30 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​ប្ដឹង​ករណី​អាជ្ញាធរ​ប្រើ​ទារុណកម្ម​សួរ​ចម្លើយ​រហូត​ដល់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ឪពុក​ម្តាយ ឬ​សាច់ញាតិ​ជនរងគ្រោះ​ដែល​សង្ស័យ​ថា​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​អាជ្ញាធរ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ អាច​ដាក់​ពាក្យ​បណ្តឹង​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​ប្តឹង​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម គឺ​ដើម្បី​ឱ្យ​គណៈកម្មាធិការ​មួយ​នេះ​បើក​ការ​ស៊ើបអង្កេត​ប្រមូល​ភស្តុតាង​លើ​ករណី​នេះ​ឱ្យ​បាន​ច្បាស់ ព្រោះ​ថា​បើ​ពិនិត្យ​តាម​ស្លាកស្នាម​លើ​រូបរាងកាយ​របស់​ជនរងគ្រោះ គឺ​មាន​មន្ទិល​សង្ស័យ​យ៉ាង​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ ដែល​មិនមែន​បណ្តាល​មកពី​ជំងឺ​គាំង​បេះដូង​ដូច​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​បាន​អះអាង​នោះ​ទេ។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ករណី​នេះ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​ល្មើស​បែប​នេះ​កើតឡើង​បន្ត​ទៀត។

លោក​បន្ត​ថា ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​ថា​ការ​ស្លាប់​របស់​ជនរងគ្រោះ​បណ្តាល​មកពី​ការ​ធ្វើ​ទារុណកម្ម នោះ​គេ​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​ទៅ​លើ​ជនល្មើស​ជាដាច់ខាត ដើម្បី​ធានា​ការពារ​នូវ​ក្រម​សីលធម៌​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក្រោយៗ​ទៀត​ឱ្យ​បាន​ល្អ​ចំពោះ​ពលរដ្ឋ បើ​មិន​ដូច្នោះ​ទេ វា​នឹង​កាន់តែ​បង្ក​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព ហើយ​ពលរដ្ឋ​ក៏​កាន់តែ​អស់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ថែម​ទៀត។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ បុរស​ម្នាក់​ឈ្មោះ លាង ឡាង នៅ​ភូមិ​ពោធិ៍រៀង ឃុំ​អូរប្រាសាទ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​មង្គលបុរី ចាប់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន អំឡុង​ពេល​ជនរងគ្រោះ​ច្រូត​ស្មៅ​នៅ​វាលស្រែ ប៉ុន្តែ​ក្រោយ​សួរ​ចម្លើយ​ប្រហែល ៣​ម៉ោង សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​យ៉ាង​តក់ក្រហល់។

បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី សាច់ញាតិ​ជនរងគ្រោះ​ក៏​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ដែរ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់ ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ក្នុង​នោះ​ខាង​មន្ទីរពេទ្យ និង​អធិការ​ស្រុក​មង្គលបុរី បាន​បង្ខំ​ឱ្យ​ឪពុក​ជនរងគ្រោះ​ផ្ដិត​ស្នាម​មេដៃ​លើ​លិខិត​បញ្ជាក់​លទ្ធផល ដើម្បី​ទទួលយក​សាកសព​កូន​ប្រុស​របស់​ខ្លួន។

នៅ​ក្នុង​លិខិត​បញ្ជាក់​នោះ សរសេរ​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង ខណៈ​ដងខ្លួន​របស់​ជនរងគ្រោះ​នៅ​ក្រោម​ប្រអប់​ទ្រូង​ខាង​ស្តាំ​មាន​ស្នាម​ជាំ​ខ្មៅ​ធ្ងន់ធ្ងរ និង​ហូរ​ឈាម​តាម​មាត់​ថែម​ទៀត។

ឪពុក​ជនរងគ្រោះ​អះអាង​ថា បើ​គាត់​មិន​ផ្ដិត​ស្នាម​មេដៃ​លើ​លិខិត​នោះ​ទេ ខាង​មន្ទីរពេទ្យ​នឹង​មិន​ប្រគល់​កូន​របស់​គាត់​ឱ្យ​យក​មក​ធ្វើ​បុណ្យ​ឡើយ ដូច្នេះ​ដើម្បី​យក​សព​កូន​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី គាត់​មាន​តែ​បង្ខំ​ចិត្ត​ផ្ដិត​ស្នាម​មេដៃ​លើ​លិខិត​នោះ​តែប៉ុណ្ណោះ បើ​ទោះបីជា​ស្នាម​មេដៃ​របស់​គាត់​ហាក់ដូចជា​ជំរុញ​ឱ្យ​កូន​គាត់​ស្លាប់​ទាំង​អយុត្តិធម៌​ក៏ដោយ។ សាកសព​កូនប្រុស​របស់​គាត់​ទើប​តែ​ត្រូវ​បូជា​តាម​ប្រពៃណី​សាសនា​កាលពី​ថ្ងៃទី​១៤ ខែ​សីហា កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អធិការ​ស្រុក​មង្គលបុរី លោក ស៊ីន ណារ៉ាក់ បាន​ចោទ​ជា​សំណួរ​ជាច្រើន​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដែល​តាមដាន​ករណី​នេះ​ថា តើ​ពួកគេ​ទទួល​បាន​ព័ត៌មាន​ថា​ក្មេង​ប្រុស លាង ឡាង នេះ​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​ពី​សំណាក់​អធិការ​ស្រុក​មង្គលបុរី មកពី​អ្នក​ណា បើ​ឪពុក​ជនរងគ្រោះ​បាន​ផ្ដិត​ស្នាម​មេដៃ​ទទួលស្គាល់​ថា​កូន​របស់​គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ទៅ​ហើយ​នោះ។

អធិការ​ស្រុក​មង្គលបុរី​រូប​នេះ​បញ្ជាក់​ថា បើ​ចង់​ដឹង​រឿង​នេះ​ច្បាស់ ត្រូវ​សួរ​ទៅ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ លោក រ៉ើន វីរៈ វិញ ប៉ុន្តែ​លោក រ៉ើន វីរៈ មិន​បាន​បកស្រាយ​ទេ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ចោទ​សួរ​អំពី​ករណី​នេះ ដោយ​លោក​បិទ​ទូរសព្ទ​ផ្ដាច់ការ​ទាក់ទង​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ ជនរងគ្រោះ​ដែល​ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​ពី​សមត្ថកិច្ច​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លងទៅ​ថា លោក​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ដែរ​ពី​បទ​ឆបោក ប៉ុន្តែ​តាម​ការពិត វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូបលោក​ដែល​មិន​បាន​ប្រព្រឹត្ត ប៉ុន្តែ​បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ទៅវិញ។

ប្រភព​ដដែល​រៀបរាប់​ថា នីតិវិធី​ក្នុង​ការ​សួរ​ចម្លើយ គេ​មាន​ក្រុម​លួងលោម និង​ក្រុម​ប្រើ​ទារុណកម្ម​ស្ថិត​ក្នុង​កៅអី​ជ័រ ដោយ​ដៃ​ជាប់​ខ្នោះ​ព័ទ្ធ​ស្លាប​សេក​ទៅ​ខាង​ក្រោយ ហើយ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ម្នាក់​វាយ​ចំ​កណ្តាល​មុខ​មួយ​ដៃ​ពេញ​ទំហឹង​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​លោក​ដួល​ផ្ងាក​ទៅ​ក្រោយ​បែក​អំពិលអំពែក​ហ៊ឹង​ត្រចៀក​ស្តាប់​អ្វី​មិន​លឺ​នោះ​ទេ។

បុរស​រូប​នោះ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ប្រើ​ទណ្ឌកម្ម​លើ​គាត់​ចំនួន ៣​ដង រហូត​ទាល់តែ​គាត់​ព្រម​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ឈប់​ធ្វើ​ទារុណកម្ម ហើយ​គេ​និយាយ​ចំអក​ឲ្យ​ថា បើ​ឆ្លើយ​បែប​នេះ​តាំងពី​យូរ​មក ប្រហែល​មិន​ឈឺ​ខ្លួន​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត បាន​ស្លាប់​ភ្លាមៗ​ដែរ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​របស់​សមត្ថកិច្ច​កម្ពុជា អំឡុង​ពេល​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ក្នុង​នោះ​គេ​ពិនិត្យ​ឃើញ​ថា សព​របស់​គាត់​មាន​ស្នាម​របួស​បែក​ឈាម​ខ្មៅ​ពេញ​ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​ប្រកែក​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស