តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន អះអាងថា សមាជិករាជរដ្ឋាភិបាលថ្មី បើគិតទាំងទីប្រឹក្សា និងជំនួយការ ព្រមទាំងមន្ត្រីជាន់ខ្ពស់សរុបទាំងអស់មិនតិចជាង ១ម៉ឺននាក់នោះទេ បន្ទាប់ពីរដ្ឋាភិបាលបានតែងតាំងសមាជិករួចហើយមានចំនួនជាង ២ពាន់នាក់។
លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះថា សមាជិករាជរដ្ឋាភិបាលថ្មីនេះ បើគិតទាំងទីប្រឹក្សា និងជំនួយការ ព្រមទាំងមន្ត្រីជាន់ខ្ពស់សរុបទាំងអស់មិនតិចជាង ១ម៉ឺននាក់នោះទេ ព្រោះថាបើគិតចំនួនសមាជិករដ្ឋាភិបាលដែលតែងតាំងរួចមានចំនួនជាង ២ពាន់នាក់ទៅហើយនោះ។
លោក អ៊ុំ សំអាន លើកឡើងថា ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងក្រសួងស្ថាប័នទាំង ៣០ ប្រាកដជានឹងត្រូវតែងតាំងទីប្រឹក្សា និងជំនួយការបន្តទៀតជាមិនខាន ដូច្នេះបើគិតសរុបទាំងអស់ សមាជិករដ្ឋាភិបាលដែលនឹងត្រូវតែងតាំងតាមក្រោយទៀត ច្បាស់ជាមិនតិចជាង ៨ពាន់នាក់ទេ ដូច្នេះបើបូកសរុបទាំងអស់ សមាជិករដ្ឋាភិបាលថ្មីនេះនឹងមានចំនួនមិនតិចជាង ១ម៉ឺននាក់នោះឡើយ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះត្អូញត្អែរថា គួរឱ្យអាណិតប្រជារាស្ត្រខ្មែរដែលខំបង់ពន្ធឱ្យរដ្ឋដើម្បីកសាងជាតិ ប៉ុន្តែលុយបង់ពន្ធទាំងនោះត្រូវបែងចែកមួយចំណែកធំដើម្បីចិញ្ចឹមមន្ត្រីជាន់ខ្ពស់ ទីប្រឹក្សា និងជំនួយការដ៏ច្រើនលើសលប់ដូចដែលគេបានឃើញស្រាប់នៅពេលនេះ ខណៈប្រសិទ្ធភាពការងារត្រូវគេមើលឃើញថាស្ថិតក្នុងភាពអវិជ្ជមានដូចរដ្ឋាភិបាលចាស់ដដែល។
យ៉ាងនេះក្តី អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកបានឃើញអ្នកវិភាគមួយចំនួននាំគ្នារិះគន់ថា កម្ពុជាមានសមាជិករដ្ឋាភិបាលច្រើនលើសលប់ ហើយពួកគេប្រៀបធៀបថាប្រទេសផ្សេងមានសមាជិករដ្ឋាភិបាលតិចជាងកម្ពុជា ខណៈប្រជាជនរបស់គេមានរាប់សិបលាននាក់។
លោក ខៀវ កាញារីទ្ធ លើកឡើងថា ប្រហែលជាអ្នកវិភាគទាំងនោះមិនស្គាល់ពាក្យថា «សមាជិករដ្ឋាភិបាល» និង «មន្ត្រីរាជការ» ទេ បានជាពួកគេចេះតែរិះគន់គ្មានភាពអៀនខ្មាសបែបនេះ ដូច្នេះពួកគេគួររៀនសូត្រឡើងវិញចំពោះបញ្ហានេះ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សួន សុរីដា លើកឡើងថា ប្រទេសអូស្ត្រាលីមានប្រជាជន ២៦លាននាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសនេះមានចំនួនតិចជាងកម្ពុជាឆ្ងាយណាស់ ក្នុងនោះសមាជិកព្រឹទ្ធសភាមានចំនួន ៧៦នាក់ សមាជិករដ្ឋសភាមានចំនួន ១៥១នាក់ ស្ថាប័នរដ្ឋាភិបាលមានសមាជិក ៣១នាក់ ដែលមាននាយករដ្ឋមន្ត្រីម្នាក់ រដ្ឋមន្ត្រី ១៨នាក់ និងអនុរដ្ឋមន្ត្រី ១២នាក់ប៉ុណ្ណោះ ព្រោះថាប្រទេសនេះគ្មានឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សាដូចប្រទេសកម្ពុជាឡើយ។
ចំណែកនៅប្រទេសវៀតណាមវិញ មានប្រជាជន ៩៧លាននាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់គេមានត្រឹមតែ ១០៥នាក់ប៉ុណ្ណោះ ក្នុងនោះគឺមាននាយករដ្ឋមន្ត្រី ១នាក់ ឧបនាយករដ្ឋមន្ត្រី ៤នាក់ រដ្ឋមន្ត្រី ២០នាក់ ដើម្បីដឹកនាំក្រសួងទាំង២០ និងអនុរដ្ឋមន្ត្រីត្រឹមតែ ៨០នាក់ប៉ុណ្ណោះ។
ដូច្នេះ បើសរុបចំនួនសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលី គឺមានចំនួនត្រឹមតែ ២៨៩នាក់ប៉ុណ្ណោះ ហើយបើបូកបញ្ចូលគ្នាជាមួយចំនួនមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម ដែលមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីដែលមានចំនួនសរុប ២១០នាក់ គឺបានត្រឹមតែ ៤៩៩នាក់ប៉ុណ្ណោះ ខណៈកម្ពុជាមានប្រជាជនប្រមាណជា ១៧លាននាក់ មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដល់ទៅជាង ១ពាន់នាក់ (១៥៤៣នាក់) ឯណោះ។
សមាជិករដ្ឋាភិបាលថ្មីអាណត្តិទី៧ រួមមាននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងក្រុមអ្នកពិធីការនាយករដ្ឋមន្ត្រីមានចំនួនសរុបជាង ២ពាន់នាក់ (២១៨០នាក់) ហើយខណៈទីប្រឹក្សា និងជំនួយការរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងទីប្រឹក្សា ជំនួយការអមក្រសួងស្ថាប័នទាំង ៣០ នឹងត្រូវតែងតាំងបន្តទៀត គេមិនទាន់ដឹងពីចំនួនជាក់លាក់នៅឡើយទេ៕