នាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត នឹងត្រូវបំភ្លឺចំពោះមុខមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងជំនួបដាច់ដោយឡែកមួយនៅពេលដែលលោកមកចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។
ជំនួបដាច់ដោយឡែកនេះ ត្រូវគេដឹងថា ភាគីសហរដ្ឋអាមេរិកអាចនឹងលើកឡើងអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៥ កញ្ញា នេះថា កិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាមួយលោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺជាជំនួបលើកដំបូងបំផុតមួយចាប់តាំងពីលោក ហ៊ុន ម៉ាណែត ត្រូវបានដាក់ឲ្យដឹកនាំបន្តពីឪពុករបស់គាត់។
មន្ត្រីសហរដ្ឋអាមេរិករូបនោះបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដូចជាការកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ចន្ទធារី ព្រមទាំងសកម្មជនសង្គម និងសកម្មជននយោបាយដទៃទៀតដែលកំពុងរងនូវការចោទប្រកាន់ និងការចាប់ឃុំខ្លួនទាំងអយុត្តិធម៌នាពេលកន្លងមក។
មន្ត្រីការទូតសហរដ្ឋអាមេរិករូបនោះបញ្ជាក់ថា អ្វីដែលអាមេរិកកាន់តែចង់ដឹងពីជំហរនាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជាទៀតនោះ គឺថាតើកម្ពុជានឹងរក្សាជំហរដោយស្មោះត្រង់របស់ខ្លួនដូចម្តេចចំពោះបញ្ហាដ៏រសើបជុំវិញការសង្ស័យពីវត្តមានកងទ័ពចិននៅមូលដ្ឋានជើងទឹករាមរបស់កម្ពុជា ស្របពេលដែលមូលដ្ឋានយោធាជើងទឹករាម កំពុងត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ក្រោមជំនួយរបស់ចិន។
នៅពេលនេះ លោក ហ៊ុន ម៉ាណែត កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ក្នុងនោះនៅថ្ងៃសុក្រនេះ លោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរនៅឯមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប៉ុន្តែក្រសួងការបរទេសនៃប្រទេសទាំងពីរមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយបង្ហាញពីខ្លឹមសារនៃជំនួបនេះនៅឡើយទេ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយក្រុមហ៊ុនចិនធំៗផងដែរ ក្នុងនោះលោក ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់តំណាងក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) ដែលកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបច្ចុប្បន្ននេះថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យក្រុមហ៊ុននេះបន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា នយោបាយការទូតរវាងកម្ពុជា-អាមេរិក និងនយោបាយការទូតរវាងកម្ពុជា-ចិន សម្រាប់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គ្មានអ្វីប្លែកខុសពីជំនាន់លោក ហ៊ុន សែន ដឹកនាំនោះទេ គឺពួកគេនៅបន្តលេងល្បែងនយោបាយការទូតមិនស្មោះត្រង់ជាមួយសហរដ្ឋអាមេរិកដដែល ដោយលម្អៀងទៅរកចិន ដើម្បីងាយស្រួលក្នុងការខ្ចីលុយតាមទំនើងចិត្ត និងការការពារអំណាចគ្រួសាររបស់ខ្លួនទៅថ្ងៃមុខបន្តទៀតតែប៉ុណ្ណោះ៕