27 C
Phnom Penh

អតីត​ចោរ​ប្លន់​ក្លាយ​ជា​មេ​ប៉ុស្តិ៍​នគរបាល ត្រូវ​បាន​ផ្អាក​តំណែង​តាម​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​ខេត្ត​កំពង់ធំ សម្រេច​ផ្អាក​ការងារ​អតីត​ចោរ​ប្លន់ គឺ​លោក ហុង សារ៉ុម មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ជា​បណ្ដោះអាសន្ន កាលពី​យប់​ថ្ងៃទី​១០ ខែ​កញ្ញា បន្ទាប់ពី​មាន​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​របស់​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្នុង​លិខិត​របស់​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ លោក ម៉ែន លី ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​សម្រេច​ផ្អាក​ការងារ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​សំព្រោជ ស្រុក​ស្ទោង ជា​បណ្ដោះអាសន្ន​នេះ ដោយ​សំអាង​ថា​មេ​ប៉ុស្តិ៍​រូប​នេះ​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នៅ​តុលាការ។

តែ​យ៉ាងណា ការ​សម្រេច​របស់​ស្នងការ​ខេត្ត​កំពង់ធំ​ភ្លាមៗ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​បទបញ្ជា​ទៅ​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ពិនិត្យ និង​ស្រាវជ្រាវ​ជាមួយ​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បន្ទាប់ពី​មាន​ប្រតិកម្ម​ករណី​តែងតាំង​បុគ្គល​ម្នាក់​ធ្វើ​ជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង នេះ។

ការ​ចេញ​បទបញ្ជា​បែប​នេះ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា បុគ្គល​ដែល​តែងតាំង​ជា​មេ​ប៉ុស្តិ៍​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​អ្នក​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ជាប់​ពន្ធនាគារ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​រក​ឃើញ​ថា​បុគ្គល​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មែន នោះ​គេ​ត្រូវ​ធ្វើ​ការ​កែប្រែ ឬ​ផ្លាស់ប្ដូរ​ភ្លាម។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​នូវ​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​ធ្វើការ​តែងតាំង​នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ទាំង​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ។

ក្រៅពី​មាន​ការ​តែងតាំង​មេ​ប៉ុស្តិ៍​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ គេ​ក៏​បាន​តែងតាំង​បុគ្គល​ម្នាក់​ឈ្មោះ សួន តុសិតពិទូរ្យ ដែល​ធ្លាប់​លក់​ថ្នាំញៀន​ជា​នាយរង​ការិយាល័យ​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ ដោយសារ​សង្គម​កម្ពុជា​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​គ្រឿងញៀន និង​អំពើ​ឧក្រិដ្ឋកម្ម ខណៈ​បុគ្គល​ដែល​លោក ហ៊ុន ម៉ាណែត តែងតាំង​កាលពី​ពេល​ថ្មីៗ​នេះ ក៏​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ជាដើម។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ចាត់ទុក​របៀប​ធ្វើ​ការងារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​ខុស​ពី​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន នោះ​ឡើយ។

លោក​ថា បើសិន​លោក ហ៊ុន ម៉ាណែត យល់​ពី​របៀប​ធ្វើ​ការងារ លោក​គួរ​ធ្វើការ​តាម​បែបបទ​រដ្ឋបាល មិនមែន​ចេញ​បញ្ជា​លើ​បណ្ដាញ​សង្គម​បែប​នេះ​ទេ ពីព្រោះ​រឿង​នេះ​មិនមែន​ជា​រឿង​ធំ​ឡើយ។

លោក​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​មើល​មន្ត្រី​ធំៗ និង​ពួក​ឧកញ៉ា​មួយ​ចំនួន​ទៀត ដូចជា​លោក ហ៊ុន ជា ឧកញ៉ា ហ៊ុន តូ និង​ឧកញ៉ា ម៉ុង ឫទ្ធី ជាដើម ដែល​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ថា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត។

លោក ម៉ែន ណាត បាន​ផ្ដល់​អនុសាសន៍​ទៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ធ្វើ​ការងារ​ទៅ​តាម​ឋានានុក្រម និង​ជំរុញ​ឲ្យ​ក្រសួង​សាមី​ធ្វើ​ការងារ​នេះ​វិញ ជាជាង​ដើរ​តួនាទី​ចាត់ចែង​ជំនួស​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដូច្នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស