នាយករដ្ឋមន្ត្រីចាំផ្ទះ គឺលោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិបុទុមសាគរនៅខេត្តកោះកុង ជិត ១ម៉ឺនហិកតារឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ស្ថិតនៅក្រោមស្លាកវិនិយោគ។
នៅក្នុងអនុក្រឹត្យចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបទទួលបាន ឲ្យដឹងថា បុរសខ្លាំងក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បានកាត់ដីក្នុងតំបន់ឧទ្យានជាតិបុទុមសាគរទំហំ ៩៩៦៩ហិកតារ ស្ថិតនៅភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចាប់ពីថ្ងៃចេញអនុក្រឹត្យនេះតទៅ។
ការសម្រេចកាត់ដីក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ឲ្យអ្នកឧកញ៉ា គិត ម៉េង នេះ គឺដើម្បីទុកសម្រាប់ធ្វើការវិនិយោគ។
បើតាមអនុក្រឹត្យមួយចេញដោយលោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កន្លងមកក៏បានទទួលបានផ្ទៃដីទំហំជាង ១៦០ហិកតារក្នុងឧទ្យានជាតិបុទុមសាគរផងដែរ ដើម្បីធ្វើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម។
អ្នកឧកញ៉ា គិត ម៉េង មិនមែនទទួលបានដីតែនៅខេត្តកោះកុង នោះទេ អ្នកជំនួញដែលស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន រូបនេះក៏ទទួលបានដីនៅខេត្តផ្សេងផងដែរដែរ។
ក្រៅពីក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង នោះ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយកាត់ដីទំហំ ៦២៣៤ហិកតារ ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឲ្យទៅក្រុមហ៊ុនឯកជនឈ្មោះ កោះកុង រ៉ាប់ប៊ើរ ភ្លែនថេសិន (Koh Kong Rubber Plantation) របស់កូនបង្កើតអ្នកឧកញ៉ា លី យ៉ុងផាត់ គឺលោក លី ភួនរ៉ាត់ ដើម្បីធ្វើការវិនិយោគ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានចេញអនុក្រឹត្យបង្កើតតំបន់ឧទ្យានជាតិបុទុមសាគរ មានផ្ទៃដី ១សែន ៨ម៉ឺន ៣៤០៨ហិកតារ (១៨៣៤០៨ហិកតារ) ទុកជាតំបន់ធម្មជាតិ និងជាដែនជម្រកសត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ ដែលស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ប៉ុន្តែឧទ្យានជាតិមួយនេះត្រូវបានលោកនាយករដ្ឋមន្ត្រីកាត់ឆ្វៀលឱ្យទៅក្រុមហ៊ុនឯកជនជាបន្តបន្ទាប់រហូតមក ដែលជាហេតុធ្វើឱ្យធនធានធម្មជាតិនៅតំបន់នោះរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងការសម្បទានដីរដ្ឋឲ្យបុគ្គលឯកជន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ នៃប្រទេសកម្ពុជា។
ខេត្តទាំង ១៥ ក្នុងនោះមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាដើម ដើម្បីត្រៀមធ្វើអនុបយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ៕