រដ្ឋាភិបាលកម្ពុជា ច្រានចោលសេចក្តីរាយការណ៍របស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពីការបណ្ដេញពលរដ្ឋទាំងបង្ខំនៅតំបន់អភិរក្សអង្គរ ថាជារឿងមិនពិត និងមានចេតនាបំភាន់ដល់សាធារណមតិដោយគ្មានការទទួលខុសត្រូវ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះថា ការចោទប្រកាន់លើរដ្ឋាភិបាលកម្ពុជាថាបានបណ្ដេញចេញដោយបង្ខំ និងការតាំងទីលំនៅឋានថ្មីដោយគ្មានការពិគ្រោះយោបល់ និងមិនបានផ្តល់សំណងសមរម្យ គឺជាចេតនាបំភាន់ការពិតទាំងស្រុង។
ប្រភពដដែលអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំផ្តល់ជូនលំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរឡើងដល់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ដែលយល់ព្រមតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ដូច្នេះជំនួសឱ្យការអំពាវនាវឱ្យមានការថ្កោលទោសកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សទាំងនោះគួរតែជំរុញដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធឱ្យជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាវិញ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា វិធានការខ្លះត្រូវបានអនុវត្តតែទៅលើជនអនាធិបតេយ្យដែលចូលទៅកាន់កាប់ដោយខុសច្បាប់ក្នុងតំបន់អភិរក្សអង្គរប៉ុណ្ណោះ ដូចនេះអ្នកជំនាញទាំងនោះគួរប្រកាន់នូវក្រមសីលធម៌ក្នុងការបំពេញមុខងាររបស់ខ្លួន ព្រោះថាប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទៅកាន់ទីតាំងថ្មី សុទ្ធតែទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរដ្ឋាភិបាលបានកសាងសម្រាប់ការរស់នៅរបស់ពួកគេ។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងពីការបណ្ដេញពលរដ្ឋក្នុងតំបន់អង្គរដោយបង្ខំកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីរាយការណ៍ថា អ្នកជំនាញសិទ្ធិមនុស្សមានការព្រួយបារម្ភចំពោះការតាំងទីលំនៅថ្មីដោយបង្ខំនៃប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ រួមទាំងជនជាតិដើមភាគតិច ឱ្យចាកចេញពីផ្ទះសម្បែង និងដីរបស់ពួកគេក្នុងតំបន់អភិរក្សអង្គរកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ។
សេចក្តីរាយការណ៍ដដែលនេះ ជំរុញឱ្យរាជរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការបណ្ដេញចេញដោយបង្ខំ និងការផ្លាស់ទីលំនៅតាមអំពើចិត្ត និងជំនួសមកវិញនូវការអនុវត្តស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ខណៈអ្នកដែលបានផ្លាស់ទីលំនៅក៏ត្រូវតែបើកឱ្យមានសិទ្ធិវិលត្រឡប់មកវិញផងដែរ។
ចំណែកឯពលរដ្ឋដែលមានដើមកំណើតក្នុងតំបន់អង្គរ មិនគួរត្រូវបានតាំងទីលំនៅថ្មីដោយគ្មានការយល់ព្រមជាមុន និងគ្មានការជូនដំណឹងនោះឡើយ ព្រោះសហគមន៍ក្នុងតំបន់អង្គរ មិនគួរក្លាយជាជនរងគ្រោះដោយការតាំងទីលំនៅថ្មី ព្រោះតែការអភិរក្សតំបន់អង្គរដោយអង្គការយូណេស្កូ (UNESCO) នោះទេ។
ប្រភពដដែលអះអាងថា សព្វថ្ងៃនេះ នៅតំបន់រុនតាឯក ដែលជាកន្លែងពលរដ្ឋក្នុងតំបន់អង្គរទៅតាំងលំនៅថ្មី កំពុងមានសភាពពិបាកធ្ងន់ធ្ងរ ដោយពលរដ្ឋខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទឹកស្អាត និងបង្គន់អនាម័យ ជាដើម។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនាពេលនោះគំរាមថា លោកនឹងចាត់វិធានការក្តៅលើប្រជាពលរដ្ឋនៅតំបន់អង្គរដែលមិនព្រមចាកចេញទៅរស់នៅតំបន់ថ្មី ដែលរដ្ឋាភិបាលបានរៀបចំឱ្យ ហើយពួកគេនឹងមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់ បើពួកគេមិនចាកចេញក្នុងពេលដែលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការទេនោះ។
ជុំវិញបញ្ហានេះ លោក Monster Ferrer អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានបណ្ដេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារដែលរស់នៅជុំវិញប្រាសាទអង្គរវត្តចេញទាំងបង្ខំ ក្រោមលេសអភិរក្សតំបន់អង្គរ។
លោក Monster អះអាងថា រាជរដ្ឋាភិបាលមិនបានបង្ហាញ និងផ្តល់ភាពច្បាស់លាស់ថាអ្នកណាមានសិទ្ធិរស់នៅស្របច្បាប់ឡើយ ខណៈដែលមនុស្សជាច្រើនត្រូវបង្ខំចិត្តចាកចេញក្រោមវិធានការបង្ខិតបង្ខំដោយគ្មានជម្រើស៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

