30 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​លួច​កាប់​ឈើ​ក្នុង​តំបន់​អង្គរ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​អប្សរា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ បង្ហាញ​ពី​ទង្វើ​មិន​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​សមត្ថកិច្ច​របស់​ខ្លួន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ប្រសិនបើ​មន្ត្រី​រាជការ​រក​ឃើញ​អំពើ​ល្មើស​ច្បាប់​កើត​មាន​នៅ​តំបន់​ការពារ​របស់​ខ្លួន​ហើយ តែ​មិន​អនុវត្ត​វិធានការ​ច្បាប់ ដោយ​សំអាង​ថា​បញ្ហា​ដែល​កើតឡើង​នោះ​ជា​រឿង​តូចតាច នោះ​មាន​ន័យ​ថា​ពួកគេ​ក៏​កំពុង​ចូលរួម​ជួយ​គាំទ្រ​អំពើ​ល្មើស​នោះ​ដែរ ត្បិត​អំពើ​ល្មើស​ច្បាប់​មិន​ត្រូវ​បាន​កំណត់​ថា តូច ឬ​ធំ​នោះ​ទេ ឱ្យ​តែ​ល្មើស​នឹង​ច្បាប់ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​ល្មើស​បែប​នេះ​កើតមាន​បន្ត​ទៀត។

លោក សេក សុជាតិ លើកឡើង​ថា អំពើ​ល្មើស​ច្បាប់​នានា​តែង​កើត​មាន​ក្នុង​សង្គម ដោយសារតែ​ការ​អនុវត្ត​នៅ​មាន​ចន្លោះ​ប្រហោង ឬ​នៅ​មាន​ភាព​ទន់ខ្សោយ ឬ​ដោយសារតែ​សំអាង​ថា​ជា​រឿង​តូចតាច ដូច្នេះ​មូលហេតុ​ទាំងនេះ​គឺជា​កត្តា​លើក​ទឹកចិត្ត​ឱ្យ​ជនល្មើស​កាន់តែ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​កាន់តែ​ខ្លាំង​ឡើង រហូត​រាលដាល​ក្លាយ​ទៅ​ជា​បញ្ហា​ធំ​មិន​អាច​ទប់ស្កាត់​នៅ​ថ្ងៃ​មុខ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដោយ​ផ្អែក​លើ​ស្មារតី​ផ្លូវច្បាប់ មន្ត្រី​ដែល​ទទួល​ខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្តែតបណ្តោយ​ឱ្យ​មាន​អំពើ​ល្មើស​កើតឡើង ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ មិនមែន​គ្រាន់តែ​ឆ្លើយ​ដោះសា​ថា​មិន​ដឹង ឬ​ចាត់ទុក​ជា​រឿង​តូចតាច ហើយ​រួច​ខ្លួន​នោះ​ទេ។

កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ដើម​គ្រញូង​ដ៏​ធំ​មួយ​ដើម​នៅ​ក្នុង​តំបន់​អង្គរ ស្ថិត​នៅ​ភូមិ​មណ្ឌុល​៣ ជាប់​ផ្លូវ​ក្រវាត់​ឧទ្យាន​អង្គរ ត្រូវ​ចោរ​លួច​កាប់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​បែប​នេះ​បាន​កើត​ឡើង​ជា​ហូរហែ​តាំងពី​មុន​មក​រហូត​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​លើកឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២១ សីហា ថា អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ការពារ​បេតិកភណ្ឌ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ការពារ​ដើរ​ល្បាត​ទាំង​យប់ ទាំង​ថ្ងៃ​ក្នុង​តំបន់​ការពារ​របស់​ខ្លួន ប៉ុន្តែ​ដោយសារ​តំបន់​ដែល​ខ្លួន​ការពារ​មាន​ទំហំ​ធំ ដូច្នេះ​មាន​ការ​ឆក​ល្វែង​តិចតួច​ពី​ការ​លួច​កាប់​ដើមឈើ​ក្នុង​តំបន់​អភិរក្ស​នេះ គឺ​ចៀស​មិន​ផុត​នោះ​ទេ។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ​លើកឡើង​ថា បើ​ព្រៃឈើ​ក្នុង​តំបន់​អង្គរ​ត្រូវ​គេ​កាប់​បំផ្លាញ​ដឹក​ចេញ​ទាំង​ឡានៗ ក៏​លោក​មិន​ជំទាស់​ដែរ ប៉ុន្តែ​នេះ​គ្រាន់តែ​គេ​កាប់​ដើម​គ្រញូង​មួយ​ដើម​ប៉ុណ្ណោះ មិន​គួរ​ធ្វើ​ឱ្យ​ទៅ​ជា​រឿង​ធំ​នោះ​ទេ។ ជាង​នេះ​ទៀត ដើម​គ្រញូង​ដែល​គេ​កាប់​យក​ទៅ​នោះ ក៏​មិន​មាន​តម្លៃ​ថ្លៃ​នោះ​ដែរ ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើមឈើ​រាប់​រយ​ដើម​ឯណោះ​នៅ​ក្នុង​តំបន់​ការពារ​របស់​ខ្លួន​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​បរិស្ថាន​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​បាត់បង់​ព្រៃឈើ​ប្រភេទ​កម្រ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ បាន​បញ្ជាក់​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​ទប់ស្កាត់​បទល្មើស​ពី​សំណាក់​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សាន់ ម៉ាឡា បញ្ជាក់​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​បន្ត​ព្រងើយ​កន្តើយ​មិន​អាច​រក​ឱ្យ​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ទេ នោះ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នឹង​បន្ត​បាត់បង់​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​ការ​លួច​កាប់​ឈើ​ប្រណិត​នៅ​ក្នុង​តំបន់​អង្គរ មិនមែន​ទើប​តែ​លើក​ទី​១ ទេ គឺ​ធ្លាប់​បាន​កើត​ជាច្រើន​ករណី​រួច​មក​ហើយ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់​វិធានការ​ច្បាប់​ណា​មួយ​ទប់ស្កាត់​អំពើ​ល្មើស​បែប​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។

ជាក់ស្តែង ដើម​គ្រញូង​ចំនួន ៤​ដើម​ដែល​មាន​អាយុកាល​ប្រមាណ ៥០​ឆ្នាំ ត្រូវ​បាន​គេ​លួច​កាប់​ក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង​ដែល​មាន​ទំហំ​ជិត ២​ពាន់​ហិកតារ (១៨៨០​ហិកតារ) ស្ថិត​នៅ​ភូមិ​ខ្នាតពោធិ៍ និង​ភូមិ​វត្ត ឃុំ​ស្រែពោធិ៍ ស្រុក​វ៉ារិន និង​ភូមិ​ខ្នារក្រៅ ឃុំ​កន្ទួត ស្រុក​ស្វាយលើ និង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ពាក់កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

របាយការណ៍​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​សៀមរាប ធ្លាប់​បាន​អះអាង​ថា គិត​ចាប់ពី​ឆ្នាំ​២០២០ មក បទល្មើស​លួច​កាប់​ដើម​គ្រញូង​ក្នុង​តំបន់​អង្គរ​មាន​ប្រមាណ​ជាង ១០​ករណី​ទៅ​ហើយ ក្នុង​នោះ​ក៏​មាន​ករណី​មួយ​ចំនួន​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​រឹបអូស​វត្ថុ​តាង និង​កសាង​សំណុំរឿង​ទៅ​តុលាការ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស