្រៅពីកញ្ញា ឌី សូរនាត នេះ នៅថ្ងៃទី០១ ខែសីហា ដដែល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង ពៅ បង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនយុវជនម្នាក់ទៀតឈ្មោះ ភី អ៊ួក នៅពន្ធនាគារដែរ។
ការបង្គាប់ឲ្យឃុំខ្លួននេះ ដោយតុលាការថាយុវជនវ័យ ៣០ឆ្នាំរូបនេះបានកាត់តរូប និងសំឡេងរបស់លោក ហ៊ុន សែន ខុសពីការពិត នាំឲ្យមានយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋទាំង ២នាក់ ត្រូវបានតុលាការក្រោមបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» បន្ទាប់ពីពួកគេនិយាយប៉ះពាល់ដល់លោក ហ៊ុន សែន និងប៉ះពាល់លោក ហ៊ុន ម៉ាណែត។
ការបញ្ជាទៅសមត្ថកិច្ចឲ្យចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិ និងរិះគន់ដាក់ពន្ធនាគារភ្លាមៗ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន កំពុងរៀបចំផ្ទេរតំណែងឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន ដែលជាឪពុកបានកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ហៅការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារដែលគ្រាន់តែពួកគេរិះគន់លើលោក ហ៊ុន ម៉ាណែត ដែលកំពុងត្រៀមឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ថាពិតជាមានចរិតផ្ដាច់ការមិនខុសពីឪពុកនោះឡើយ៕