មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន លើកឡើងថា ការចងសម្ព័ន្ធជាមួយគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងជិត ៣០គណបក្ស គឺដើម្បីប្រមូលកម្លាំងស្នេហាជាតិ ក្នុងគោលដៅការពារសន្តិភាព និងដើម្បីធានាភាពសុខសាន្តជូនពលរដ្ឋ និងប្រទេសជាតិទាំងមូល។
បុរសខ្លាំងក្រាញអំណាចបន្តពូជផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន លើកឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ នៅថ្ងៃទី២៥ តុលា នេះថា គណបក្សទាំងអស់រួមគ្នាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាកាតព្វកិច្ចក្នុងការជួយថែរក្សារបបទាំងពីរនេះឱ្យបានដាច់ខាត។
លោក ហ៊ុន សែន អះអាងថា គណបក្សនយោបាយទាំងអស់គឺជាដៃគូស្មើភាព ស្មើសិទ្ធិដូចៗគ្នា ហើយគណបក្សទាំងនោះមិនមែនជាបក្សដែលចំណុះឱ្យគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែបក្សនយោបាយទាំងអស់សុទ្ធតែស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិកម្ពុជាទៅថ្ងៃមុខ។
លោក ហ៊ុន សែន បញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាងបក្សប្រជាជនកម្ពុជាជាមួយគណបក្សនយោបាយនៅកម្ពុជាទាំង ២៧គណបក្ស មិនមែនជាការចងសម្ព័ន្ធកញ្ឆក់កណ្តៀតដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះដែលមានគោលដៅរយៈពេលខ្លីនោះឡើយ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ គណបក្សក្រៅរដ្ឋាភិបាលចំនួន ២៧គណបក្ស បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន ដូចជា រួមសហការគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ជាដើម។
ជាងនេះទៀត ក៏ត្រូវប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្ដូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានផងដែរ។
បន្ថែមពីនេះ ក៏ត្រូវសហប្រតិបត្តិការល្អជាមួយគ្នាដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល ប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ មេធាវីកម្ពុជាលោក ផែង ហេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៥ តុលា នេះថា សម្ព័ន្ធភាពទាំង ២៨គណបក្សនេះមិនបានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ ប្រទេសជាតិ និងរបបប្រជាធិបតេយ្យនោះទេ ហើយក៏មិនបានផ្សះផ្សាជាតិ បង្រួបបង្រួមជាតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នោះដែរ ផ្ទុយទៅវិញ គឺគ្រាន់តែចង់បង្ហាញសាច់ដុំ និងបង្កើតព្រឹត្តិការណ៍របស់អ្នកនយោបាយតែប៉ុណ្ណោះ។
លោក ផែង ហេង បញ្ជាក់ថា លោកសូមអបអរសាទរការបង្កើតសម្ព័ន្ធភាព ៤បក្សដែលជាបក្សក្រៅរដ្ឋាភិបាល និង ២៧គណបក្សជាមួយនឹងគណបក្សកាន់អំណាច ដែលជាការបង្ហាញថា ពួកគេមាននិន្នាការនយោបាយ និងទស្សនៈនយោបាយដូចគ្នា ប៉ុន្តែលោកក៏សូមសម្ដែងការសោកស្តាយផងដែរដែលបក្សមួយចំនួនមិនស្ថិតនៅក្នុងការចងសម្ព័ន្ធរបស់គណបក្សទាំង ២៨ នេះ បែរជាត្រូវបានគេលាបពណ៌ថាជាក្រុមជ្រុលនិយមទៅវិញ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សក្រៅរដ្ឋាភិបាលចំនួន ២៧គណបក្ស ដូចជា គណបក្សឯកភាពជាតិខ្មែរ របស់លោក អ៊ុន ជឹម គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារុំ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ជាដើម បានចេញលិខិតរួមគ្នាស្នើសុំមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សុំចងសម្ព័ន្ធភាពជាមួយបក្សប្រជាជនកម្ពុជា ក្នុងនោះលោក ហ៊ុន សែន បានប្រកាសស្វាគមន៍ទទួលយកការស្នើសុំចងសម្ព័ន្ធភាពរបស់គណបក្សទាំងនោះផងដែរ។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើការចងសម្ព័ន្ធភាពនេះដើម្បីកាត់បន្ថយការប្រើអំណាចរបស់បក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល កុំឱ្យចេះតែប្រើអំណាចស្រេចតែនឹងចិត្តនោះ គឺជារឿងល្អ ប៉ុន្តែបើការចងសម្ព័ន្ធភាពនេះក្នុងបំណងដើម្បីទទួលបានផលប្រយោជន៍សម្រាប់គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងនោះក្នុងកម្រិតណាមួយទៅវិញនោះ ដែលនាំឱ្យពួកគេធ្លាក់ទៅក្រោមឥទ្ធិពលនៃការគ្រប់គ្រងរបស់គណបក្សកាន់អំណាចដោយផ្ទាល់ ឬដោយប្រយោលនោះ គឺជាសោកនាដកម្មរបស់ប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញប៉ុណ្ណោះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

