29 C
Phnom Penh

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃកោងកាង​ដែល​ប្រឈម​បាត់បង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ការពារ​ព្រៃកោងកាង ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ចេញពី​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង។

បើ​តាម​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ជា​តំបន់​កំណប់​ទ្រព្យ​នៃ​ព្រៃកោងកាង​ធំ​ជាងគេ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃកោងកាង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​កំពុង​ប្រឈម​បាត់បង់​ដោយសារតែ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ផ្ទៃដី​ទំហំ​ជាង ៦៧០០​ហិកតារ (៦៧៦៨​ហិកតារ) ចេញពី​តំបន់​ការពារ ខណៈ​ផ្ទៃដី​តំបន់​ការពារ​កាលពី​មុន​មាន​ទំហំ ២​ម៉ឺន ៣៧៥០​ហិកតារ។

អង្គការ​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ការ​កាត់​នេះ​បាន​ធ្វើ​ឲ្យ​ទំហំ​ផ្ទៃដី​ព្រៃកោងកាង​នៅ​ត្រឹមតែ ១​ម៉ឺន ៦៩៨២​ហិកតារ​វិញ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ដល់​ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍ ឬ​យក​ទៅ​ធ្វើ​អ្វី​នៅឡើយ​ទេ។

ពួកគេ​ចាត់ទុក​ការ​កាត់​ផ្ទៃដី​ព្រៃកោងកាង​ជាង ៦​ពាន់​ហិកតារ ថា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​ដែល​ជា​មេដឹកនាំ​ប្រទេស ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​វិនាសកម្ម​ដល់​ធនធាន​ធម្មជាតិ​ដោយ​មិន​ញញើត​ដៃ រួម​នឹង​ការ​បំផ្លិចបំផ្លាញ​ជា​ហូរហែ​ឥត​គណនា ជាពិសេស​តំបន់​ការពារ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ពុះ​ច្រៀក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​អនាធិបតេយ្យ​ជា​បន្តបន្ទាប់។

ពួកគេ​រិះគន់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ហាក់​ចាត់ទុក​ទ្រព្យសម្បត្តិ​នៃ​ធនធាន​ធម្មជាតិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ជា​ទ្រព្យសម្បត្តិ​បក្សពួក​គ្រួសារ​របស់​ពួកគេ​ទៅវិញ។

អង្គការ​ចលនា​មាតា​ធម្មជាតិ ក៏​បាន​ប្រកាស​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​ពេល​ខាងមុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថែរក្សា​ព្រៃកោងកាង និង​ដាក់​តំបន់​ពាមក្រសោប​ដែល​បាន​កាត់​ចេញ យក​មក​ជា​តំបន់​ការពារ​ដូច​ពី​មុន​ឡើងវិញ។ ពួកគេ​ក៏​បាន​អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ទាំងអស់​គ្នា ដើម្បី​ការពារ​ព្រៃកោងកាង​ដ៏​ធំ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា បន្ថែម​ថា មូលហេតុ​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​កំហុស​ធ្ងន់ធ្ងរ ដោយសារ​ការ​កាត់​ដី​ព្រៃកោងកាង​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ជាក់​ជាមិនខាន​ឡើយ។

លោក​ថា ជាក់ស្ដែង​ដូចជា​ភ្នំ​តាម៉ៅ បន្ទាប់ពី​រដ្ឋាភិបាល​កាត់​ចេញពី​តំបន់​ការពារ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ហើយ នោះ​ព្រៃឈើ​ជាច្រើន​ត្រូវ​បាន​កាប់​បំផ្លាញ ខណៈ​ព្រៃ​នៅ​តំបន់​ការពារ​ក៏​រង​ការ​កាប់​បំផ្លាញ​ផង​ដែរ។ មួយ​វិញ​ទៀត លោក​ថា​ការ​ចូលរួម​របស់​សាធារណជន​នេះ វា​ជា​របង​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ទាំងអស់​គ្នា និង​ជា​កម្លាំង​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​អវិជ្ជមាន។

លោក ថុន រដ្ឋា អះអាង​ថា រូបលោក និង​អ្នក​ផ្សេង​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃកោងកាង​ដែល​កាត់​ចេញ​ជាង ៦​ពាន់​ហិកតារ បញ្ចូល​ទៅ​ក្នុង​តំបន់​ការពារ​វិញ ដោយសារតែ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​ជម្រក​ដល់​មច្ឆជាតិ ព្រមទាំង​ជា​កន្លែង​សម្រាប់​ពលរដ្ឋ​នេសាទ​ផង​ដែរ។

សារព័ត៌មាន The Cambodia daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ។

តំបន់​ការពារ​ធម្មជាតិ​ពាមក្រសោប នៃ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ដែល​គ្របដណ្ដប់​ដោយ​ព្រៃកោងកាង ជា​ប្រភេទ​ព្រៃ​ដុះ​លូតលាស់​នៅ​តាម​តំបន់​ឆ្នេរ​ទឹកភ្លាវ ក្រោម​ឥទ្ធិពល​ទឹក​ជោរ​នាច​ពី​សមុទ្រ និង​ជា​ទី​ប្រសព្វ​ជាមួយ​នឹង​ទឹកសាប​ដែល​មាន​ប្រភព​ពី​តំបន់​ឆ្នេរ​ដីគោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស