សកម្មជនបរិស្ថានមួយរូបបានទម្លាយថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនបង់លុយនោះទេ ដូច្នេះការផ្សព្វផ្សាយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាល្បិចភូតភរកុហកពលរដ្ឋខ្មែរដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។
សកម្មជនបរិស្ថាន កញ្ញា លឹម គឹមសួរ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញានៅថ្ងៃទី២៧ កញ្ញា នេះថា ខ្លួនបានផ្ញើសារទៅកាន់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Time Square Billboard តាមរយៈអីមែលកាលពីពេលថ្មីៗនេះទាក់ទិននឹងការផ្សាយរូបថតរបស់លោក ហ៊ុន ម៉ាណែត លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នៅ Time Square ក្នុងទីក្រុងញ៉ូវយ៉ក លើទឹកដីសហរដ្ឋអាមេរិក អំឡុងពេលគាត់ទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ កញ្ញា កន្លងទៅនេះ។ កញ្ញាបន្តថា ជាការឆ្លើយតបរបស់ក្រុមហ៊ុន គឺមិនដូចការអះអាងរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជានោះទេ។
កញ្ញា លឹម គឹមសួរ អះអាងថា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មបានឆ្លើយតបនឹងសារតាមអ៊ីមែលរបស់កញ្ញាថា Time Square Billboard មិនមានគោលការណ៍ផ្សព្វផ្សាយដោយមិនបង់លុយថ្លៃសេវានោះឡើយ ហើយជាងនេះទៅទៀត ការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នេះ ត្រូវបានហាមដាច់ខាតមិនឱ្យពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនេះបានបញ្ជាក់ច្បាស់ៗថា ពួកគេមិនស្គាល់ឈ្មោះ Devid Soth ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងថាជាយុវជនដែលកំពុងបម្រើការក្នុងក្រុមហ៊ុនរបស់ខ្លួននោះទេ ដូច្នេះមានន័យថា ការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលថាបុគ្គលឈ្មោះ Devid Soth គឺជាបុគ្គលិកសំខាន់របស់ក្រុមហ៊ុនរហូតអាចធ្វើឱ្យថៅកែក្រុមហ៊ុនយល់ព្រមផ្សព្វផ្សាយរូបលោក ហ៊ុន ម៉ាណែត ដោយគ្មានបង់លុយនោះ គឺរឹតតែបញ្ជាក់ថាមិនមែនជាការពិតថែមទៀត។
មន្ត្រីរដ្ឋាភិបាលកម្ពុជាកន្លងមកអះអាងថា រូបថតលោក ហ៊ុន ម៉ាណែត ដែលត្រូវបានប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅអាមេរិកអនុញ្ញាតឱ្យផ្សព្វផ្សាយលើប៉ាណូពាណិជ្ជកម្មរបស់ពួកគេ គឺធ្វើឡើងដោយមិនបង់លុយនោះទេ ដោយសារអាមេរិកស្វាគមន៍ដំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលជាឪពុកលោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ផ្ទាំងប៉ាណូនៅចំកណ្តាលទីក្រុងញូវយ៉ក តំបន់ Times Square ស្វាគមន៍វត្តមានលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលើទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ការផ្សព្វផ្សាយនោះធ្វើឡើងដោយបង់ប្រាក់ ឬមិនបានបង់ប្រាក់នោះទេ។
ផ្ទុយទៅវិញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ការផ្សាយរូបថតលោក ហ៊ុន ម៉ាណែត លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នៅ Time Square មិនមែនជាការរៀបចំរបស់រដ្ឋាភិបាលកម្ពុជាឡើយ ហើយរដ្ឋាភិបាលក៏មិនបានចំណាយលុយលើការផ្សព្វផ្សាយនេះដែរ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា ការផ្សព្វផ្សាយនេះ គឺផ្តើមចេញពីមនោសញ្ចេតនារបស់យុវជនម្នាក់ឈ្មោះ Devid Soth ដែលកំពុងបម្រើការក្នុងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនោះប៉ុណ្ណោះ ដែលរូបគេគឺជាបុគ្គលសំខាន់រហូតធ្វើឱ្យថៅកែក្រុមហ៊ុនផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់លោក ហ៊ុន ម៉ាណែត ដោយមិនគិតថ្លៃតែម្តង។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard បានឆ្លើយទៅកាន់សំណួរនានាពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបថតរបស់លោក ហ៊ុន ម៉ាណែត ថា ខ្លួនមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងនយោបាយឡើយ។
ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មខាងលើបញ្ជាក់ថា តម្លៃផ្សព្វផ្សាយក្នុងឱកាសពិសេសនៃការអបអរសាទរខួបរបស់ក្រុមហ៊ុននៅពេលនេះ គឺមានតម្លៃពិសេសត្រឹមតែ ៥០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១ថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៥ កញ្ញា ថា ការអះអាងថារូបលោក ហ៊ុន ម៉ាណែត ដែលត្រូវបានផ្សព្វផ្សាយលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នៅ Time Square ក្នុងទីក្រុងញូវយ៉ក រយៈពេល ១០ថ្ងៃដោយមិនបង់លុយ គឺជាការនិយាយបោកប្រាស់សុទ្ធសាធ ព្រោះថាសូម្បីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចង់ដាក់តាំងរូបរបស់គាត់លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម Billboard នេះ ក៏ត្រូវតែបង់លុយដែរ៕