អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ និងសូមឱ្យទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បន្តរឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជាទៅថ្ងៃអនាគត។
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trung) បានចេញលិខិតអបអរសាទរមួយទៅកាន់លោក ហ៊ុន សែន ក្នុងនាមជាសមមិត្តរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកក្កដា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ សីហា នេះថា «ជាមួយស្មារតីសមមិត្តដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរហូតមក លោកសូមផ្តល់ជូននូវមនោសញ្ចេតនាដ៏ជិតស្និទ្ធជាទីបំផុតចំពោះកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន រយៈពេលកន្លងមក»។
មន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនីស្តវៀតណាមរូបនេះលើកឡើងថា លោកជឿជាក់ថា ការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាជនកម្ពុជា រដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានបង្កើតឡើងក្នុងពេលដ៏ឆាប់ ហើយបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀតក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាក្នុងសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពទៅថ្ងៃមុខ។
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង បញ្ជាក់ថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា និងធ្វើអស់ពីកម្លាំងកាយចិត្តជាមួយកម្ពុជា ដើម្បីថែរក្សា ពូនជ្រំ និងផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយនូវទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ក្រោយការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដា បានបញ្ចប់ បក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ប៉ុន្តែប្រទេសសេរីប្រជាធិបតេយ្យជាច្រើន ដូចជាអាល្លឺម៉ង់ បារាំង អង់គ្លេស និងអូស្ត្រាលី ជាដើម បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ដោយពួកគេចាត់ទុកថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយគ្មានវត្តមានគណបក្សប្រឆាំង ដែលធ្វើឱ្យប៉ះពាល់ដល់ពហុនិយមនៃដំណើរការនៃការបោះឆ្នោតនេះ ខណៈសហរដ្ឋអាមេរិកក៏បានចេញមុខប្រកាសដាក់ទណ្ឌកម្មលើកម្ពុជាផងដែរ។
ទាក់ទិននឹងការបោះឆ្នោតជាតិនៅកម្ពុជា ឆ្នាំ២០២៣ នេះ សារព័ត៌មានបរទេសដែលមានឈ្មោះថា NIKEI ASIA បានចុះផ្សាយកាលពីថ្ងៃទី២៦ កក្កដា ថា ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺជាដំណើរការមួយដែលនៅឆ្ងាយពីលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំង ដោយសារតែបក្សប្រឆាំងដ៏ធំបំផុតត្រូវបានដកហូតសិទ្ធិមិនឱ្យចូលរួម ដូច្នេះដំណើរការទាំងមូលជុំវិញការបោះឆ្នោតនេះ គ្មានអ្វីក្រៅពីការរំលោភអំណាចដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះឡើយ។
ចំណែកឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា ច្បាប់ និងគោលនយោបាយនានាជុំវិញការបោះឆ្នោតនេះ បានរឹតបន្តឹង រារាំងដល់ការចុះឈ្មោះរបស់គណបក្សនយោបាយ និងបេក្ខជននយោបាយយ៉ាងធ្ងន់ធ្ងរ ខណៈគណបក្សប្រឆាំង សហជីព អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរងនូវការគំរាមកំហែង បំភិតបំភ័យផងដែរ។
លោកបន្តថា ប្រទេសកម្ពុជាកំពុងធ្លាក់ចុះលំហប្រជាធិបតេយ្យយ៉ាងគំហុកនៅពេលនេះ ដែលនាំទៅដល់ការបំផ្លាញសេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈរបស់ពលរដ្ឋកាន់តែខ្លាំង ព្រោះថាភស្តុតាងជាក់ស្តែង គឺគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងប្រឈមមុខនឹងការរឹតបន្តឹង និងការសងសឹកគ្រប់បែបយ៉ាង ដែលគេមើលឃើញថាជាការរារាំងនូវការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានដែលជាកត្តាចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕