29 C
Phnom Penh

បឹង​តាមោក​នៅ​សល់​ផ្ទៃ​បឹង​ប្រមាណ ២៣% បន្ទាប់ពី​រដ្ឋាភិបាល​ពុះ​ច្រៀក​ចំនួន​៧០​លើក​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន​និង​អ្នក​មាន​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចិញ្ច្រាំ ពុះ​ច្រៀក និង​កាត់​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន និង​បុគ្គល​ឯកជន​ចំនួន ៧០​លើក អស់​ជាង ២​ពាន់​ហិកតារ (២៣៦៩,៨៩១៣​ហិកតារ) ដែល​ធ្វើ​ឱ្យ​បឹង​ដ៏​ធំ​មួយ​នេះ​នៅ​សល់​ផ្ទៃដី​ត្រឹមតែ​ប្រមាណ​ជា ២៣​ភាគរយ​ទៀត​ប៉ុណ្ណោះ។

អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) និង​ត្រូវ​បាន​កែសម្រួល​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​បាន​ប្រគល់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​នានា​ចំនួន ៧០​លើក ដែល​មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ (២៣៦៩,៨៩១៣​ហិកតារ) បាន​ធ្វើ​ឱ្យ​បឹង​ដ៏​ធំ​មួយ​នេះ​រំកិល​ចូល​ទៅ​ក្នុង​ប្លង់​គោល​ដែល​ត្រូវ​រក្សា​ទុក​យ៉ាង​ច្រើន ដែល​ជា​ហេតុ​ឈាន​ទៅ​រក​ការ​បាត់បង់​បឹង​នេះ​នា​ពេល​អនាគត។

អង្គការ​សមាគម​ខាង​លើ​បង្ហាញ​រូបភាព​ជាច្រើន​សន្លឹក​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​កម្រាស់ ៥០​ទំព័រ ទាក់ទិន​នឹង​ការ​កាត់​ផ្ទៃដី​បឹង​តាមោក។

របាយការណ៍​នោះ​ក៏​បាន​ពង្រាយ​ឈ្មោះ​ស្ថាប័ន ក្រុមហ៊ុន និង​បុគ្គល​ឯកជន​នានា​ដែល​បាន​ទទួល​បាន​ផ្ទៃ​បឹង​តាមោក​ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ ដូចជា សាលា​រាជធានី​ភ្នំពេញ​ទទួល​បាន​ដី ៩៥​ហិកតារ ក្រសួង​សុខាភិបាល​ទទួល​បាន ១១០​ហិកតារ ក្រសួង​មហាផ្ទៃ​ទទួល​បាន ១០០​ហិកតារ ក្រសួង​យុត្តិធម៌​ទទួល​បាន ១៤៨​ហិកតារ និង​ក្រសួង​ជាច្រើន​ទៀត​ផង​ដែរ។

ចំណែក​បុគ្គល​ឯកជន​មួយ​ចំនួន​ក៏​ទទួល​បាន​ផ្ទៃ​បឹង​នេះ​ដែរ ដែល​មាន​ទំហំ​ច្រើន​លើសលប់ ដូចជា ឧកញ៉ា សាយ សោភា ទទួល​បាន​ជាង ២២០​ហិកតារ ចំនួន ៦​លើក ខណៈ​ឧកញ៉ា ជីង ធានសេង ទទួល​បាន​ជាង ១០០​ហិកតារ ចំណែក​ឧកញ៉ា កុក អាន ទទួល​បាន​ជាង ១៥០​ហិកតារ និង​ឧកញ៉ា​មួយ​ចំនួន​ទៀត ដូចជា​ឧកញ៉ា ព្រាប សុវត្ថិ ជាដើម ហើយ​បើ​ផ្អែក​តាម​ប្លង់​គោល​នៃ​ការ​ប្រើប្រាស់​ដី​របស់​សាលា​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ផ្ទៃ​បឹង​តាមោក​ដែល​ត្រូវ​រក្សា​ទុក គឺ​មាន​ប្រមាណ​ជាង ២​ពាន់​ហិកតារ (២១៤០​ហិកតារ) ប៉ុន្តែ​បច្ចុប្បន្ន​នេះ ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ចែក​លើស​ពី​ទំហំ​ដែល​ត្រូវ​រក្សា​នេះ​បាត់​ទៅ​ហើយ។

អង្គការ​សមាគម​ធាងត្នោត គូស​បញ្ជាក់​ថា ការ​ចេញ​អនុក្រឹត្យ​ដើម្បី​បំប្លែង​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ដី​ឯកជន​របស់​រដ្ឋ និង​ប្រគល់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​នានា ហាក់​ដូចជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ ដែល​ការ​កាត់​ចែក​នា​ពេល​កន្លងមក​នោះ គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព និង​មិន​បាន​ផ្តល់​ហេតុផល​ឱ្យ​សាធារណជន​បាន​ដឹង​ឡើយ ក្នុង​នោះ ច្បាប់​ភូមិបាល និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ បាន​ចែង​ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំ​អាច​ផ្តល់​ជា​កម្មវត្ថុ​នៃ​ការ​លក់​ដូរ ប្រទានកម្ម ឬ​សម្បទាន​បាន​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន បាន​អះអាង​ថា បឹង​តាមោក​មិន​ត្រូវ​ឲ្យ​បាត់​ជាដាច់ខាត ព្រោះ​បឹង​កប់ស្រូវ​មួយ​នេះ​គឺជា​ធារទឹក​មួយ​ដែល​សំខាន់​ណាស់​សម្រាប់​បញ្ចៀស​ទឹក​ពី​ទីក្រុង​ភ្នំពេញ ដូច្នេះ​បឹង​តាមោក​មាន​តែ​ធ្វើ​ឲ្យ​ជ្រៅ មិន​អាច​ឲ្យ​រាក់​បាន​ទេ ហើយ​ប្រសិនបើ​បឹង​នេះ​រាក់ នឹង​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ជាមិនខាន។ ជាង​នេះ​ទៀត បឹង​តាមោក​គឺជា​បឹង​ធម្មជាតិ​ដែល​រដ្ឋ​ត្រូវតែ​ការពារ​បំផុត។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ត្អូញត្អែរ​ថា លោក​ធុញទ្រាន់​ចំពោះ​ក្រុម​អ្នក​រិះគន់​រូបលោក និង​លើកឡើង​ដដែលៗ​មិន​ចេះ​ចប់​ចំពោះ​ការ​លុប​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​លុប​បឹង​ដើម្បី​ពង្រីក​ទីក្រុង។

លោក​សួរ​ថា កាលពី​មុន គេ​លុប​បឹង​ក្នុង​ទីក្រុង​ភ្នំពេញ​បាន ចុះ​ពេលនេះ​ហេតុ​អ្វី​លោក​លុប​មិន​បាន?

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ដែល​បាន​កំណត់​នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​តាមោក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ទាក់ទិន​នឹង​បញ្ហា​នេះ ចលនា​មាតា​ធម្មជាតិ​ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា បឹង​តាមោក ឬ​បឹង​កប់ស្រូវ ជា​បឹង​ដែល​មាន​ផ្ទៃដី​ធំ​ជាងគេ​ក្នុង​ចំណោម​បឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្សេង​ទៀត កំពុង​រង​ការ​គំរាមកំហែង​ពី​សំណាក់​ឈ្មួញ និង​អ្នក​វិនិយោគ​ធំៗ ដោយសារតែ​មាន​ការ​បើក​ដៃ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

ប្រភព​ដដែល អះអាង​ថា បឹង​នេះ​មិន​ត្រឹមតែ​អាច​ការពារ​ទីក្រុង​ភ្នំពេញ​មិន​ឱ្យ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ឫ​ទឹកជំនន់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​រាប់​រយ​គ្រួសារ​បាន​យ៉ាង​ស្រួល​ផង​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​តូច ទាំង​ធំ សរុប​មាន​ចំនួន ២៦​បឹង ក្នុង​នោះ​មាន​ដូចជា បឹងកក់ បឹង​សាឡាង បឹង​តាមោក និង​បឹងទំពុន ជាដើម ខណៈ​បឹង ១៦ ក្នុង​ចំណោម​នោះ ត្រូវ​បាន​លុប​បាត់​ទាំងស្រុង​ហើយ រីឯ​បឹង ១០ ផ្សេង​ទៀត កំពុង​ប្រឈម​នឹង​ការ​លុប​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន ឯកជន និង​ពី​សំណាក់​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ ដូចជា បឹង​តាមោក ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស