នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត មានផែនការចង់ឱ្យពលរដ្ឋខ្មែរពង្រីកលទ្ធភាពយកកូនឱ្យបានច្រើន ដោយសារតែនៅពេលនេះប្រជាជនកម្ពុជាមានចំនួនត្រឹមតែ ១៧លាននាក់ប៉ុណ្ណោះ ហើយខ្លួនលោកផ្ទាល់ក៏មានបំណងយកកូនឱ្យបាន ៤នាក់ដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិនៅថ្ងៃទី២៤ ខែតុលា នេះថា រាល់ពេលដែលលោកបានជួបជាមួយមេដឹកនាំបរទេស ពួកគេចេះតែសួរថា តើប្រទេសអ្នកឯងមានប្រជាជនប៉ុន្មានហើយសព្វថ្ងៃនេះ?
លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកធ្លាប់បានចូលរួមក្នុងកម្មវិធីជាមួយនាយករដ្ឋមន្ត្រីប្រទេសកេនយ៉ា ស្រាប់តែនាយករដ្ឋមន្ត្រីប្រទេសនោះបានសួរលោកអំពីចំនួនប្រជាជនរបស់ប្រទេសកម្ពុជា ស្របពេលដែលប្រទេសកេនយ៉ា មានចំនួនប្រជាជនរហូតដល់ ៥០លាននាក់ឯណោះ ដូច្នេះកម្ពុជាក៏ចង់មានផែនការតាមឱ្យទាន់ប្រទេសកេនយ៉ា ដែរ គឺរដ្ឋាភិបាលចង់ឱ្យកម្ពុជាមានចំនួនប្រជាជនកើនឡើងឱ្យដល់ទៅ ៥០លាននាក់ដែរនៅពេលអនាគត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រទេសកម្ពុជាអំឡុងពេលចេញពីរបប ប៉ុល ពត មានប្រជាជនតែជាង ៦លាននាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានប្រជាជនប្រមាណជាង ១៧លាននាក់ហើយ ស្របពេលដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ រហូតដល់កុមារដែលមានអាយុ ២ឆ្នាំ ដែលពួកគេនឹងក្លាយជាធនធានមនុស្សរបស់ប្រទេសជាតិទៅថ្ងៃក្រោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ការអំពាវនាវឱ្យពលរដ្ឋយកកូនឱ្យបានច្រើននៅពេលដែលរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទៅលើជីវភាពរបស់ពលរដ្ឋ គឺជារឿងដែលបញ្ច្រាសទិសគ្នាទាំងស្រុង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ តុលា នេះថា លោកគាំទ្រឱ្យប្រទេសកម្ពុជាបង្កើននូវចំនួនពលរដ្ឋទៅថ្ងៃមុខ ហើយក៏អបអរសាទរផែនការរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ប៉ុន្តែលោកមិនទាន់ឃើញរដ្ឋាភិបាលមានគោលនយោបាយជាក់លាក់គាំពារពលរដ្ឋដែលមានកូនច្រើននៅឡើយទេ ស្របពេលដែលពលរដ្ឋកំពុងខ្លាចរអាពីការមានកូនច្រើននៅពេលដែលគាត់កំពុងជួបបញ្ហាជីវភាពខ្សត់ខ្សោយបច្ចុប្បន្ននេះ។
លោក សេក សុជាតិ លើកឡើងថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចង់ឱ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិ រដ្ឋាភិបាលត្រូវតែដាក់ចេញនូវគោលនយោបាយដែលអាចជួយឱ្យពលរដ្ឋមានជីវភាពធូរធារ នៅពេលនោះទោះរដ្ឋាភិបាលមិនប្រកាសឱ្យពួកគាត់យកកូនច្រើន ក៏ពួកគាត់នឹងយកកូនឱ្យបានច្រើនដោយខ្លួនឯងដែរ។
លោកអះអាងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត គ្រាន់តែប្រកាសពីការអភិវឌ្ឍប្រទេសដោយការបង្កើនធនធានមនុស្សសម្រាប់ថ្ងៃអនាគតតាមរយៈនៃការជំរុញឱ្យពលរដ្ឋយកកូនឱ្យបានច្រើន ប៉ុន្តែគ្មានផែនការជួយធានាភាពរីកចម្រើននៃជីវភាពរបស់ពួកគេទេ នោះជាការប្រកាសបែបប្រជាភិថុតិតែប៉ុណ្ណោះ។
លោកបន្តថា រាល់ការប្រកាសផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល សំខាន់បំផុតគឺត្រូវមានគោលនយោបាយ និងយន្តការសម្រាប់អនុវត្តផែនការនោះ ដើម្បីឱ្យដល់គោលដៅដែលខ្លួនបានកំណត់។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ធ្លាប់បានលើកឡើងថា ការជំរុញឱ្យពលរដ្ឋយកកូនឲ្យបានច្រើន អាចធ្វើទៅបានត្រឹមតែក្នុងលក្ខខណ្ឌដែលពលរដ្ឋមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់កូនៗរបស់ពួកគេតែប៉ុណ្ណោះ។
លោក វន់ ពៅ អះអាងថា ការជំរុញឱ្យពលរដ្ឋយកកូនឲ្យបានច្រើនជារឿងត្រឹមត្រូវ ប្រសិនបើពលរដ្ឋទាំងអស់មានលទ្ធភាពចិញ្ចឹមកូនគ្រប់គ្រាន់លើការសិក្សារៀនសូត្រ និងការផ្គត់ផ្គង់អាហារូបត្ថម្ភបរិបូរណ៍ដូចប្រទេសជិតខាង ជាពិសេសប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។
លោកលើកជាសំណួរថា ក្នុងស្ថានភាពពលរដ្ឋខ្មែរដែលមានកូនច្រើន ហើយគ្មានជីវភាពធូរធារសម្រាប់ចិញ្ចឹមកូន ដូច្នេះនៅពេលដែលពួកគាត់មានកូនច្រើន ពួកគាត់ត្រូវរងនូវទុក្ខលំបាកក្នុងការចិញ្ចឹមកូនដោយគ្មានការគាំពារពីរដ្ឋាភិបាលនោះ តើឱ្យពួកគាត់មានកូនច្រើនម្តេចនឹងកើត?
រដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីចុងឆ្នាំ២០២២ កន្លងទៅថា ចំនួនប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នេះ បានកើនឡើងដល់ ១៧លាននាក់ហើយ ខណៈឆ្នាំ២០២២ កម្ពុជាមានចំនួនប្រជាជនសរុបជាង ១៦លាននាក់ប៉ុណ្ណោះ (១៦,៨លាននាក់) ក្នុងនោះស្ត្រីមានចំនួន ៨,៦លាននាក់ផងដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជារំពឹងថា ចំនួនពលរដ្ឋខ្មែរអាចនឹងកើនឡើងដល់ ២០លាននាក់នៅឆ្នាំ២០៣០ ខាងមុខ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

