30 C
Phnom Penh

អ្នកវិភាគ​ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​ត្រកូល​ហ៊ុន​ស្ទើរតែ​ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ​និយាយ​ថា ការ​ដំឡើង​លោក ជីវ កេង ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល គឺ​បង្ហាញ​ថា ស្ថាប័ន​កំពូលៗ​ទាំង ៤ របស់​ជាតិ និង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​ក្នុង​ដៃ​នៃ​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា លោក ជីវ កេង គឺជា​មនុស្ស​គន្លឹះ​ក្នុង​ផែនការ​នយោបាយ​គ្រប់គ្រង​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ជួយ​តាក់តែង​បំភ្លៃ​ឯកសារ​ខុស​ច្បាប់​នានា​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ ដែល​ជា​ផែនការ​ចម្បង​បំផុត​ក្នុង​សេណារីយ៉ូ​នយោបាយ ជុំវិញ​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា ការ​ដំឡើង​លោក ជីវ កេង ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល​នេះ គឺ​មាន​ន័យ​ច្បាស់​ណាស់​ថា ផែនការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​ពី​លោក លោក ហ៊ុន សែន ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត គឺ​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ផ្ដាច់មុខ​សម្រាប់​តែ​ក្រុម​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​ក្នុង​វង្ស​ត្រកូល​ហ៊ុន​នេះ កំពុង​រុញ​ប្រទេស​កម្ពុជា​ឱ្យ​វិល​ទៅ​រក​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​របប​រដ្ឋ​កម្ពុជា​ដូច្នោះ​ដែរ។

លោក គឹម សុខ និយាយ​ថា កម្ពុជា​ក្រោម​ស្នាដៃ​លោក ហ៊ុន ម៉ាណែត អាច​នឹង​រអិល​ធ្លាក់​ទៅ​ក្នុង​របប​ដឹកនាំ​បែប​កូរ៉េខាងជើង​បន្តិច​ម្តងៗ ដែល​អង្គការ​រដ្ឋ​ទាំងអស់​នឹង​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​បុគ្គល​តែ​ម្នាក់ និង​បញ្ជា​ដោយ​បុគ្គល​តែ​ម្នាក់។ លោក​បន្ត​ថា របប​ដឹកនាំ​បែប​នេះ​បាន​ចាត់ទុក​ប្រទេស​ជាតិ​ជា​ឧបករណ៍ និង​ចាត់ទុក​ពលរដ្ឋ​ជា​ទាសករ​សម្រាប់​ប្រយោជន៍​អំណាច​របស់​គ្រួសារ​តែ​មួយ​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ចេញ​លិខិត​ដំឡើង​តួនាទី​លោក ជីវ កេង ពី​តំណែង​អនុប្រធាន​តុលាការ​កំពូល មក​ជា​ប្រធាន​ស្តីទី​តុលាការ​កំពូល​រហូត​ដល់​មាន​ការ​តែងតាំង​ប្រធាន​តុលាការ​កំពូល​ថ្មី​ជា​ផ្លូវការ។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ដោយ​ដាក់​ឱ្យ​ចូល​និវត្តន៍​នូវ​ចៅក្រម​ចំនួន ៣​រូប រួម​មាន​លោក ឌិត មុន្ទី ដែល​ជា​ប្រធាន​តុលាការ​កំពូល វ័យ ៧៤​ឆ្នាំ លោក សោម សិរីវឌ្ឍ ចៅក្រម​តុលាការ​កំពូល វ័យ ៧០​ឆ្នាំ និង​លោក ទី ណេង ចៅក្រម​តុលាការ​កំពូល វ័យ ៧៩​ឆ្នាំ តាម​ការ​ស្នើសុំ​របស់​សាមី​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៩ ខែ​សីហា កន្លងទៅ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ក្នុង​សារ​សំឡេង​ជុំវិញ​ករណី​ដែល​លោក ឌិត មុន្ទី បាន​ដាក់​លិខិត​ថ្វាយ​សុំ​ព្រះមហាក្សត្រ​ចូល​និវត្តន៍​កាលពី​ថ្ងៃទី​៣ ខែ​សីហា កន្លងទៅ​ដែរ ក្រោម​ហេតុផល​ថា ដោយសារតែ​លោក ឌិត មុន្ទី មាន​វ័យ​កាន់តែ​ច្រើន និង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​នោះ។

ការ​ផ្លាស់ប្ដូរ​តួនាទី និង​សមាសភាព​មន្ត្រី​រដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៧ នេះ ត្រូវ​គេ​មើល​ឃើញ​ថា សុទ្ធតែ​ជា​ការ​រៀបចំ​ចាត់ចែង​របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​គាត់​ទាំងអស់ ជាពិសេស​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ត្រូវ​បាន​មេដឹកនាំ​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ​គ្រប់គ្រង​បាន​ទាំងស្រុង​ទៅ​ហើយ​នោះ។

ជាក់ស្តែង ស្ថាប័ន​រដ្ឋាភិបាល​ត្រូវ​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង ស្ថាប័ន​រដ្ឋសភា​ត្រូវ​អ្នកស្រី ប៊ុន រ៉ានី ជា​អ្នក​គ្រប់គ្រង​តាមរយៈ​ប្រធាន​រដ្ឋសភា​ដែល​ជា​មនុស្ស​ជំនិត​របស់​គាត់ គឺ​អ្នកស្រី ឃួន សុដារី ស្ថាប័ន​ព្រឹទ្ធសភា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង ក្នុង​នោះ​លោក ហ៊ុន សែន ក៏​នឹង​គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​បក្ស​ផង​ដែរ។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​មាន​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ផង​ដែរ​រាល់​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន។

ជុំវិញ​បញ្ហា​នេះ អតីត​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talkនៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ សីហា នេះ​ថា ការ​រៀបចំ​ផែនការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ​កំពុង​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្លាប់​ជា​សេណារីយ៉ូ​របស់​លោក ស ខេង អ្នកស្រី ម៉ែន សំអន លោក ហេង សំរិន និង​លោក ទៀ បាញ់ ជ្រួល​ច្របល់​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​ខ្សែ​បណ្ដាញ​បក្ខពួក​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បណ្តើរៗ​ហើយ​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន។

លោក មុំ អស្សនី បញ្ជាក់​ថា ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​អំណាច​នៅ​ពេលនេះ មិន​មែន​ដើម្បី​តែ​ឱ្យ​លោក ហ៊ុន សែន មាន​អំណាច​ពេញលេញ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ចាត់តាំង​ទេ គឺ​គាត់​មាន​ផែនការ​ប្រមូលផ្ដុំ​អំណាច​ទៅ​គ្រប់គ្រង​ប្រទេស​ទាំងមូល​ក្នុង​ដៃ​គាត់​ពី​លើ​ព្រះមហាក្សត្រ​ខ្មែរ​តែម្តង ដូច្នេះ​ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ត​ទៀត ពួកគេ​នឹង​ចាញ់​ល្បិចកល​របស់​លោក ហ៊ុន សែន ក្នុង​ផែនការ​ប្រមូលផ្ដុំ​អំណាច​របស់​គាត់​នេះ​ជា​មិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស