សមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ក្រោយពីមានករណីប្រើហិង្សាទៅលើពលរដ្ឋ។
សមត្ថកិច្ចបានឈានទៅដល់ការចាប់ខ្លួនអ្នកឧកញ៉ា និងអង្គរក្សចំនួន ១៣នាក់ បន្ទាប់ពីអ្នកឧកញ៉ារូបនេះទាមទារឲ្យពលរដ្ឋដែលទិញអចលនទ្រព្យរបស់លោក ត្រូវបង់ប្រាក់ឲ្យគ្រប់ចំនួនដោយមិនត្រូវបង់ ១៥០ដុល្លារមកក្រុមហ៊ុនទៀតឡើយចាប់ពីថ្ងៃទី១៧ ខែសីហា តទៅ។
ការទាមទារប្រាក់បន្ថែមពីសំណាក់អ្នកឧកញ៉ា ហ៊ី គឹមហុង បានធ្វើឲ្យពលរដ្ឋជាច្រើននាក់ផ្ទុះការតវ៉ា និងបាននាំគ្នាសម្រុកទៅរកអ្នកឧកញ៉ារូបនេះដើម្បីទាមទារឲ្យសងប្រាក់ដល់ពួកគេវិញ។
ក្រុមប្រជាពលរដ្ឋអះអាងថា ប្រាក់ដែលពួកគាត់យកទៅទិញអចលនទ្រព្យ និងវិនិយោគជាមួយអ្នកឧកញ៉ា ហ៊ី គឹមហុង នោះ វាគឺជាកម្លាំងញើសឈាមរបស់ពួកគាត់។ ពួកគេអះអាងថា អ្នកឧកញ៉ារូបនេះមិនគោរពតាមកិច្ចសន្យារបស់ខ្លួន ដោយឆបោកប្រាក់របស់ពួកគេ ហើយបែរជាមកទាមទារប្រាក់បន្ថែម និងបានដាក់លក្ខខណ្ឌលើពួកគាត់ថែមទៀត។
តែយ៉ាងណា អ្នកឧកញ៉ា ហ៊ី គឹមហុង និងអង្គរក្សចំនួន ១៣នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនភ្លាមៗ និងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃអង្គារ ទី៨ សីហា នេះ។
អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនអ្នកឧកញ៉ា និងអង្គរក្សទាំង ១៣នាក់ករណីឆបោក និងការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសំអាតប្រាក់ជាដើមមកកាន់តុលាការក្រុងភ្នំពេញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily ដោយស្នើទៅសមត្ថកិច្ចឲ្យអនុវត្តច្បាប់ទៅលើឧកញ៉ាផ្សេងទៀត ដើម្បីបង្ហាញពីតម្លាភាព ដោយសារឧកញ៉ាដែលទទួលប្រាក់ពីពលរដ្ឋហើយមិនអនុវត្តតាមកិច្ចសន្យា មិនមែនមានតែឧកញ៉ា ហ៊ី គឹមហុង នោះទេ។
លោកបន្តថា បើសមត្ថកិច្ចអនុវត្តច្បាប់តែលើឧកញ៉ារូបនេះតែម្នាក់ ប៉ុន្តែមិនចាត់វិធានការច្បាប់លើឧកញ៉ាផ្សេងទៀតដែលកំពុងរំលោភកិច្ចសន្យាជាមួយពលរដ្ឋនោះ វាជាការអនុវត្តច្បាប់មានស្តង់ដារពីរ។
មួយវិញទៀត លោកថាវាក៏ជាការអនុញ្ញាតឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់រួចខ្លួន ដែលធ្វើឲ្យការអនុវត្តច្បាប់នៅកម្ពុជាគ្មានប្រសិទ្ធភាព និងមិនយុត្តិធម៌ឡើយ។
អ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត ចេញលិខិតកោះហៅឲ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី២៦ ខែមិថុនា ម្ដងរួចមកហើយ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ពលរដ្ឋចំនួន ៣២៣ករណី និងទឹកប្រាក់ដាក់វិនិយោគសរុបជាង ៦លានដុល្លារ។
ការចេញលិខិតកោះហៅអ្នកឧកញ៉ា និងឧកញ៉ាទាំងពីរឲ្យចូលបំភ្លឺនោះ បន្ទាប់ពីពលរដ្ឋជាង ៣០០គ្រួសាររស់នៅខេត្តកំពត បានដាក់ពាក្យប្ដឹងក្រុមហ៊ុន ពិភពដីមាស ដែលមិនប្រគល់ប្រាក់ភាគលាភប្រចាំខែដល់ពួកគេ ដែលពួកគេបានខ្ចីប្រាក់ពីធនាគារយកទៅធ្វើការវិនិយោគជាមួយក្រុមហ៊ុននេះ។
ក្នុងការដាក់ប្រាក់វិនិយោគទិញដីឡូត៍នោះ ដោយក្រុមហ៊ុនបានសន្យាជាមួយពលរដ្ឋថានឹងទទួលបានប្រាក់ភាគលាភចំនួន ៣% ឬ ៤% នៃទំហំទឹកប្រាក់ដាក់វិនិយោគត្រឡប់ទៅវិញជារៀងរាល់ខែ និងមានថេរវេលារយៈពេល ២ឆ្នាំ បន្ទាប់ពីចប់កុងត្រា ក្រុមហ៊ុននឹងទទួលទិញដីឡូត៍ទាំងនោះក្នុងតម្លៃដើមវិញ។ ប៉ុន្តែគិតមកដល់ពេលនេះ បើតាមក្រុមប្រជាពលរដ្ឋអះអាងថា អ្នកឧកញ៉ា ហ៊ី គឹមហុង មិនបានធ្វើទៅតាមកិច្ចសន្យារបស់ខ្លួនឡើយ។
លោក ហ៊ី គឹមហុង ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ បន្ទាប់ពីលោក ហ៊ុន សែន ទូលថ្វាយដើម្បីស្នើសុំពីព្រះអង្គ។
តែយ៉ាងណា ករណីអ្នកឧកញ៉ា និងឧកញ៉ារំលោភកិច្ចសន្យា មិនមែនមានតែអ្នកឧកញ៉ា ហ៊ី គឹមហុង នោះទេ ក្នុងនោះក៏មានឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែរ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចកម្ពុជានៅមិនទាន់ហ៊ានចាត់វិធានការច្បាប់លើឧកញ៉ារូបនេះនៅឡើយទេ បើទោះបីពលរដ្ឋបាននាំគ្នាតវ៉ា និងប្ដឹងរូបលោកពីបទរកស៊ីលក់ផ្ទះល្វែងខ្យល់ និងការបោកប្រាស់ទំនុកចិត្តរបស់ពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ក៏ដោយ៕