32 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​ជិត​១៣០០​ហិកតារ​ឱ្យ​ឧកញ៉ា ឃុន សៀ អភិវឌ្ឍ​ទីក្រុង​រណប​នៅ​ខេត្ត​កែប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ដី​ជាង ១២០០​ហិកតារ ស្ថិត​នៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ប្រគល់​ឲ្យ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ របស់​ឧកញ៉ា ឃុន សៀ ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​កាត់​ដី​ទំហំ ១៤៦៧​ហិកតារ​នៅ​ចំនួន ២​ទីតាំង ក្នុង​នោះ​ដី​ទំហំ ២៨៥​ហិកតារ​នៅ​សង្កាត់​កែប ក្រុង​កែប និង​នៅ​ឃុំ​អង្កោល រួម​ទាំង​ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប។

លើស​ពី​នេះ​ទៀត ដី​ទំហំ ២២០​ហិកតារ​ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ខេត្ត​កែប សម្រាប់​រៀបចំ​ជា​ពហុកីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។ ចំណែក​ដី​ទំហំ​ចំនួន ១២៤៧​ហិកតារ​ស្ថិត​នៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ សម្រាប់​អភិវឌ្ឍ​គម្រោង​វិនិយោគ​ទីក្រុង​រណប និង​តំបន់​ទេសចរណ៍​ពិសិដ្ឋ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ការ​សម្រេច​កាត់​ផ្ទៃដី​នេះ ធ្វើឡើង​យោង​តាម​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ក្រៅពី​កាត់​ដី​ជិត ១៣០០​ហិកតារ​ប្រគល់​ឲ្យ​ឧកញ៉ា ឃុន សៀ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ ក៏​បាន​កាត់​ឆ្វៀល​ផ្ទៃដី​អាងទឹក​ស្វាយខម ស្ថិត​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ ដើម្បី​ធ្វើ​កម្មសិទ្ធិ​ផង​ដែរ។

លើស​ពី​នេះ ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ជួល​ផ្ទៃដី​បឹង​វាល​សំណាប​សរុប ៣៥០០​ហិកតារ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ឃុន សៀ សម្រាប់​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ ខណៈ​ឆ្នាំ​២០២០ ដដែល រដ្ឋាភិបាល​ក៏​បាន​កាត់​ដី​កោះមាស​ដែល​មាន​ទំហំ ៣៤០​ហិកតារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កណ្តាល ទៅ​ឲ្យ​ក្រុមហ៊ុន ឃុន សៀ ដើម្បី​អភិវឌ្ឍ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស