29 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​កន្លងមក​គឺ​ច្រើន​តែ​ផ្តល់​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ផ្តល់​សញ្ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ជនបរទេស​កន្លង​មក ច្រើនតែ​ផ្តល់​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​និគមជន​វៀតណាម ដែល​ចូល​ទៅ​រស់នៅ​កម្ពុជា​ខុស​ច្បាប់​ប៉ុណ្ណោះ ដោយ​ពួកគេ​អាច​ចំណាយ​លុយ​ចាប់ពី ១៣​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ គឺ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ភ្លាមៗ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ជនបរទេស​ដែល​បាន​ទិញ​សញ្ជាតិ​ខ្មែរ​មួយ​ចំនួន​កន្លង​មក ច្រើន​តែ​ជា​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ និង​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត ជាដើម ជាពិសេស​នោះ​គឺ​ជនជាតិ​ចិន​តែម្តង ខណៈ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ក៏​កំពុង​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការ​ស្នើសុំ​សញ្ជាតិ​ជា​បន្តបន្ទាប់​ដែរ​សព្វថ្ងៃ​នេះ។

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​បន្ត​ដឹកនាំ​ដូច​រដ្ឋាភិបាល​ចាស់​ដែល​លោក ហ៊ុន សែន ធ្លាប់​ដឹកនាំ តាមរយៈ​នៃ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ដែល​ជា​ឧក្រិដ្ឋជន​បែប​នេះ​ទៀត នោះ​កម្ពុជា​នឹង​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ ពីព្រោះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​នឹង​យក​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​នៃ​ការ​ចាប់​ជំរិត ការ​លាង​លុយ​កខ្វក់ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់តែ​ច្រើន​ឡើងៗ​ទៅ​ថ្ងៃ​មុខ។

លោក​បន្ត​ថា ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ ប៉ូលិស​សិង្ហបុរី បាន​ចាប់​ខ្លួន​ជនជាតិ​ចិន និង​មនុស្ស ៧​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ការ​លាង​លុយ​កខ្វក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​គេ​រក​ឃើញ​ថា ពួកគេ​សុទ្ធតែ​មាន​សញ្ជាតិ​ខ្មែរ​តាមរយៈ​លិខិត​ឆ្លងដែន​របស់​ពួកគេ​ដែល​បាន​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ជា​បន្តបន្ទាប់ ក្នុង​នោះ​មួយ​ចំនួន​ធំ​ត្រូវ​គេ​ដឹង​ថា​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ជនបរទេស ១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​មួយ ដែល​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ១​ពាន់​លាន​ដុល្លារ​សិង្ហបុរី ដែល​ស្មើ​នឹង​ជាង ៧០០​លាន​ដុល្លារ​អាមេរិក (៧៣៦​លាន​ដុល្លារ​អាមេរិក) ត្រូវ​បាន​រឹបអូស និង​បង្កក ក្នុង​ប្រតិបត្តិការ​នោះ។ ជាង​នេះ​ទៀត ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ៣​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​សញ្ជាតិ​ខ្មែរ ដែល​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា មុន​នឹង​ផ្តល់​សញ្ជាតិ​ឱ្យ​ជនបរទេស រដ្ឋាភិបាល​ត្រូវតែ​សិក្សា​អំពី​ប្រវត្តិរូប អំពី​ប្រភព​ចំណូល​របស់​ពួកគេ​ឱ្យ​បាន​ល្អិតល្អន់​ជា​មុន មិនមែន​ត្រឹមតែ​ថា​ឱ្យ​តែ​អ្នក​ណា​មាន​លុយ​វិនិយោគ ឬ​ក៏​មាន​លុយ​ជួយ​រដ្ឋាភិបាល អាច​ចូល​សញ្ជាតិ​ខ្មែរ​បាន​នោះ​ទេ។

លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ នឹង​បង្ក​ហានិភ័យ​ដល់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ​នៅ​ពេល​ក្រោយ។

លោក មាជ សុណ្ណារ៉ា លើកឡើង​ថា ប្រសិនបើ​លុយ​ទាំងអស់​នោះ​បាន​មកពី​បទឧក្រិដ្ឋ ដូចជា​ការ​លាង​លុយ​កង្វក់ ឬ​ការ​ជួញដូរ​មនុស្ស ដូច្នេះ​ការ​ផ្តល់​សញ្ជាតិ​នេះ​នឹង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ជា​មិនខាន ខណៈ​រដ្ឋាភិបាល​ខ្លួនឯង​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដោះស្រាយ​អំពើ​ឧក្រិដ្ឋកម្ម​នានា​ដែល​ក្រុម​ឧក្រិដ្ឋ​នោះ​បាន​ប្រព្រឹត្ត​ដែរ ដូចជា​ការ​យក​ទឹកដី​ខ្មែរ​ធ្វើ​ជា​មូលដ្ឋាន​ចាប់​ជំរិត ការ​ឆបោក ឬ​លាង​លុយ​កខ្វក់ ជាដើម។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ អាច​កើតឡើង​បាន​នៅ​ក្នុង​ករណី​ដែល​បុគ្គល​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឬ​តាមរយៈ​អាពាហ៍ពិពាហ៍ និង​ការ​សុំ​ចូល​សញ្ជាតិ ដែល​ហៅ​សញ្ជាតូបនីយកម្ម ជាដើម។

យ៉ាងណា​ក៏ដោយ ច្បាប់​ស្ដីពី​សញ្ជាតិ​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​បរមនាថ សីហមុនី ឡាយ​ព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ជា​ថ្មី​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្ដួចផ្ដើម​កែប្រែ​នូវ​ខ្លឹមសារ​មួយ​ចំនួន និង​ទទួល​បាន​ការ​យល់ព្រម​ទាំងស្រុង​ពី​រដ្ឋសភា​ជាតិ។

ខ្លឹមសារ​កែប្រែ​ក្នុង​ច្បាប់​ស្ដីពី​សញ្ជាតិ​ថ្មី​នេះ មិន​បាន​កំណត់​ទឹកប្រាក់​សម្រាប់​ជនបរទេស​ដែល​មាន​បំណង​ទិញ​សញ្ជាតិ​ខ្មែរ​នោះ​ទេ គឺ​សម្រេច​ទុក​សិទ្ធិ​នៃ​ការ​កំណត់​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ក្នុង​អនុក្រឹត្យ​វិញ ខណៈ​ច្បាប់​ចាស់​បាន​កំណត់​យ៉ាង​ច្បាស់​ថា ជនបរទេស​ដែល​បាន​ធ្វើ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជាង ១​ពាន់​លាន​រៀល (១២៥០​លាន​រៀល) ឬ​បរិច្ចាគ​លុយ​ជូន​រដ្ឋ​នូវ​ទឹកប្រាក់​ចាប់ពី ១​ពាន់​លាន​រៀល​ឡើង​ទៅ (១​ពាន់​លាន​រៀល) គឺ​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បាន រួម​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

កាលពី​អំឡុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០២២ កន្លង​ទៅ ជនបរទេស​ដែល​បាន​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​តាមរយៈ​នៃ​ការ​បរិច្ចាគ​ប្រាក់​ឱ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា មក​ទល់​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​សរុប​ដល់​ជាង ២​ពាន់​នាក់​ហើយ (២៥២៨​នាក់) ដែល​មកពី​សញ្ជាតិ​ដើម​ចំនួន ៥០ ខុសៗ​គ្នា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស