តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ព្រមានថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កើតមកក្បាលធំ ដោយបក្ខពួកហែកកម្ពុជាចែកគ្នាស៊ី និងឲ្យពលរដ្ឋចិញ្ចឹម។ លោកបន្តថា លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងភ្លាម តែងតាំងទីប្រឹក្សារដ្ឋាភិបាល និងទីប្រឹក្សាអមក្រសួងប្រមាណ ២ពាន់នាក់ភ្លាម។
លោក អ៊ុំ សំអាន អះអាងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលក្បាលធំ ដោយសារលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីភ្លាមៗ មន្ត្រីជាន់ខ្ពស់ចំនួន ១៥៤៣នាក់ ត្រូវបានតែងតាំងដើម្បីអមលោក។
លោកបន្តថា នាយករដ្ឋមន្ត្រីតែម្នាក់ ប៉ុន្តែឧបនាយករដ្ឋមន្ត្រី ១០នាក់ ហើយទេសរដ្ឋមន្ត្រីវិញមានចំនួន ២១នាក់ ខណៈរដ្ឋមន្ត្រីចំនួន ៣០នាក់ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ២៩នាក់។ ចំពោះរដ្ឋលេខាធិការវិញមានចំនួន ៧១៨នាក់ និងអនុរដ្ឋលេខាធិការ ៧៣៤នាក់ ដែលសរុបមានចំនួន ១៥៤៣នាក់។ ចំណែកទីប្រឹក្សារដ្ឋាភិបាល និងទីប្រឹក្សាអមក្រសួងមានរាប់ពាន់នាក់។ រីឯទីប្រឹក្សាប្រធាន អនុប្រធាន អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា និងព្រឹទ្ធសភាមានរាប់ពាន់នាក់ទៀត។
លោក អ៊ុំ សំអាន អះអាងថា ការដាក់មន្ត្រីច្រើនលើសលប់នេះ វានឹងធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះបន្ថែមទៀតតាមរយៈការបង់ពន្ធចូលរដ្ឋ ដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត អាចយកប្រាក់ដែលបានពីពលរដ្ឋទៅបើកប្រាក់ខែ និងចិញ្ចឹមពួកមន្ត្រីធំៗទាំងនោះ ខណៈចំនួនមន្ត្រីទាំងសរុបជិត ១៦០០នាក់នេះ គឺជាចំនួនច្រើនជាងគេលើពិភពលោក។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងដែរថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះជាស្ថាប័នខុសច្បាប់ដែលកើតឡើងពីការបោះឆ្នោតខុសច្បាប់ និងជារដ្ឋាភិបាលក្បាលធំ ពីព្រោះសូម្បីតួនាទីជាអនុរដ្ឋលេខាធិការមានដល់ទៅជាង ២៥០០នាក់ទៅហើយ។
លោកបន្តថា គេមិនមែនបង្កើតរដ្ឋាភិបាលចិញ្ចឹមរាស្ត្រទេ គឺបង្កើតមកដើម្បីបង្កើនបន្ទុកឲ្យរាស្ត្រចិញ្ចឹមថែមទៀតនៅពេលរាស្ត្រក្រហើយ អត់ការងារធ្វើ អត់ចំណូល និងជំពាក់បំណុលវ័ណ្ឌក។
ចំពោះការបង្កើនស្ថាប័ន បង្កើតចំនួនក្បាលម៉ាស៊ីនវិញ អ្នកវិភាគរូបនេះថាជាការពង្រីកការិយាធិបតេយ្យស្មុគស្មាញ និងសម្បូរទៅដោយជនមានស្នាដៃឧក្រិដ្ឋចម្រុះ ដែលជាប្រភពដ៏ធំនៃការរំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយដោយមិនមែនបានជួយជាតិនោះទេ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាបានបោះឆ្នោតគាំទ្រទាំងស្រុងអនុម័តឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី៧ បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុកសម្រេចចុះពីតំណែងដើម្បីផ្ទេរឲ្យកូនដឹកនាំកម្ពុជាបន្តវេនពីលោក។
ថ្លែងសន្ទរកថានៅចំពោះមុខរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហា លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជា បានប្ដេជ្ញាការពារសន្តិភាពដែលឪពុករបស់លោកតែងប្រកាសក្ដែងៗអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាជិត ៤០ឆ្នាំមកនេះ។
ការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានអ្នកវិភាគ និងបក្សប្រឆាំងថាជាការឡើងតាមជើងខោឪពុកតែប៉ុណ្ណោះ៕