30 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ជំនួយ​១៨​លាន​ដុល្លារ​របស់​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ថា ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ទើប​អាមេរិក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​ឱ្យ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​បោកប្រាស់​សហរដ្ឋ​អាមេរិក​ដែរ​ថា ខ្លួន​កំពុង​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ហ៊ាន​ទទួល​យក​ជំនួយ ១៨​លាន​ដុល្លារ​នេះ។

សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ជុំវិញ​ជំនួយ ១៨​លាន​ដុល្លារ​ដែល​អាមេរិក​សម្រេច​ផ្តល់​ឱ្យ​កម្ពុជា​នៅ​ពេលនេះ ធ្វើឡើង​ក្រោម​កិច្ចសន្យា​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​សហរដ្ឋ​អាមេរិក ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ប៉ុណ្ណោះ មិន​មែន​ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិនមែន​ដោយសារតែ​កម្ពុជា​បាន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ដែរ។

លោក មួង ណារ៉េត អះអាង​ថា ការ​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​ទាំងនេះ គឺ​ដោយសារតែ​លោក ហ៊ុន ម៉ាណែត ដឹង​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​មិន​បាន​ទទួលស្គាល់​រដ្ឋាភិបាល​របស់​គាត់​ទេ ប៉ុន្តែ​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ឱ្យ​យល់​ច្រឡំ​ថា រដ្ឋាភិបាល​អាមេរិក​បាន​ទទួលស្គាល់​ថា​រដ្ឋាភិបាល​របស់​គាត់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​គាត់​មាន​តែ​ធ្វើ​បែប​នេះ​ប៉ុណ្ណោះ។

សកម្មជន​សហគមន៍​ខ្មែរ​ក្រៅ​ស្រុក​រូប​នេះ​រំលឹក​ថា កាលពី​ដើម​ឆ្នាំ​២០១៧ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​សហរដ្ឋ​អាមេរិក​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ លោក ហ៊ុន សែន រិះគន់​ថា ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​ពី​អាមេរិក​ទៅ​កម្ពុជា គឺ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​គោលការណ៍​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​បែកបាក់​ព្រាត់ប្រាស​ក្រុម​គ្រួសារ​ជា​មិន​ខាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចំអក​ទៅ​កាន់​ក្រុម​ប្រឆាំង​ថា បើ​អាមេរិក​មិន​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ក៏​គេ​មិន​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​អាមេរិក​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ដែរ។

កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ដោយ​ចោទ​សួរ​ទៅ​កាន់​ក្រុម​ប្រឆាំង​ថា តើ​ពួកគេ​យល់​យ៉ាង​ណា​នៅ​ពេល​ដែល​អាមេរិក​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ១៨​លាន​ដុល្លារ​មក​ឲ្យ​កម្ពុជា​ឡើងវិញ​នៅ​ពេលនេះ។

លោក​បន្ថែម​ថា ការ​ប្រកាស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ដោយ​មិន​បាច់​ស្នើសុំ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ បែប​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា ជំនួយ ១៨​លាន​ដុល្លារ​នេះ​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​កម្ពុជា​ក្នុង​ការ​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វ៉ិចតូរីយ៉ា នូលែន បាន​បញ្ជាក់​ថា អាមេរិក​នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ឡើងវិញ​ក្នុង​ទំហំ​ទឹកប្រាក់ ១៨​លាន​ដុល្លារ​អាមេរិក​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ជុំវិញ​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ក្រោយ​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក្នុង​អំឡុង​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ជំនួយ​នេះ អាមេរិក​មិន​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ផ្ទាល់​នោះ​ទេ គឺ​សម្រាប់​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​តម្រូវ​ឱ្យ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ជា​អ្នក​ចាត់ចែង​ប៉ុណ្ណោះ។

មេដឹកនាំ​ប្រទេស​ផ្សេងៗ ដូចជា ថៃ វៀតណាម និង​កម្ពុជា ជាដើម បាន​នាំគ្នា​មក​ចូលរួម​មហាសន្និបាត​នៅ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា កន្លងទៅ ក្នុង​នោះ​ក្រោយ​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក កម្ពុជា​ទទួល​បាន​ជំនួយ ១៨​លាន​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស ឱ្យ​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ។

ចំណែក​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ លោក ស្រេតថា ថាវីស៊ីន ក៏​បាន​អះអាង​ដែរ​ថា អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ធំៗ​មួយ​ចំនួន​ដែរ ក្នុង​នោះ​រដ្ឋាភិបាល​ថៃ រំពឹង​ថា​នឹង​ទទួល​ការ​វិនិយោគ​យ៉ាងហោច ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Tesla ដោយ​ការ​វិនិយោគ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ខណៈ​ក្រុមហ៊ុន Microsoft និង Google ក៏​គ្រោង​នឹង​វិនិយោគ​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​ថៃ ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស