34.7 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​រួម​ជា​កម្លាំង​ចលករ​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ចូលរួម​គ្នា​ជា​កម្លាំង​ចលករ​រំដោះ​ប្រទេស​កម្ពុជា​ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។

ការ​អះអាង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​អំឡុង​ពេល​ចូលរួម​ក្នុង​ពិធី​កាន់​បិណ្ឌ​នៅ​វត្ត​ភ្នំសេរី ទីក្រុង​ឡូវែល (Lowell) រដ្ឋ Massachusetts លើ​ទឹកដី​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​មិន​អាច​តវ៉ា​នឹង​របប​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​របស់​ត្រកូល​ហ៊ុន ដែល​កំពុង​ដឹកនាំ​ត​ត្រកូល​បាន​ទេ ដូច្នេះ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​ប្រឆាំង​នឹង​ការ​ដឹកនាំ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​តាំងពី​ឪពុក​រហូត​ដល់​កូន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា តាំងពី​ឪពុក​ដល់​កូន ត្រកូល​ហ៊ុន​បាន​រៀបចំ​ចាត់ចែង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​របប​មួយ​ដែល​ទុក​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជា​សត្វ​ធាតុ ដោយ​ពួកគេ​បិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ឱ្យ​គិត​ពី​សុខទុក្ខ​របស់​ប្រទេស​ជាតិ​ខ្លួនឯង​នោះ​ទេ ក្នុង​នោះ​អ្នក​ដែល​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ គឺ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ឬ​ត្រូវ​បាត់បង់​ជីវិត​ក្រោម​ឧបទ្ទវហេតុ​ផ្សេងៗ ជាដើម។

លោក សម រង្ស៊ី បន្ថែម​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន ក៏​បាន​ប្រើ​វិធី​ពង្វក់​យុវជន​ខ្មែរ​តាម​ល្បិចកល​អបាយមុខ​ជាច្រើន ដូចជា ការ​បើក​ដៃ​ឲ្យ​មាន​ការ​ចរាចរ​ថ្នាំញៀន​ពេញ​ប្រទេស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​ធ្លាក់​ចូល​ទៅ​ក្នុង​ឥទ្ធិពល​គ្រឿងញៀន ដែល​ជា​កត្តា​រុញច្រាន​ឱ្យ​ពួកគេ​លែង​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ​ទាំងអស់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សេចក្តី​ថ្លៃថ្នូរ មាន​ទឹកដី និង​មាន​ប្រវត្តិ​ជា​ពូជសាសន៍​ដ៏​រុងរឿង​ក្នុង​ពេល​អតីតកាល មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​បំផ្លាញ​អនាគត​របស់​ប្រទេស​ជាតិ​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ទៀត​នោះ​ទេ ព្រោះ​ថា​បច្ចុប្បន្ន​នេះ កម្ពុជា​ទាំងមូល​ស្ទើរតែ​ក្លាយ​ទៅ​ជា​ប្រទេស​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដែល​ពួកគេ​កំពុង​កាន់កាប់​ផ្ដាច់មុខ​ទៅ​ហើយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​រអិល​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​កាន់តែ​ជ្រៅ​ទៅៗ បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើក​បន្តុប​កូនប្រុស​របស់​គាត់​គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ធ្លាប់​បាន​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត​ហើយ ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​កាន់តែ​ខ្ពស់ៗ ដោយ​កម្ចាត់​អ្នក​ដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ។

ជាក់ស្តែង ក្រោយ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ថ្មី លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​តាម​សែស្រឡាយ​បក្ខពួក​ជា​បន្តបន្ទាប់ ក្នុង​នោះ​សមាជិក​រដ្ឋាភិបាល​ទាំង​ជាង ១​ពាន់​នាក់ (១៥៤៧​នាក់) ត្រូវ​គេ​មើល​ឃើញ​ថា សុទ្ធតែ​ជា​បក្ខពួក និង​សែស្រឡាយ​សាច់ញាតិ​របស់​ត្រកូល​ហ៊ុន​ទាំងអស់ ខណៈ​ស្ថាប័ន​កំពូល​របស់​ប្រទេស ដូចជា​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ក៏​ត្រូវ​បាន​ក្តោប​ក្តាប់​ដោយ​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ដែរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស