29 C
Phnom Penh

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ថា​ការ​ដុត​ទីស្នាក់ការ​បរិស្ថាន​ដោយសារ​មន្ត្រី​អនុវត្ត​ច្បាប់​តែ​លើ​ពលរដ្ឋ​ក្រីក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ ស្ថិត​ស្រុក​អូរគ្រៀងសែនជ័យ ខេត្ត​ក្រចេះ ប្រមូលផ្ដុំ​គ្នា​តវ៉ា និង​បាន​ដុត​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​ចោល ដោយសារ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ​ដែល​គ្រាន់តែ​កាប់​ឈើ​ធ្វើ​របង និង​រោង​បាយ ប៉ុន្តែ​បែរ​ជា​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​សេរី​ទៅវិញ។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ដែល​ចុះ​ដុត​ទីស្នាក់ការ​បរិស្ថាន​ចោល មកពី ៣​ភូមិ​នៃ​ឃុំ​ស្រែជិះ ស្រុក​អូរគ្រៀងសែនជ័យ ខេត្ត​ក្រចេះ។

ប្រភព​ដដែល​ថា​ការ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ចុះ​ដុត​ទីតាំង​មន្ត្រី​បរិស្ថាន​នា​ថ្ងៃ​នោះ ដោយសារ​ក្រុម​មន្ត្រី​ទាំងនោះ​បាន​ចុះ​ចាប់​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ដែល​ពួកគេ​កំពុង​អារ​ឈើ​ធ្វើ​រោង​ដាំបាយ និង​របង​ស្រែ។

ប្រជាពលរដ្ឋ​អះអាង​ថា ការ​ដុត​ទីស្នាក់ការ​នេះ​ដោយសារ​ក្រុម​មន្ត្រី​បរិស្ថាន​ទាំងនោះ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ គំរាមកំហែង និង​ទាមទារ​ឲ្យ​បង់​ប្រាក់​ជាច្រើន នៅ​ពេល​ដែល​ពួកគេ​ទៅ​ព្រៃ​កាប់​ឈើ​យក​មក​ធ្វើ​រោង​បាយ ក្រោលគោ ឬ​ធ្វើ​របង​ព័ទ្ធ​ដីចម្ការ​ស្រែ។ ចំណែកឯ​ក្រុម​ឈ្មួញ​រកស៊ី​កាប់​ឈើ​វិញ ក្រុម​មន្ត្រី​បរិស្ថាន​ទាំងនោះ​មិន​បាន​ចាត់​វិធានការ​ច្បាប់​លើ​ពួកគេ​ឡើយ ដោយ​យក​ច្បាប់​នេះ​មក​អនុវត្ត​តែ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​ដែល​ពួកគាត់​មិន​មែន​ជា​អ្នក​កាប់​បំផ្លាញ ឬ​រកស៊ី​ឈើ​ឡើយ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​រហូត​ឈាន​ទៅ​ដល់​ដុត​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​ចោល​បែប​នេះ។

លោក ឆាយ ដួងសាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​នេះ​កើត​ចេញពី​ពលរដ្ឋ​ទាំងនោះ​ខឹងសម្បា​នឹង​មន្ត្រី​បរិស្ថាន​បាន​បង្ក្រាប​ចាប់​ម៉ាស៊ីន​រណា​យន្ត​ស្ទីល​០៧០ ចំនួន ១​គ្រឿង និង​កាំបិត ១​ដើម ដែល​បុគ្គល​ម្នាក់​ទៅ​អារ​ឈើ​ក្នុង​តំបន់​ការពារ​កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣។

ប្រធាន​មន្ទីរ​ដដែល​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ទាំងនោះ​បាន​ដុត​បំផ្លាញ​ខូចខាត​អស់​ទីស្នាក់ការ​បរិស្ថាន​ចំនួន ១​ខ្នង​ឆេះ​អស់​ទាំងស្រុង រោង​ស្នាក់នៅ​ឆេះ​អស់​ទាំងស្រុង និង​ឈើ​ជា​វត្ថុតាង​ដែល​បង្ក្រាប​បាន​កន្លង​មក ត្រូវ​បាន​ពួកគាត់​ដុត​បំផ្លាញ​ចោល​អស់​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស