គ្រប់រដ្ឋការនៃប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ មិនដែលចង់ឱ្យតៃវ៉ាន់បាត់របូតទៅក្រោមដំបូលបក្សកុម្មុយនីស្តចិនដាច់ខាត ទោះជាដឹងថាចិនអាចវាយយកកោះតៃវ៉ាន់បានយ៉ាងងាយក៏ដោយនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែប្រកាន់ថា តៃវ៉ាន់គឺជារដ្ឋអធិបតេយ្យប្រជាធិបតេយ្យមួយដ៏ខ្លាំង និងជាដៃគូមិនអាចខ្វះបានរបស់ក្រុងវ៉ាស៊ីនតោន។
ឆ្លងកាត់ពីរដ្ឋការមួយទៅរដ្ឋការមួយនៃមេដឹកនាំសហរដ្ឋអាមេរិក មិនដែលទុកឱ្យចិនគំរាមតៃវ៉ាន់ងាយៗឡើយ។ ឱ្យតែចិនគំរាម ឬបញ្ជូននាវាចម្បាំងធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ គេសង្កេតឃើញប្រធានាធិបតីអាមេរិក ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ហើយក៏សម្រេចបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅការពារដែនកោះតៃវ៉ាន់ជាបន្ទាន់។ សហរដ្ឋអាមេរិកធ្វើដូចនេះ ដោយយោងលើកិច្ចព្រមព្រៀងរួមគ្នា។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៥៥ ខណៈតៃវ៉ាន់នៅតែប្រកាន់របបសាធារណរដ្ឋចិន។
យោងតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកប្រៀបបានជាអាណាព្យាបាលកោះតៃវ៉ាន់ និងការពារតៃវ៉ាន់គ្រប់កាលៈទេសៈទាំងអស់ ដែលដែនកោះមួយនេះរងការបំពានពីសំណាក់ប្រទេសចិន។
តែបើយោងតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លេខ២៧៥៨ នៅឆ្នាំ១៩៧១ តៃវ៉ាន់ គឺជាដែនកោះ ឬជាខេត្តរបស់ចិន ព្រោះក្រុងប៉េកាំងដណ្ដើមបានអាសនៈរបស់សាធារណរដ្ឋចិន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១។ មានន័យថា តៃវ៉ាន់ជាដែនកោះមួយក្នុងដែនអធិបតេយ្យរបស់ចិន។ ដូច្នេះហើយបានជាក្រុងប៉េកាំងសព្វថ្ងៃនេះដែលស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត បានហៅតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ទោះជាតៃវ៉ាន់មិនព្រមចំណុះឱ្យខ្លួនក៏ដោយ។
មួយរយៈពេលចុងក្រោយនេះ ក្រុងប៉េកាំងព្យាយាមសម្បើមណាស់ក្នុងការគំរាមវាយប្រហារតៃវ៉ាន់ ដោយសំអាងថា ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លេខ២៧៥៨ បានផ្ដល់ឱ្យចិនមានសិទ្ធិវាយយកតៃវ៉ាន់មកស្ថិតនៅក្រោមបក្សកុម្មុយនីស្តរបស់ខ្លួន ប្រសិនបើអាជ្ញាធរដែនកោះមួយនេះមិនព្រមមកស្ថិតនៅក្នុងចំណុះរបស់ក្រុងប៉េកាំង។
ចុះហេតុអ្វីបានជាតៃវ៉ាន់មិនខ្លាចញញើតចិន បើទោះជាដឹងថាចិនមានកងទ័ពរាប់សិបលាននាក់យ៉ាងណាក៏ដោយនោះ?
អ្វីដែលតៃវ៉ាន់មិនដែលចុះញ៉មនឹងក្រុងប៉េកាំងម្ដងណានោះ គេអាចមើលឃើញសហរដ្ឋអាមេរិកនៅពីក្រោយ ដែលជាខ្នងបង្អែកដ៏រឹងមាំរាប់ទសវត្សមកហើយនោះ។ តៃវ៉ាន់ហ៊ានគំរាមចិនវិញ ក៏ដោយសារតែអាមេរិក។ តៃវ៉ាន់ធ្វើសមយុទ្ធគំរាមចិនសុទ្ធតែប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក។
ចុងក្រោយនេះ នៅពេលដែលចិនបញ្ជូននាវាចម្បាំងជាង ៣០គ្រឿងឡោមព័ទ្ធតៃវ៉ាន់ដោយបាញ់គ្រាប់មីស៊ីលទម្លាក់ក្បែរកោះតៃវ៉ាន់ រហូតដល់ក្រុងប៉េកាំងបញ្ចេញយន្តហោះចម្បាំងម្ដងៗរាប់សិបគ្រឿងហោះរំលោភដែនអាកាសរបស់តៃវ៉ាន់ ក៏តៃវ៉ាន់មិនខ្លាចញញើត ហើយមិនតែប៉ុណ្ណោះ តៃវ៉ាន់ធ្វើសមយុទ្ធគំរាមចិនវិញទៀតផង។
ត្រង់នេះហើយដែលតៃវ៉ាន់ក្រោមការដឹកនាំរបស់អ្នកស្រី សាយ អ៊ឹងវិន គេហៅថាស្ត្រីបេះដូងដែកហ៊ានសម្រេចប្រឈមមុខនឹងចិន បើទោះជាតៃវ៉ាន់មានទ័ពត្រឹម ៣០ម៉ឺននាក់ ហើយចិនមានទ័ពរាប់សិបលាននាក់យ៉ាងណាក៏ដោយនោះ។
សកម្មភាពរបស់កងទ័ពតៃវ៉ាន់ដែលគំរាមចិន ក៏ស្របនឹងសហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងរបស់ពួកគេរាប់សិបគ្រឿងទៅដាក់ពង្រាយនៅជាប់នឹងកោះតៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ ទ័ពម៉ារីនរបស់អាមេរិករាប់រយនាក់ក៏ឡើងលើកោះតៃវ៉ាន់ផងដែរ។
នេះជាផ្នែកមួយដែលតៃវ៉ាន់មានអាមេរិកជាខ្នងបង្អែក ទើបហ៊ានជល់ជាមួយចិនក្នុងឋានៈតៃវ៉ាន់ជាដែនកោះប្រជាធិបតេយ្យដ៏រឹងមាំដែលជាដៃគូសម្ព័ន្ធភាពប្រជាធិបតេយ្យរបស់អាមេរិក និងពួកបស្ចិមប្រទេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
រដ្ឋការរបស់លោក ចូ បៃដិន តែងតែព្រមានចិនកុំឲ្យបំពានតៃវ៉ាន់ឲ្យសោះ គឺវានាំទៅរកសង្គ្រាមដែលទីក្រុងវ៉ាស៊ីនតោនត្រូវតែអន្តរាគមន៍ជួយតៃវ៉ាន់ ដោយយោងតាមកិច្ចព្រមព្រៀងរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកឆ្នាំ១៩៥៥ និងឆ្នាំ១៩៧១។
តៃវ៉ាន់ជារដ្ឋអធិបតេយ្យប្រជាធិបតេយ្យដ៏ខ្លាំងនៅអាស៊ីប៉ាស៊ីហ្វិក
លោក ចូ បៃដិន ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកត្រូវគេមើលឃើញថាជាមេដឹកនាំនៃប្រទេសមហាអំណាចមួយដ៏មានឥទ្ធិពលនៅពីក្រោយកោះតៃវ៉ាន់។ គេកត់សម្គាល់ឃើញថា រាល់ជំនួបប្រធានាធិបតីរវាងលោក បៃដិន និងលោក ស៊ី ជីងពីង គឺលោក បៃដិន តែងតែព្រមានលោក ស៊ី កុំលើកទ័ពបំពានតៃវ៉ាន់ឲ្យសោះ ដោយប្រាប់ថាអាមេរិកនឹងលើកទ័ពអន្តរាគមន៍ជួយតៃវ៉ាន់ក្រោមហេតុផលការពារប្រជាធិបតេយ្យរបស់ដែនកោះមួយនេះ។
ចំណែកឯលោក ស៊ី ជីងពីង បានព្រមានថា អាមេរិកចូលចិត្តលេងភ្លើងដែលងាយរលាកដៃករណីកោះតៃវ៉ាន់។
យ៉ាងណាក៏ដោយ ចិនត្រូវបានគេមើលឃើញថាងាយលើកទ័ពចូលលុកលុយដែនកោះតៃវ៉ាន់ ប៉ុន្តែងាយគ្រោះថ្នាក់បំផុត បើអាមេរិកអន្តរាគមន៍លើកទ័ពជួយតៃវ៉ាន់ ព្រោះតៃវ៉ាន់ពុំមានព្រំដែនគោកជាប់នឹងចិននោះទេ គឺត្រូវឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលលាតសន្ធឹងពីក្រុងប៉េកាំង គឺយ៉ាងតិចជិត ២០០គីឡូម៉ែត្រទើបមកដល់កោះតៃវ៉ាន់។
អ្នកជំនាញយោធារបស់អាមេរិកាំងព្រមានចិនថា ទោះជាចិនប្រើនាវាចម្បាំងរាប់រយគ្រឿងក៏ដោយ មិនប្រាកដថានាវាទាំងនោះងាយឆ្លងផុតច្រកសមុទ្រតៃវ៉ាន់បាននោះណាស់ ព្រោះវាអាចត្រូវបានបាញ់កម្ទេចដោយគ្រាប់មីស៊ីលរបស់តៃវ៉ាន់ និងការទម្លាក់គ្រាប់បែកពីយន្តហោះរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 B-1 និង B-2 ជាដើម ដែលអានុភាពរបស់យន្តហោះទាំងនេះងាយវាយបង្ក្រាបទ័ពចិន។
សរុបទៅ ក្រោមបុព្វហេតុនៃរដ្ឋអធិបតេយ្យប្រជាធិបតេយ្យរបស់តៃវ៉ាន់ នាំឲ្យចិនពិបាកលេបតៃវ៉ាន់ ព្រោះតែសហរដ្ឋអាមេរិកជាមេប្រជាធិបតេយ្យពិភពលោក និងជាមេប្រជាធិបតេយ្យរបស់តៃវ៉ាន់៕