តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិមួយរូប រិះគន់ចំពោះការតែងតាំងស្នងការរងខេត្តមួយចំនួនរហូតទៅដល់ជិត ៥០នាក់ និងមេប៉ូលិសអន្តោប្រវេសន៍ ហើយអនុប្រធាននៃច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួនច្រើនលើសលប់ក្នុងអាណត្តិដឹកនាំដោយលោក ហ៊ុន ម៉ាណែត ថាធ្វើឲ្យពលរដ្ឋកាន់តែរងនូវបន្ទុកបង់ពន្ធធ្ងន់ធ្ងរ។
លោក អ៊ុំ សំអាន បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ កញ្ញា ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មិនមែនមានតែមន្ត្រីជាន់ខ្ពស់ ទីប្រឹក្សា និងជំនួយការរាប់ពាន់នាក់នោះទេ ប៉ុន្តែរដ្ឋាភិបាលលើកបន្តុបថ្មីនេះ ក៏បានតែងតាំងស្នងការរងនគរបាលច្រើនលើសលប់នៅតាមខេត្តនីមួយៗ ខណៈអភិបាលរង អគ្គនាយករង អនុប្រធាន នាយរងក៏ច្រើនលើសលប់ដែរ។ ជាក់ស្ដែង លោកថាគ្រាន់តែស្នងការរងនគរបាលខេត្តបាត់ដំបង មានចំនួន ៤៧នាក់ និងស្នងការរងនគរបាលខេត្តកំពត មានចំនួន ៣៤នាក់ ហើយស្នងការរងនគរបាលខេត្តព្រះសីហនុ មានចំនួន ២៧នាក់។ ចំនួននេះ បើប្រៀបធៀបទៅនឹងរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ វិញ លោកថាស្នងការរងនគរបាលនៅតាមខេត្តនីមួយៗមានតែចំនួន ៤នាក់ប៉ុណ្ណោះ។
ក្រៅពីតែងតាំងស្នងការរង និងអភិបាលរង រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ក៏បានតែងតាំងមេប៉ូលិស និងអនុប្រធានអន្តោប្រវេសន៍នៃច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ៩៩នាក់ ខណៈមេច្រកព្រំដែនមានទាំងនាយរងរាប់សិបនាក់ ហើយអគ្គនាយករង និងអនុប្រធាននាយកដ្ឋាននីមួយៗ ព្រមទាំងអភិបាលរងស្រុកនីមួយៗមានរាប់សិបនាក់ដែរ។
លោកបន្តថា រដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំ២០២៣ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បើប្រៀបធៀបជាមួយនឹងរដ្ឋាភិបាលឆ្នាំ១៩៩៣ វិញ លោកថាអភិបាលរង អគ្គនាយករង អនុប្រធាន នាយរងតាមស្ថាប័ននីមួយៗមានតែពីរ ឬបីនាក់ប៉ុណ្ណោះ។
លោកថា ការតែងតាំងមន្ត្រីសំពីងសំពោងបែបនេះ វានឹងធ្វើឲ្យពលរដ្ឋកាន់តែរងគ្រោះ និងទទួលបន្ទុកកាន់តែធ្ងន់បន្ថែមទៀតក្នុងការបង់ពន្ធ ដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត យកថវិកាដែលពលរដ្ឋបង់ពន្ធនោះ ទៅបើកប្រាក់ខែ ឬចិញ្ចឹមពួកអ្នកធំ និងមន្ត្រីទាំងនោះ។
លោក អ៊ុំ សំអាន អះអាងថា បច្ចុប្បន្នក្រុមមន្ត្រី និងអ្នកធំទាំងនោះកំពុងតែសប្បាយនឹងចែកតំណែង ចែកកូតា និងចែកអំណាចគ្នា ដោយមិនអាណិតពលរដ្ឋដែលខំបង់ពន្ធឡើយ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ទទួលបានតំណែងនាយករដ្ឋមន្ត្រីដែលឪពុកលើកបន្តុបកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គេសង្កេតឃើញរដ្ឋបាលរបស់លោកបានបង្កើនចំនួនទីប្រឹក្សា និងជំនួយការរបស់រដ្ឋាភិបាលចំនួនរាប់ពាន់នាក់។ ចំណែករដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងអគ្គនាយកនៅតាមក្រសួង ក៏បានកើនឡើងច្រើនលើសលប់ផងដែរ។
ការដាក់ចំនួនសមាជិករដ្ឋាភិបាលមានទំហំច្រើនលើសលប់បែបនេះ ត្រូវបានអ្នកវិភាគធ្លាប់លើកឡើងថា មិនមែនជាសញ្ញាល្អធ្វើឱ្យប្រទេសជាតិរីកចម្រើននោះទេ ប៉ុន្តែវាគឺជាសញ្ញាអាក្រក់នៃការបំផ្លាញជាតិប៉ុណ្ណោះ ហើយការបំផ្លាញមុនគេបង្អស់ គឺបំផ្លាញលុយរបស់ពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋដើម្បីកសាងប្រទេសតែម្តង៕