27 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​បី​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ​ទៅ​ថ្ងៃ​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​មួយ​រូប​អះអាង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ពូជ​អម្បូរ​របស់​គាត់ និង​ពូជ​អម្បូរ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ឱ្យ​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​ទាំង​បី​របស់​ជាតិ គឺ​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​ព្រឹទ្ធសភា និង​ស្ថាប័ន​រាជរដ្ឋាភិបាល។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ សីហា ថា មុន​នឹង​បើក​កិច្ចប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​រៀបចំ​បង្កើត​ក្បាលម៉ាស៊ីន​របស់​រដ្ឋសភា និង​ក្បាលម៉ាស៊ីន​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​រៀបចំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​ដែល​ជា​សេណារីយ៉ូ​របស់​គាត់​ឱ្យ​កាន់​តំណែង​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​យ៉ាង​តក់ក្រហល់ ដើម្បី​ទប់ស្កាត់​អំណាច​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន​ផ្សេង​ទៀត ក្នុង​បំណង​ធានា​នូវ​ការ​រក្សា​អំណាច​របស់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ឱ្យ​បាន​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

លោក អ៊ុំ សំអាន លើកឡើង​ថា ដើម្បី​ធានា​ភាព​រឹងមាំ​របស់​អំណាច​ត្រកូល​ហ៊ុន លោក ហ៊ុន សែន នៅ​ពេលនេះ​បាន​រៀបចំ​តំណែង​ប្រធាន​រដ្ឋសភា​ដែល​ត្រូវ​បាន​ទៅ​លើ​លោក ស ខេង តែ​ត្រូវ​បង្វែរ​ទៅ​ឱ្យ​អ្នកស្រី ឃួន សុដារី ដែល​ជា​មនុស្ស​ជំនិត​នឹង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន វិញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក ហ៊ុន សែន មិន​ទុកចិត្ត​លោក ស ខេង ទេ ត្បិត​តំណែង​ប្រធាន​រដ្ឋសភា​មាន​ឥទ្ធិពល​ណាស់​ដែល​អាច​កោះហៅ​នាយករដ្ឋមន្ត្រី​មក​ស្ដីបន្ទោស​តាមរយៈ​ញត្តិ​ស្ដីបន្ទោស​របស់​តំណាងរាស្ត្រ ឬ​អាច​ទម្លាក់​រដ្ឋាភិបាល ឬ​នាយករដ្ឋមន្ត្រី​នៅ​កណ្តាល​អាណត្តិ​បាន​ទៀត។ លោក​បន្ថែម​ថា ចំណែក​លោក ហ៊ុន សែន ខ្លួនឯង​នឹង​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា ស្រប​ពេល​ដែល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​កាន់កាប់​ស្ថាប័ន​រាជរដ្ឋាភិបាល​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ឱ្យ​បក្ខពួក​របស់​គាត់​ទៅ​កាន់​តំណែង​កំពូលៗ​ក្នុង​ស្ថាប័ន​សំខាន់ៗ​របស់​ជាតិ លោក ហ៊ុន សែន បាន​រៀបចំ​ឱ្យ​កូន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន​កាន់​តំណែង​សំខាន់ៗ​តាម​អង្គភាព និង​ស្ថាប័ន​នៃ​រដ្ឋាភិបាល​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​គ្រប់គ្រង​ផង​ដែរ ដូចជា៖

  • លោក ស សុខា កូនប្រុស​លោក ស ខេង កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
  • លោក ទៀ សីហា កូនប្រុស​លោក ទៀ បាញ់ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ
  • លោក ឌិត ទីណា កូនប្រុស​លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ
  • លោក ឆាយ រិទ្ធីសែន កូនប្រុស​លោក ឆាយ ថន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ
  • អ្នកស្រី ចម និម្មល កូនស្រី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
  • លោក ហែម វណ្ណឌី កូនប្រសា​លោក ប្រាក់ សុខុន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម
  • លោក ប៊ិន ត្រឈៃ កូនប្រុស​លោក ប៊ិន ឈិន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនការ
  • លោក ជា សុមេធី កូនប្រុស​ពៅ​របស់​លោក ជា ស៊ីម កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច
  • លោក សាយ សំអាល់ កូនប្រុស​របស់​លោក សាយ ឈុំ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី
  • លោក អ៊ាង ផល្លែត កូនប្រសា​របស់​លោក ជា សុផារ៉ា កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន
  • លោក សុខ សូកេន កូនប្រុស​របស់​លោក សុខ អាន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
  • លោក ប៉េង ពោធិ៍នា កូនប្រុស​របស់​អ្នកស្រី ម៉ែន សំអន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន
  • លោក កែវ រតនៈ ក្មួយប្រុស​របស់​លោក ស៊ុយ សែម កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល
  • លោក នេត សាវឿន ក្មួយប្រសា​លោក ហ៊ុន សែន កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី
  • លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ
  • លោក នេត្រ ភក្ដ្រា ប្អូន​ជីដូនមួយ​របស់​លោក នេត សាវឿន កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជាដើម ហើយ​ពួកគេ​ក៏​បាន​រៀបចំ​ពូជ​អម្បូរ​ខ្លួនឯង​ឱ្យ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​ថ្នាក់​មូលដ្ឋាន​បន្ត​ទៀត​ដូច​គ្នា​ដែរ។

កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៣ អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​បន្ទាប់ពី​លោក ហ៊ុន សែន ត្រួតត្រា​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​អស់​រយៈពេល ៣៨​ឆ្នាំ និង​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់​ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ឪពុក ទាំង​កូន​នៃ​វង្ស​ត្រកូល​មួយ​នេះ ចាប់ផ្តើម​ទាញ​ប្រទេស​កម្ពុជា​ទៅ​គ្រប់គ្រង​ដោយ​ផ្ដាច់មុខ​ទៅ​ហើយ​នោះ។

ជុំវិញ​ការ​ប្រកាស​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នេះ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​បាន​រក​ឃើញ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន ជាច្រើន​នាក់​តាមរយៈ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រហូត​ដល់​ទៅ​ជិត ១​ភាគ​៤ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ចូល​ទៅ​កាន់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ នេះ។

ប្រភព​ដដែល​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​រៀប​ផែនការ​ដាក់​ខ្សែស្រឡាយ​បក្ខពួក​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ចូល​ក្នុង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​ថ្មី​ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្នុង​នោះ​បើ​យោង​តាមរយៈ​បញ្ជី​ឈ្មោះ​ផ្លូវការ​នៃ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​យ៉ាង​ប្រទាក់ក្រឡា​គ្នា​ចាក់ស្រេះ​តែម្តង។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​គ្រួសារ​អ្នក​មាន​អំណាច​អ៊ីចឹង​ដែរ ព្រោះ​ពួកគេ​បាន​ដោះដូរ និង​តែងតាំង​កូនៗ​របស់​ពួកគេ​ឱ្យ​ជំនួស​តំណែង​ខ្លួន​តាម​អំពើ​ចិត្ត ខណៈ​ម្ចាស់​ប្រទេស​ត្រូវ​រស់នៅ​ក្រោម​ការ​គាបសង្កត់ និង​រង​នូវ​ការ​ភ័យ​ខ្លាច និង​អត់ឃ្លាន​គ្រប់​ពេលវេលា។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន គំរាម​ថា អ្នក​ដែល​ចង់​ដណ្តើម​តំណែង​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពី​កូនប្រុស​របស់​លោក ត្រូវតែ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​គំរាម​ថា អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​មាន​ជីវិត​រស់នៅ​ដែរ ហើយ​សង្គ្រាម​ច្បាស់​ជា​នឹង​ផ្ទុះ​ឡើង​ជាមិនខាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស