ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៅកាន់រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្បញ្ញត្តិ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន បន្ទាប់ពីបេក្ខជនជាប់ឆ្នោតទាំង ១២៥រូបចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែងក្នុងរដ្ឋសភាជាផ្លូវការ។
ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មានបន្ទូលដូច្នេះនៅក្នុងកិច្ចប្រជុំលើកដំបូង និងសម័យប្រជុំលើកទី១ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីប្រកាសពីសុពលភាពក្រុមសមាជិកសភាថ្មី និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដដែលថា ក្រុមសមាជិកសភាទាំង ១២៥រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប។ ក្រោយពីបញ្ចប់កិច្ចប្រជុំនាពេលព្រឹក និងពេលរសៀល ពួកគេនឹងធ្វើដំណើរទៅស្បថនៅព្រះបរមរាជវាំង។
ក្នុងពិធីប្រកាសសុពលភាពនោះ ព្រះបាទបរមនាថ នរោត្តម សីហមុនី មានបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្បញ្ញត្តិ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងកម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿនលឿន។
ដោយផ្អែកលើច្បាប់ ធានា និងអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ដោយសារតំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូល។
ព្រះអង្គមានបន្ទូលថា តំណាងរាស្ត្រត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។
សម័យប្រជុំលើកដំបូងរបស់រដ្ឋសភានាថ្ងៃទី១២ សីហា នេះ បានរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិខ្លាំង ខណៈប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បាននាំគ្នាចេញធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត ត្រូវបានលោក ហ៊ុន សែន ផ្ទេរតំណែងឲ្យបន្តស្នងអំណាចជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា នេះទៅ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំលើកទី១ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
ការផ្ទេរអំណាចតពូជពីឪពុកទៅកូននេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ជាឪពុកបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជិត ៤០ឆ្នាំ ហើយបានឈានទៅដឹកនាំតាមបែបផ្ដាច់ការតពូជពង្សវង្សនៃគ្រួសារហ៊ុន និងបក្ខពួក។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងរដ្ឋាភិបាលវៀតណាមបន្តវេនពីឪពុកចាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈរដ្ឋាភិបាលវៀតណាមក៏បានចេញសេចក្ដីថ្លែងការណ៍មួយអបអរឈាមថ្មីនេះដែរ។
ជុំវិញរឿងនេះ វេទិកាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយទុករដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្ត្រីខុសច្បាប់ មិនតំណាងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
ការលើកឡើងដូច្នេះ ដោយវេទិកាពលរដ្ឋថាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មិនអាចចាត់ទុកថាជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីបង្កើតរដ្ឋសភារបស់ប្រទេសជាតិឡើយ ដោយសារការបោះឆ្នោតនោះធ្វើឡើងដោយគ្មានសេរីភាព មិនត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគំរាមកំហែងភាពសម្ងាត់នៅពេលក្រុមអ្នកនយោបាយ និងបក្សនយោបាយគូប្រជែងត្រូវបានផាត់ចេញពីសង្វៀនប្រកួត។
រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ ស្ថិតនៅក្រោមឥទ្ធិពលផ្ដាច់មុខរបស់លោក ហ៊ុន សែន ដែលផ្ទុយស្រឡះពីខ្លឹមសារស្នូលនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា២ និងជាពិសេសស្មារតីរដ្ឋធម្មនុញ្ញមាត្រា៧ថ្មី។
វេទិកាពលរដ្ឋក៏ប្រកាសប្រឆាំងការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជា ដោយសារវាជាដំណើរការដែលកើតពីការបោះឆ្នោតខុសច្បាប់ ជាពិសេសផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ ខណៈលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ជាការបោះឆ្នោតដោយខុសច្បាប់ ដូច្នេះការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីដែលដឹកនាំនាយករដ្ឋមន្ត្រី និងទីស្ដីការគណៈរដ្ឋមន្ត្រីក៏ខុសច្បាប់ដែរ។
អគ្គលេខាធិការវេទិកាពលរដ្ឋ លោក អ៊ាប សេង លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា កាលណាការបោះឆ្នោតខុសច្បាប់ដែលបង្កើតបានរដ្ឋសភា និងរដ្ឋាភិបាលខុសច្បាប់នោះ វាមិនមែនជាស្ថាប័នជាតិតំណាងផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋក៏មិនអាចប្រើសិទ្ធិអំណាចជាម្ចាស់ប្រទេសតាមរយៈរដ្ឋសភា និងរដ្ឋាភិបាលដូចមានចែងក្នុងមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរត្រង់ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ៕