លោក លាន លាង ឪពុកបង្កើតជនរងគ្រោះឈ្មោះ លាង ឡាង ដែលបានស្លាប់ បានដាក់ពាក្យបណ្តឹងអធិការរងស្រុកមង្គលបុរី ទទួលបន្ទុកផ្នែកគ្រឿងញៀន លោក អ៊ុក ប៊ុនថុន និងគូកន ដោយទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក ពីបទប្រើទារុណកម្មរហូតដល់ស្លាប់នៅអធិការដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។
លោក លាន លាង ដែលត្រូវជាឪពុកបង្កើតជនរងគ្រោះឈ្មោះ លាង ឡាង ដែលបានស្លាប់ បានសម្រេចដាក់ពាក្យបណ្តឹងហើយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឱ្យតុលាការចាត់វិធានការនីតិវិធីច្បាប់លើអធិការរងស្រុកមង្គលបុរី ទទួលបន្ទុកផ្នែកគ្រឿងញៀន លោក អ៊ុក ប៊ុនថុន និងគូកន ដែលដើមបណ្ដឹងបានចោទថា មន្ត្រីនគរបាលទាំងនោះបានធ្វើទារុណកម្មលើកូនប្រុសរបស់លោករហូតដល់ស្លាប់អំឡុងពេលសួរចម្លើយ។
លោក លាន លាង រៀបរាប់ក្នុងពាក្យបណ្តឹងនោះថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក កូនប្រុសរបស់គាត់បានចេញទៅច្រូតស្មៅគោដូចសព្វមួយដង ប៉ុន្តែនៅវេលាម៉ោង ២ និង ១០នាទី ប្អូនស្រីរបស់លោកឈ្មោះ សៅ ប៊ុនធា បានទូរសព្ទទាក់ទងមកប្រាប់ថា លោក លាង ឡាង ត្រូវបានប៉ូលិសចាប់ខ្លួនហើយ។ នៅពេលទទួលបានដំណឹង លោកក៏បានធ្វើដំណើរទៅអធិការដ្ឋានស្រុកមង្គលបុរី ភ្លាមៗតែម្តង។
លោកបន្តថា នៅពេលទៅដល់អធិការដ្ឋានស្រុក លោកបានឃើញមនុស្សម្នាក់នៅក្នុងឡានស្លៀកខោខ្លីពណ៌ក្រហម ព្រមទាំងស្រែកដោយការឈឺចាប់ ប៉ុន្តែលោកមិនបានចាប់អារម្មណ៍ថាជាកូនរបស់លោកទេ ព្រោះមើលមិនច្បាស់ តែលោកបានសួរទៅកាន់ប៉ូលិសប្រចាំការនៅទីនោះអំពីរឿងកូនប្រុសរបស់គាត់ដែរ ដោយប៉ូលិសរូបនោះប្រាប់ថា កូនរបស់គាត់ត្រូវបានបញ្ជូនទៅថ្នាក់លើហើយ ពេលលោកលឺដូច្នេះ លោកក៏បានធ្វើដំណើរទៅផ្ទះវិញ ប៉ុន្តែពេលប្អូនស្រីទាក់ទងទៅប៉ូលិសតាមទូរសព្ទម្តងទៀត ទើបប៉ូលិសប្រាប់ថាកូនរបស់គាត់កំពុងសម្រាកនៅមន្ទីរពេទ្យ។

ឪពុកជនរងគ្រោះអះអាងថា ពេលទទួលបានដំណឹងនេះ លោកក៏បានធ្វើដំណើរទៅមន្ទីរពេទ្យស្រុកមង្គលបុរីភ្លាមៗផងដែរ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យ កូនរបស់គាត់កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលមានអាការៈប្រកាច់ដកចង្កាមាន់រហូតដល់ស្លាប់បាត់បង់ជីវិតនៅម៉ោង ៥:១៥នាទីរសៀលនៅថ្ងៃទី១១ ខែសីហា ដដែលនោះ។
លោក លាន លាង បញ្ជាក់ថា ក្រោយទទួលបានសាកសព គាត់ពិនិត្យឃើញថាសាកសពកូនរបស់គាត់មានហូរឈាមតាមមាត់ និងមានស្លាកស្នាមជាំខ្មៅត្រង់ប្រជុំចិញ្ចើម ស្នាមជាំខ្មៅក្រោមប្រអប់ទ្រូងទាំងសងខាង ស្នាមជាំខ្មៅពីក្រោយខ្នង និងមានស្នាមជាំលើប្រអប់ខ្នងដៃស្ដាំផងដែរ។ លោកបញ្ជាក់ថា ជនរងគ្រោះមិនធ្លាប់មានជំងឺ ឬអាការៈបែបនេះទេពីមុនមក។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បុរសម្នាក់ឈ្មោះ លាង ឡាង នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចស្រុកមង្គលបុរី ចាប់ខ្លួនយកទៅសួរចម្លើយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន អំឡុងពេលជនរងគ្រោះច្រូតស្មៅនៅវាលស្រែ ប៉ុន្តែក្រោយសួរចម្លើយប្រហែលជា ៣ម៉ោង សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យយ៉ាងតក់ក្រហល់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក រ៉ើន វីរៈ បានចេញសេចក្តីបំភ្លឺករណីចាប់ខ្លួនលោក លាង ឡាង ថាធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ងួន ង៉ាន បានរាយការណ៍ប្រាប់សមត្ថកិច្ចថា បុគ្គលឈ្មោះ លាង ឡាង បានឲ្យខ្លួនទៅយកថ្នាំញៀនដែលមានតម្លៃ ៤ម៉ឺនរៀលនៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបុរី។
លោក រ៉ើន វីរៈ អះអាងថា ក្រោយឃាត់ខ្លួន និងត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថាខ្លួនបានបោះថ្នាំញៀនចោលហើយ។ បន្ទាប់មក សមត្ថកិច្ចក៏បាននាំខ្លួនបុរសរូបនោះមកអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីសាកសួរបន្ថែម។ លោកបន្តថា ពេលមកដល់អធិការដ្ឋាន ជនសង្ស័យបានសុំហូបបាយ សុំទឹកផឹកអស់ជាច្រើនដប និងសុំចូលបន្ទប់ទឹកផងដែរ ហើយពេលនោះជនសង្ស័យបានយកទឹកស្រោចលើខ្លួន ដោយស្រែកថាក្ដៅណាស់ៗ។ បន្ទាប់មក ជនសង្ស័យក៏មានអាការៈប្លែកដោយបែកពពុះមាត់ និងបានលូនចេញពីបន្ទប់ទឹក ពេលនោះសមត្ថកិច្ចសង្ស័យថារូបគេបានលេបថ្នាំញៀនចូលក្នុងពោះ ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង ហើយពេលធ្វើតេស្ដទឹកនោមរកសារធាតុញៀនលទ្ធផលបង្ហាញថាវិជ្ជមានផងដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បន្ទាប់ពីជនសង្ស័យបានស្លាប់ ក្រុមគ្រូពេទ្យ និងនគរបាលជំនាញធ្វើកោសល្យវិច័យត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូងមែន ហើយក្រុមគ្រួសារសពក៏បានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យថា ការស្លាប់នេះគឺដោយសារគាំងបេះដូងដែរ។
លោក រ៉ើន វីរៈ គូសបញ្ជាក់ថា ប្រសិនបើក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះថាកូនរបស់គាត់បានស្លាប់ដោយសារគាំងបេះដូងទៅហើយនោះ ហេតុអ្វីបានជាគាត់ប្តឹងសមត្ថកិច្ចទៅវិញ?
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១១ ខែសីហា ក្រុមអ្នកសារព័ត៌មានបានទាក់ទងទៅអធិការដ្ឋានស្រុកមង្គលបុរី លោក ស៊ីន ស៊ីណារ៉ាក់ ដែរ តែលោកជំរុញឱ្យទាក់ទងទៅអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក រ៉ើន វីរៈ វិញ ដើម្បីឱ្យដឹងរឿងនេះកាន់តែច្បាស់ ប៉ុន្តែលោក រ៉ើន វីរៈ បានផ្តាច់ទូរសព្ទបិទការទាក់ទងនៅពេលលឺអ្នកសារព័ត៌មានសាកសួរអំពីបញ្ហាខាងលើនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily ថា គ្រួសារជនរងគ្រោះមានតែប្តឹងទៅគណៈកម្មាធិការប្រឆាំងអំពើទារុណកម្ម និងដាក់ពាក្យបណ្តឹងជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិមនុស្សប៉ុណ្ណោះ ដើម្បីជំរុញឱ្យមានការស៊ើបអង្កេត និងប្រមូលភស្តុតាងលើករណីនេះឱ្យបានច្បាស់ ព្រោះថាបើពិនិត្យតាមស្លាកស្នាមលើរូបរាងកាយរបស់ជនរងគ្រោះ គឺមានមន្ទិលសង្ស័យយ៉ាងច្រើនជុំវិញករណីនេះ ដែលបង្ហាញថាជនរងគ្រោះមិនបានស្លាប់ដោយសារជំងឺគាំងបេះដូងនោះទេ៕