35 C
Phnom Penh

ជំនួយ​១៨​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​គឺ​ធ្វើ​ឡើង​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​អះអាង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កន្លង​មក ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​នោះ គឺ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ផ្ទាល់​នោះ​ទេ។

មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​នោះ គឺ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​កម្មវិធី​សិទ្ធិមនុស្ស ហើយ​ថវិកា​នេះ​គឺ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ឬ USAID ជា​អ្នក​ចាត់ចែង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថវិកា​នោះ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​អ្នក​អនុវត្ត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ស្ដីពី​លទ្ធផល​នៃ​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត ជាមួយ​លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រី​ការបរទេស​ស្តីទី​អាមេរិក នៅ​ថ្ងៃទី​២២​កញ្ញា បាន​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត លោកស្រី វ៉ិចតូរីយ៉ា នូលែន បាន​បញ្ជាក់​ថា អាមេរិក​សម្រេច​ផ្តល់​ជូន​ឡើងវិញ​នូវ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​ដែល​បាន​ផ្អាក​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣។

ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​មួយ​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ភ្លាមៗ​ពី​ការ​កាត់​ផ្ដាច់​ផ្នែក​ខ្លះ​នៃ​ជំនួយ​បរទេស​មក​ឲ្យ​កម្ពុជា រួម​ទាំង​ការ​រឹតត្បិត​ទិដ្ឋាការ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ថែម​ទៀត។

ការ​សម្រេច​បែប​នេះ គឺ​ដោយសារ​អាមេរិក​មើល​ឃើញ​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ របស់​កម្ពុជា ធ្វើឡើង​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស