30 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម​ជាង​២៦​ហិកតារ​ជួល​អចិន្ត្រៃយ៍​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​នៅ​កម្ពុជា​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ជាង ២០​ហិកតារ (២៦ ហិកតារ ៥៤​អា និង ២៤​សង់ទីអា) ជួល​អចិន្ត្រៃយ៍​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធំៗ​ចំនួន ៤ នៅ​ដើម​ឆ្នាំ​២០២៣ នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​មាន​អំណាច​បញ្ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ពីក្រោយ​ខ្នង​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា លោក​សម្រេច​ជួល​ដី​ទំហំ​ជាង ២០​ម៉ឺន​ម៉ែត្រ​ក្រឡា (២៦៥៤២៤​ម៉ែត្រ​ក្រឡា) ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ៤ សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។

បុរស​ខ្លាំង​ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា​លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​នេះ រួម​មាន៖

  1. ក្រុមហ៊ុន Shuiku Land Co., Ltd. ទទួល​បាន​ផ្ទៃដី​ជាង ៦​ហិកតារ (៦​ហិកតារ ១៤​អា ៥៣​សង់ទីអា)
  2. ក្រុមហ៊ុន Sinoream Land Co., Ltd. ទទួល​បាន​ផ្ទៃដី​ជាង ៦​ហិកតារ (៦​ហិកតារ ៧៥​អា ៥២​សង់ទីអា)
  3. ក្រុមហ៊ុន Yijianzhidi Co., Ltd. ទទួល​បាន​ផ្ទៃដី​ជាង ៧​ហិកតារ (៧​ហិកតារ ៧​អា ២៥​សង់ទីអា)
  4. និង​ក្រុមហ៊ុន Kofuf Land Co., Ltd. ទទួល​បាន​ផ្ទៃដី​ជាង ៦​ហិកតារ (៦​ហិកតារ ៥៦​អា ៩៤​សង់ទីអា)។

លោក ហ៊ុន សែន ដែល​កំពុង​ក្តាប់​អំណាច​ជា​ឪពុក​នាយករដ្ឋមន្ត្រី​ខ្មែរ​សព្វថ្ងៃ​នេះ បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នានា ប្រធាន​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ និង​អភិបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​តាម​ខ្លឹមសារ​អនុក្រឹត្យ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ដាច់ខាត បើ​ទោះបីជា​គាត់​ត្រូវ​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ។

ការ​ចេញ​អនុក្រឹត្យ​កាត់​ដី​ក្នុង​តំបន់​ការពារ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ដី​ក្នុង​តំបន់​ការពារ​នានា​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​មុន​នឹង​គាត់​លាឈប់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​រំលោភ​យក​ដី​រដ្ឋ​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កែប្រែ​តំបន់​ការពារ​ធម្មជាតិ​ពី​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម វិញ ដែល​មាន​ផ្ទៃដី​ជិត ៤​ម៉ឺន​ហិកតារ (៣៩៦៣៤​ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត ដែល​ក្នុង​នោះ​ទំហំ​ផ្ទៃដី​ជិត ២​ម៉ឺន​ហិកតារ (១៩៣៤០​ហិកតារ) ជា​ដី​គោក និង​ទំហំ​ផ្ទៃដី​ជាង ២​ម៉ឺន​ហិកតារ​ទៀត (២០២៩៤​ហិកតារ) ជា​ផ្ទៃ​ទឹក។

ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ មិនមែន​ជា​លើក​ទី​១ ទេ ហើយ​ក៏​មិន​មែន​ជា​លើក​ចុងក្រោយ​ដែរ​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ ជាក់ស្តែង កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ក្នុង​ខេត្ត​ព្រះសីហនុ ប្រគល់​ជា​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជាង ២០០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​ខ្លួន ធ្វើជា​កម្មសិទ្ធិ ព្រមទាំង​ទទួល​បាន​សិទ្ធិ​ជួល​ដី​ឧទ្យាន​ជាតិ​មួយ​នេះ​ទំហំ​ជាង ៤០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។

ជុំវិញ​ការ​ផ្តល់​ដី​នៅ​តំបន់​ការពារ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​ទ្រព្យធន ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ជាច្រើន​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន រួម​ទាំង​សាច់ញាតិ និង​កូនៗ​បង្កើត​របស់​គាត់ សុទ្ធតែ​បាន​ទទួល​ដី​ទាំងនេះ​ជាច្រើន​រយ​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​ព្រៃឈើ​នៅ​តំបន់​ដែល​លោក ហ៊ុន សែន សម្បទាន​ទាំងនោះ​ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ និង​គ្រប់គ្រង​គ្មាន​តម្លាភាព​ទាំងអស់។

ក្រៅពី​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សែស្រឡាយ​ខ្លួនឯង និង​ក្រុមហ៊ុន​ឯកជន​ដែល​ជា​បក្ខពួក​របស់​ខ្លួន លោក ហ៊ុន សែន ក៏​បាន​ផ្តល់​ដី​ក្នុង​តំបន់​ការពារ​នានា​ឱ្យ​ទៅ​ក្រុមហ៊ុន​បរទេស​ផង​ដែរ ដូចជា ក្រុមហ៊ុន Union Development Group (UDG) របស់​ចិន ក៏​ទទួល​បាន​ដី​សម្បទាន​ជាង ៣​ម៉ឺន​ហិកតារ (៣៦០០០​ហិកតារ) ផង​ដែរ​សម្រាប់​ជួល​រយៈពេល ៩៩​ឆ្នាំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង កាលពី​ឆ្នាំ​២០០៨ កន្លងទៅ។

ទាក់ទិន​នឹង​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។

ជុំវិញ​ការ​ផ្តល់​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អាជ្ញាធរ​ត្រូវតែ​ពន្យល់ និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​កាត់​ដី​ក្នុង​តំបន់​ការពារ និង​ការ​ធ្វើ​អនុបយោគ​នៅ​តាម​តំបន់​ផ្សេងៗ​ដែល​ខ្លួន​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​កន្លងមក ដើម្បី​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស