នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត សម្ដែងមោទនភាពចំពោះវត្តមានព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ដែលនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទៅថ្ងៃអនាគត។
កូនប្រុសមេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន ម៉ាណែត សរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី៣១ តុលា នេះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានដំណើរការកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧០០ហិកតារ នឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លាសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។
ការអះអាងនេះ ធ្វើឡើងផ្ទុយស្រឡះពីទិដ្ឋភាពជាក់ស្តែងដែលគេមើលឃើញថា ព្រលានយន្តហោះថ្មីនេះនឹងបម្រើប្រយោជន៍ធំធេងឱ្យរដ្ឋាភិបាលចិន មិនមែនកម្ពុជានោះទេ។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្ទៃដី ៧០០ហិកតារ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP ដែលបានបោះទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ហើយដែលក្រុមហ៊ុនចិនមួយនេះនឹងគ្រប់គ្រងរយៈពេល ៥៥ឆ្នាំ។
ជុំវិញការសាងសង់ព្រលានយន្តហោះថ្មីនេះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន បានអះអាងថា សម្រាប់ការវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នេះ គឺជាការវិនិយោគទាំងស្រុងដោយក្រុមហ៊ុនចិន ដែលមានទុនជាង ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែចិនត្រូវគ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ទើបកម្ពុជាទទួលក្លាយជាម្ចាស់កម្មសិទ្ធិវិញម្តង។
លោក ហ៊ុន សែន បញ្ជាក់ថា ការវិនិយោគនេះគឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីប៉ុណ្ណោះសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ប្រសិនបើការសាងសង់ព្រលានយន្តហោះនេះជាប្រាក់កម្ចីរបស់ចិន ហើយផ្តល់សិទ្ធិឱ្យចិនប្រមូលផលប្រយោជន៍ទៅវិញនៅពេលដាក់ដំណើរការនោះ គឺមានន័យថា ចិនកំពុងធ្វើស្រែលើខ្នងខ្មែរយ៉ាងពិតប្រាកដ។
ទោះជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៣១ តុលា នេះថា ព្រលានយន្តហោះសៀមរាប-អង្គរថ្មីនេះ នឹងប្រមូលផលប្រយោជន៍ពីកម្ពុជាធំធេងឱ្យទៅរដ្ឋាភិបាលចិនចាប់ពីពេលនេះតទៅ ព្រោះថាខ្មែរមិនអាចទាញផលប្រយោជន៍ដោយពឹងផ្អែកលើព្រលានយន្តហោះថ្មីនេះបានទេ។
ប្រភពដដែលលើកឡើងថា កម្ពុជាអាចនឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្ពុជាតាមរយៈព្រលានយន្តហោះថ្មីនេះ ប៉ុន្តែលុយដែលពួកគេនឹងចំណាយ ដូចជា ទិញសំបុត្រយន្តហោះ ជាដើម គឺលុយនោះនឹងវិលចូលទៅក្រុមហ៊ុនចិនវិញប៉ុណ្ណោះ។ ជាងនេះទៀត លុយដែលពួកគេទិញអាហារហូបចុកក្នុងព្រលានយន្តហោះ ក៏នឹងបានទៅក្រុមហ៊ុនចិនវិញដែរ ចំណែកលុយក្នុងការចំណាយលើថ្លៃធ្វើដំណើរទៅលេងប្រាសាទអង្គរវត្ត ក៏នឹងធ្លាក់ទៅក្នុងក្រុមហ៊ុនតាក់ស៊ីរបស់ចិន ថែមទៀត។
លើសពីនេះ បើភ្ញៀវទេសចរទាំងនោះចង់លេងល្បែងនៅទីក្រុងភ្នំពេញ លុយគឺបានទៅចិនដដែល ត្បិតក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនណាហ្គាខបរបស់ចិនប៉ុណ្ណោះ ក្នុងនោះលុយដែលពួកគេចំណាយលើការស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់ រួមទាំងភោជនីយដ្ឋាន ក៏នឹងបានទៅលើចិនដែរ។
ផ្ទុយទៅវិញ បើពួកគេចង់ទៅលេងក្រុងកំពង់សោម ដែលពួកគេត្រូវចំណាយលើអាហារហូបចុករួមទាំងការស្នាក់នៅ គឺលុយនឹងធ្លាក់ទៅលើពួកចិនទៀត ព្រោះថាជនជាតិចិនមួយចំនួនបានបើកដំណើរការសណ្ឋាគារ និងផ្ទះសំណាក់ រួមទាំងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទាំងនោះរួចអស់ហើយ។
មន្ត្រីខាងលើអះអាងថា ខេត្តសៀមរាបក៏នឹងមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានរបស់ចិនដូចគ្នាដែរ ដូច្នេះ ចិននឹងប្រមូលលុយពីកម្ពុជាទាំងអស់ ខណៈខ្មែរគឺមានតែរូបភាពល្អមើលដែលមានអគារខ្ពស់ៗ ផ្លូវល្បឿនលឿន និងព្រលានយន្តហោះថ្មី ជាដើម ប៉ុន្តែរបស់ទាំងអស់នោះ គឺសុទ្ធសឹងតែជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនទាំងអស់ ប៉ុន្តែរូបភាពទាំងនេះបានត្រឹមចំណេញដល់នយោបាយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការទាក់ទាញសន្លឹកឆ្នោតប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះរៀបរាប់ថា ក្រៅពីផលប្រយោជន៍ដែលក្រុមហ៊ុនចិនទទួលបានទាំងនេះ គឺក្រុមហ៊ុនចិនមួយចំនួនកំពុងសាងសង់ផ្លូវគមនាគមន៍ខ្វាត់ខ្វែងក្នុងគោលដៅតភ្ជាប់បណ្ដាញទំនាក់ទំនងទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ជាដើម ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនរបស់ពួកគេដែលកំពុងធ្វើជំនួញលើវិស័យកសិកម្ម ដូចជាដំណាំចេក ដំណាំស្វាយចន្ទី និងដំណាំដំឡូងមី ជាដើម ក្នុងការដឹកជញ្ជូនមកកាន់ព្រលានយន្តហោះថ្មីនេះ ដូច្នេះលុយក្នុងវិស័យនេះក៏នឹងបានទៅក្រុមហ៊ុនចិនទៀត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខាងលើបញ្ជាក់ថា រយៈពេល ៥៥ឆ្នាំក្រោយ កម្ពុជានឹងទទួលបានព្រលានយន្តហោះដ៏ចាស់ទ្រុឌទ្រោមមួយ និងផ្លូវល្បឿនលឿនដ៏រខេករខាកពីមិត្តដែកថែបរបស់ខ្លួន។ ជាងនេះទៀត កម្ពុជាក៏ទំនងជាអាចទទួលបានក្រុមម៉ាហ្វាជនជាតិចិន មករស់នៅលើទឹកដីរបស់ខ្លួន ដោយការបង្កើតជំនួញខុសច្បាប់ផងដែរ ដោយសារតែកម្ពុជាមិនបានអនុវត្តច្បាប់សម្រាប់គ្រប់គ្រងជនបរទេស ឬប្រទេសរបស់ខ្លួនឱ្យបានត្រឹមត្រូវច្បាស់លាស់នៅឡើយ ដោយសារតែខ្លួនចង់បានលុយកម្ចីរបស់ចិន៕