30 C
Phnom Penh

មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​ទទួល​ស្គាល់​ថា​មាន​ការ​រុករក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់ តែ​មិន​ដល់​១០០​ទីតាំង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរ​ក្រសួង​បរិស្ថាន​ខេត្ត​ក្រចេះ ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ក្រចេះ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រាកដ​មែន ប៉ុន្តែ​មិនមែន​ចំនួន ១០០​កន្លែង​ដូច​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ឡើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដើម​រាំង កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ចោទ​លើ​មន្ត្រី​បរិស្ថាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ ដើរ​យក​ប្រាក់​ពី​អ្នក​ជីក​បូម​មាស​ដោយ​ម៉ាស៊ីន ០១​គ្រឿង​ស្មើ​នឹង ៦០​ម៉ឺន​រៀល និង​មាន​ទីតាំង​រុករក​រ៉ែ​មាស​នេះ​ចំនួន ១០០​កន្លែង និង​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ខួង​ដើម្បី​រុករក​រ៉ែ​មាស​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

លើស​ពី​នេះ មន្ទីរ​បរិស្ថាន​ដដែល​ថា ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដើម​រាំង នេះ មិន​បាន​ស្វែងរក​មូលហេតុ ឬ​អង្គហេតុ​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​ចរិត​លក្ខណៈ​បង្កាច់បង្ខូច​ញុះញង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ។ ចំពោះ​ការ​ចុះផ្សាយ​ថា មន្ត្រី​ប្រមូល​ប្រាក់​ប្រើប្រាស់​ម៉ាស៊ីន​ខួង​រុករក​រ៉ែ​មាស និង​មាន​ទីតាំង​រុករក​រ៉ែ​មាស​ចំនួន ១០០​កន្លែង គឺ​មិនមែន​ជា​ការពិត​នោះ​ទេ។

ប្រភព​ដដែល​ថា កន្លងមក មន្ទីរ​បរិស្ថាន​បាន​ធ្វើ​ការ​ចុះ​ទប់ស្កាត់​បង្ក្រាប​ករណី​រុករក​បូម​រ៉ែ​មាស​នៅ​ចំណុច​សោមដីប៉ូ ក្នុង​នោះ​មន្ត្រី​បាន​ចុះ​ដល់​ទីតាំង​ប្រទះ​ឃើញ​ករណី​បូម​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ចំនួន ០៨​ទីតាំង ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​អស់ និង​បន្សល់​ទុក​រោង​ស្នាក់នៅ​ចំនួន ០៨​រោង ទុយោ​បូម​ទឹក​ចំនួន ០១​ដុំ​ប្រវែង ៨០​ម៉ែត្រ និង​ក្បាល​បូម​ទឹក​ចំនួន ០១​គ្រឿង និង​មិន​បាន​ប្រទះ​ឃើញ​អ្វី​ទៀត​ឡើយ ហើយ​មន្ត្រី​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត។

ដូច្នេះ មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​រុករក​រ៉ែ​មាស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មែន តែ​មិនមែន​ចំនួន ១០០​កន្លែង​ដូច​ព័ត៌មាន​ចុះផ្សាយ​ឡើយ។

មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បាន​ទាមទារ​ឲ្យ​សារព័ត៌មាន​ដើម​រាំង កែសម្រួល​នូវ​ខ្លឹមសារ​ចុះផ្សាយ​សាជាថ្មី​ក្រោម​ហេតុផល​ថា ដើម្បី​ឲ្យ​សាធារណជន​ឈប់​យល់​ច្រឡំ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង CYN លោក អូត ឡាទីន ចាត់ទុក​ការ​បំភ្លឺ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ថា​ជា​ការ​ទទួលស្គាល់​ពិត​ជា​មាន​ការ​រុករក​រ៉ែ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មែន។

លោក​ថា មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ស្រាយ​បំភ្លឺ​ការពារ​ថា​មិន​មាន​ទីតាំង​រុករក​រ៉ែ​មាស ១០០​កន្លែង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នោះ​ទេ ហើយ​មន្ត្រី​បរិស្ថាន​ក៏​មិន​ពុករលួយ​ដែរ ប៉ុន្តែ​ជាក់ស្ដែង ពិត​ជា​មាន​ការ​រុករក​រ៉ែ​មាស​មែន គ្រាន់តែ​មិនមែន ១០០​កន្លែង ហើយ​ចំពោះ​ថវិកា​វិញ ទំនង​ជា​ប្រជាពលរដ្ឋ​បង់​មែន ប៉ុន្តែ​គ្រាន់តែ​មិន​ដឹង​បង់​ជូន​ខាង​ណា​តែប៉ុណ្ណោះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ចាងហ្វាង​សារព័ត៌មាន​ដើម​រាំង លោក បូរ ប៊ុនថន បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស