28 C
Phnom Penh

សហព័ន្ធ​ខ្មែរក្រោម​ស្នើ​លោក ចូ បៃដិន ពិនិត្យ​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ឯកភាព​នឹង​សំណើ​របស់​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន ពិនិត្យ​លើ​សិទ្ធិ​សេរីភាព​នានា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​វៀតណាម​សព្វថ្ងៃ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ខែ​កញ្ញា នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ជា​ជនជាតិ​ភាគតិច​លើ​ទឹកដី​របស់​ខ្លួន​សព្វថ្ងៃ​នេះ គឺជា​រឿង​ត្រឹមត្រូវ​បំផុត ព្រោះ​ថា​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​នៃ​ពូជសាសន៍​មួយ គឺជា​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ត្រូវតែ​ធ្វើ​ដើម្បី​ពូជសាសន៍ និង​ទឹកដី​របស់​ខ្លួន​ដែល​មិន​អាច​ខ្វះ​បាន។

លោក ម៉ែន ណាត លើកឡើង​ថា ការ​តវ៉ា​ទាមទារ​សិទ្ធិ​ជា​ពលរដ្ឋ​ម្ចាស់​ស្រុក​អាច​ធ្វើ​ទៅ​បាន និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្លាំង​បំផុត​នោះ គឺ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​រដ្ឋាភិបាល​ឯករាជ្យ និង​ជា​រដ្ឋាភិបាល​ដែល​យកចិត្ត​ទុកដាក់​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

លោក​ថា បើ​សង្ឃឹម​លើ​រដ្ឋាភិបាល​ដែល​បន្ត​ពូជ​កាន់​អំណាច​ពី​ឪពុក​ទៅ​កូន​ដូច​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ពិត​ជា​គ្មាន​សង្ឃឹម​ឡើយ ត្បិត​រដ្ឋាភិបាល​ខ្មែរ​សព្វថ្ងៃ​នេះ​មិនមែន​ជា​រដ្ឋាភិបាល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី​គ្រួសារ​អ្នក​មាន​អំណាច ដើម្បី​រក​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​របស់​គេ​ប៉ុណ្ណោះ ដូច្នេះ​ទោះ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា​ពី​ការ​ជិះជាន់ គាបសង្កត់ និង​ការ​រំលោភ​បំពាន​ពី​សំណាក់​បរទេស​ជិតខាង​ក៏ដោយ ក៏​ពួកគេ​មិន​អើពើ​ដែរ សំខាន់​កុំ​ឱ្យ​តែ​ពួកគេ​បាត់បង់​ផល​ប្រយោជន៍ និង​អំណាច​គ្រួសារ​របស់​គេ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​សហរដ្ឋ​អាមេរិក មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃដិន ទៅ​កាន់​ប្រទេស​វៀតណាម ថា លោក​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ពិនិត្យ​លើ​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ​នេះ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​បាន​លើកឡើង​នូវ​សំណើ​មួយ​ចំនួន​របស់​លោក​ទៅ​កាន់​មន្ត្រី​សេតវិមាន ដូចជា​ការ​ស្នើសុំ​ឱ្យ​ពិនិត្យ​លើ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម រួម​មាន​លោក ថាច់ គឿង លោក តោ ហ្វាងចឿង អ្នកស្រី ឌិន ធីហ្វិន និង​លោក យ័ញ ម៉ិញក្វាង ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ជាង​នេះ​ទៀត លោក​ក៏​បាន​ស្នើ​ឱ្យ​អាមេរិក​ពិនិត្យ​លើ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ ត្បិត​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ចង់​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​សព្វថ្ងៃ​នេះ ត្រូវតែ​មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​វៀតណាម​ជា​មុន ខណៈ​ត្រា​នៅ​តាម​វត្ត​នីមួយៗ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ប្តូរ​ទៅ​ជា​អក្សរ​វៀតណាម​ទាំងអស់។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ពិនិត្យ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ដែល​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ​នេះ​កំពុង​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​កើន​ឡើង​នៃ​ទឹកសមុទ្រ​ដែល​ចេះ​តែ​បន្ត​លិច​លើ​ដី​កសិកម្ម​នៅ​តំបន់​ទំនាប​របស់​ពួកគេ ដែល​មិន​អាច​ប្រកប​របរ​កសិកម្ម​បាន​ដូច​មុន។

លោក ប្រាក់ សេរីវុឌ្ឍ អះអាង​ថា លោក​ក៏​បាន​ស្នើ​ឱ្យ​មន្ត្រី​សេតវិមាន​សហរដ្ឋ​អាមេរិក​ពិនិត្យ​លើ​ការ​ធ្វើ​ជំរឿន​ពលរដ្ឋ​ខ្មែរក្រោម​ឡើងវិញ​ផង​ដែរ ត្បិត​រដ្ឋាភិបាល​វៀតណាម​នៅ​ពេលនេះ​បាន​កំណត់​ចំនួន​ពលរដ្ឋ​ខ្មែរ​ថា​មាន​ចំនួន​ត្រឹមតែ​ប្រមាណ​ជា ៨​សែន​នាក់​ប៉ុណ្ណោះ ខណៈ​ចំនួន​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​មាន​ប្រហែល​ជាង ៧​លាន​នាក់​ទៅ​ហើយ​នោះ ហើយ​ការ​កំណត់​របស់​រដ្ឋាភិបាល​វៀតណាម​បែប​នេះ គឺ​ក្នុង​បំណង​លេប​យក​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​ផង និង​ដើម្បី​បំបាត់​ពលរដ្ឋ​ខ្មែរក្រោម​ពី​ទឹកដី​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

លោក​បន្ថែម​ថា ក្រៅពី​បញ្ហា​ខាងលើ លោក​ក៏​បាន​ស្នើ​ឱ្យ​លោក ចូ បៃដិន ពិនិត្យ​លើ​ការ​រំលោភ​យក​ដីធ្លី​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ដើម្បី​យក​ទៅ​ជួល​ឱ្យ​ក្រុមហ៊ុន​បរទេស​កន្លងមក និង​ស្នើ​ឱ្យ​ជួយ​ពិនិត្យ​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត​ខ្មែរក្រោម ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​នៅ​កន្លែង​ធ្វើការ​ជា​លក្ខណៈ​រើសអើង​ពូជសាសន៍​ផង​ដែរ។

ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ជាង ៦​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា (៦៧៧០០​គីឡូម៉ែត្រ​ក្រឡា) និង​មាន​ខេត្ត​សរុប​ចំនួន ២១ ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​បារាំង​ចុះហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ត្រួតត្រា កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ កន្លងទៅ ហើយ​បើ​គិត​មក​ដល់​ឆ្នាំ​២០២៣ នេះ ទឹកដី​កម្ពុជា​ក្រោម​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​អស់​រយៈពេល ៧៤​ឆ្នាំ​ហើយ។

បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ប្រមាណ​ជាង ៧​លាន​នាក់ និង​មាន​វត្តអារាម​ពុទ្ធសាសនា​ចំនួន​ជាង ៤០០​វត្ត (៤៦១​វត្ត) ក្នុង​នោះ ខេត្ត​ព្រះត្រពាំង មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើន​ជាងគេ​ដែល​មាន​វត្ត​សរុប​រហូត​ដល់​ទៅ ១៤៣​វត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស