សមាជិករដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលើកបន្តុបលោក ហ៊ុន ម៉ាណែត បានកើនឡើងដល់ជាង ១៥០០នាក់ហើយ (១៥៤៦នាក់) ដោយគិតត្រឹមតែឋានៈចាប់ពីអនុរដ្ឋលេខាធិការឡើងទៅដល់នាយករដ្ឋមន្ត្រី ហើយចំនួននេះកើនលើសសមាជិករដ្ឋាភិបាលចាស់ជិត ១ពាន់នាក់។
កម្ពុជាមានចំនួនប្រជាជនប្រមាណ ១៧លាននាក់ ប៉ុន្តែការតែងតាំងសមាជិករដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ដឹកនាំប្រទេស ត្រូវគេមើលឃើញថាមានទំហំច្រើនលើសលប់ ក្នុងនោះមាននាយករដ្ឋមន្ត្រីម្នាក់ ឧបនាយករដ្ឋមន្ត្រី ១០នាក់ ទេសរដ្ឋមន្ត្រី ២១នាក់ រដ្ឋមន្ត្រី ៣០នាក់ មន្ត្រីខុទ្ទកាល័យ ២៤នាក់ ក្រុមអ្នកពិធីការនាយករដ្ឋមន្ត្រី ៥នាក់ ប្រតិភូអមនាយករដ្ឋមន្ត្រី ២៩នាក់ រដ្ឋលេខាធិការ ៧៣៧នាក់ និងអនុរដ្ឋលេខាធិការ ៦៨៩នាក់ ដែលគិតជាសរុបគឺមានចំនួនជាង ១៥០០នាក់ (១៥៤៦នាក់)។
ចំនួននេះមានការកើនឡើងទ្វេដង បើប្រៀបធៀបនឹងរដ្ឋាភិបាលហើមប៉ោងដែលដឹកនាំដោយលោក ហ៊ុន សែន ដែលមានចំនួនជាង ៧០០នាក់ (៧០៨នាក់) កាលពីអាណត្តិទី៦ កន្លងទៅ។
សមាជិករដ្ឋាភិបាលដែលត្រូវបានតែងតាំងទាំងនេះ ត្រូវគេមើលឃើញថាមានទំហំធំហួសហេតុ ប៉ុន្តែការតែងតាំងទីប្រឹក្សា និងជំនួយការរបស់មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សា និងជំនួយការអមក្រសួងស្ថាប័ននៃរដ្ឋាភិបាលក្បាលធំមួយនេះ ក៏មានចំនួនច្រើនលើសលប់មិនធម្មតាដែរ ដែលមកដល់ពេលនេះ ទីប្រឹក្សា និងជំនួយការត្រូវបានតែងតាំងមានចំនួនកើនឡើងដល់ជាង ៣៤០០នាក់ (៣៤០៨នាក់) ហើយ ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ រួមទាំងក្រសួងស្ថាប័នជាង ២០ ផ្សេងទៀតនៅមិនទាន់ប្រកាសតែងតាំងទីប្រឹក្សា និងជំនួយការរបស់ពួកគេនៅឡើយទេ។
សមាជិករដ្ឋាភិបាលអាណត្តិទី៧ របស់ប្រទេសកម្ពុជា ត្រូវគេមើលឃើញថាមានទំហំធំជ្រុលហួស បើប្រៀបធៀបជាមួយប្រទេសជិតខាងដែលមានចំនួនពលរដ្ឋដល់ទៅរាប់សិបលាននាក់។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែកញ្ញា នេះថា សមាជិករដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត សម្រាប់អាណត្តិទី៧ នេះ កំពុងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពលរដ្ឋដែលត្រូវបង់ពន្ធជូនរដ្ឋ ដើម្បីផ្តល់ជាប្រាក់បៀវត្សដល់មន្ត្រីទាំងនោះ ស្របពេលដែលពលរដ្ឋកំពុងស្ថិតក្នុងភាពក្រីក្រជំពាក់បំណុលធនាគារវ័ណ្ឌក ខណៈរដ្ឋាភិបាលគ្មានសមត្ថភាពធានាសេដ្ឋកិច្ចក្នុងការរកប្រាក់ចំណូលជូនពលរដ្ឋបានផងនោះ។
លោក អ៊ុំ សំអាន ត្អូញត្អែរថា លុយជាតិត្រូវបានបំផ្លាញទៅលើសមាជិករដ្ឋាភិបាលហើមប៉ោងរបស់លោក ហ៊ុន សែន អស់រាប់អាណត្តិមកហើយ ប៉ុន្តែមកដល់អាណត្តិទី៧ នេះ ស្រាប់តែលោក ហ៊ុន ម៉ាណែត តែងតាំងសមាជិករដ្ឋាភិបាលលើសឪពុករបស់គាត់ដល់ទៅជាង ៨០០នាក់ (៨៣៨នាក់) ថែមទៀត ហើយបើប្រៀបធៀបតួលេខនេះ គឺលើសរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ដល់ទៅរាប់ពាន់នាក់ឯណោះ ដែលនៅពេលនោះ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការត្រូវបានតែងតាំងនៅតាមក្រសួងស្ថាប័ននីមួយៗត្រឹមតែ ៣ ទៅ ៤នាក់ប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សួន សុរីដា បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលីមានប្រជាជន ២៦លាននាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសនេះមានចំនួនតិចជាងកម្ពុជាឆ្ងាយណាស់ ក្នុងនោះគឺសមាជិកព្រឹទ្ធសភាមានចំនួន ៧៦នាក់ សមាជិករដ្ឋសភាមានចំនួន ១៥១នាក់ និងសមាជិករដ្ឋាភិបាលមានត្រឹមតែ ៣១នាក់ប៉ុណ្ណោះ ក្នុងនោះគឺមាននាយករដ្ឋមន្ត្រីម្នាក់ រដ្ឋមន្ត្រី ១៨នាក់ និងអនុរដ្ឋមន្ត្រី ១២នាក់ ខណៈឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ជំនួយការ និងទីប្រឹក្សា មិនត្រូវបានតែងតាំងនោះទេ។
ចំណែកនៅប្រទេសវៀតណាមវិញមានប្រជាជនប្រមាណ ៩៧លាននាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសនេះមានត្រឹមតែ ១០៥នាក់ប៉ុណ្ណោះ ក្នុងនោះគឺមាននាយករដ្ឋមន្ត្រីម្នាក់ ឧបនាយករដ្ឋមន្ត្រី ៤នាក់ រដ្ឋមន្ត្រី ២០នាក់ ដើម្បីដឹកនាំក្រសួងទាំង ២០ និងអនុរដ្ឋមន្ត្រីមានត្រឹមតែ ៨០នាក់ប៉ុណ្ណោះ។
លោក សួន សុរីដា បញ្ជាក់ថា បើសរុបចំនួនសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលី ហើយបូកបញ្ចូលគ្នាជាមួយចំនួនមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម ដែលមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី គឺបានត្រឹមតែ ៤៩៩នាក់ប៉ុណ្ណោះ ដែលបង្ហាញថា ចំនួនសមាជិករដ្ឋាភិបាលនៃប្រទេសទាំងពីរនេះគឺបានត្រឹមតែ ៧,៧១% នៃទំហំសមាជិករដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
ក្រុមអ្នកវិភាគលើកឡើងថា ចំនួនសមាជិករដ្ឋាភិបាលរបស់ប្រទេសកម្ពុជាដែលមានទំហំច្រើនលើសលប់បែបនេះ មិនមែនជាសញ្ញាល្អធ្វើឱ្យប្រទេសជាតិរីកចម្រើននោះទេ ប៉ុន្តែវាគឺជាសញ្ញាអាក្រក់នៃការបំផ្លាញជាតិប៉ុណ្ណោះ ហើយការបំផ្លាញមុនគេបង្អស់ គឺបំផ្លាញលុយរបស់ពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋដើម្បីកសាងប្រទេសតែម្តង ហើយនេះគេនៅមិនទាន់គិតអំពីទំហំអំពើពុករលួយដែលនឹងកើតមានក្នុងរដ្ឋាភិបាលដែលចងក្រងសាច់ញាតិខ្លួនឯងឱ្យមកដឹកនាំប្រទេសនេះនៅឡើយទេ ដែលជាមេរោគបំផ្លាញប្រទេសកម្ពុជាកាន់តែអាក្រក់ថែមទៀត៕