29 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​សង្ស័យ​លើ​ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន-វៀតណាម​ពី​សំណាក់​លោក ហ៊ុន សែន ថា​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដាក់​ការ​សង្ស័យ​ថា ការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​ធ្វើ​ឡើង​ក្នុង​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​វៀតណាម ជាជាង​លក្ខខណ្ឌ​ច្បាប់​របស់​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រទាញប្រទង់​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម និង​មហា​អំណាច​កុម្មុយនីស្ត​ចិន ជុំវិញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត ដោយសារតែ​វៀតណាម​ធ្លាប់​ជួយ​ខ្លួន​ឱ្យ​កាន់​អំណាច​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ហើយ​ចំណែក​ចិន ក៏​បាន​ជួយ​ខ្លួន​ឱ្យ​ខ្ចី​បំណុល​រាប់​ពាន់​លាន​ដុល្លារ​ដែរ ដូច្នេះ​កម្ពុជា​ត្រូវ​រែក​ទាំង​សងខាង​ដើម្បី​កុំ​ឱ្យ​ភាគី​ណា​មួយ​អាក់អន់​ស្រពន់​ចិត្ត​នឹង​ខ្លួន។

ប្រភព​មន្ត្រី​រដ្ឋាភិបាល​ខាងលើ​លើកឡើង​ថា ការ​ស្នើសុំ​សញ្ជាតិ​ពី​សំណាក់​ជនជាតិ​វៀតណាម ទំនង​ជា​ផែនការ​ក្នុង​គោលបំណង​បញ្ជ្រាប​ការ​ក្តោប​ក្តាប់​ផ្ទៃក្នុង​នយោបាយ​របស់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ជ្រៅ និង​រឹងមាំ​បន្ថែម​ទៀត ចំណែក​ការ​ស្នើសុំ​សញ្ជាតិ​របស់​ជនជាតិ​ចិន ក៏​ទំនង​ជា​ផែនការ​ដើម្បី​ផល​ប្រយោជន៍​របស់​ចិន ជុំវិញ​កំពង់ផែ​ជើងទឹក​រាម​របស់​កម្ពុជា​ដែរ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​វៀតណាម​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ឈ្មោះ​ជនជាតិ​វៀតណាម​រាប់​សិប​នាក់ និង​ជនជាតិ​ចិន​ដែល​លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​ឱ្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ពួកគេ មិន​ដែល​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ពី​មូលហេតុ​ថា តើ​ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ខ្មែរ​រូប​នេះ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ពួកគេ​ម្តង​ណា​ឡើយ ដូច្នេះ​ចម្ងល់ គឺ​នៅ​ត្រង់​ថា ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម ទាំងនេះ ដោយសារតែ​ពួកគេ​ប្រើ​លុយ​ទិញ​សញ្ជាតិ ឬ​មាន​ស្នាដៃ​ជួយ​ប្រទេស​កម្ពុជា ឬ​ទទួល​បាន​សញ្ជាតិ​ដោយសារ​គំនាប​នយោបាយ​របស់​ចិន និង​វៀតណាម ដែល​ខ្លួន​បាន​ជំពាក់​គុណ​គេ​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន បន្តបន្ទាប់​ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក។

ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៦ តាមរយៈ​សារាចរ​របស់​លោក ហ៊ុន សែន បាន​ទទួល​សញ្ជាតិ​ខ្មែរ​ព្រោងព្រាត​ក្នុង​ឆ្នាំ​២០២៣ នេះ ក្នុង​នោះ​ពួកគេ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ជនជាតិ​ខ្មែរ​គ្រប់ៗ​គ្នា បន្ទាប់ពី​លោក ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ខណៈ​ជនជាតិ​ចិន ក៏​នាំគ្នា​សម្រុក​សុំ​សញ្ជាតិ​ខ្មែរ​បន្ត​កន្ទុយ​គ្នា​ផង​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក តាម​ច្បាប់​សញ្ជាតូបនីយកម្ម ក្នុង​នោះ​ជនជាតិ​បរទេស​ទាំងនោះ​បាន​នាំគ្នា​ប្តូរ​ឈ្មោះ​តាម​លំនាំ​ឈ្មោះ​ខ្មែរ​គ្រប់ៗ​គ្នា ដូចជា​ជនជាតិ​វៀតណាម ឈ្មោះ ហ័ង ង្វៀនក័ន ប្តូរ​ឈ្មោះ​មក​ជា​លំនាំ​ខ្មែរ​ជា គឹម ឧត្តម ឈ្មោះ ដាំង អញខ័រ បាន​ប្តូរ​ឈ្មោះ​មក​ជា ចាន់ ជាដើម ខណៈ​ជនជាតិ​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផ្សេង​ទៀត ក៏​បាន​ប្តូរ​មក​ប្រើ​ឈ្មោះ​ខ្មែរ​ដូច​គ្នា​ដែរ។

ចំណែក​ជនជាតិ​ចិន​នៅ​ពេលនេះ ក៏​កំពុង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ហូរហែ​ដែរ​តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ដូចជា​ជនជាតិ​ចិន​ឈ្មោះ ស៊ី សាវបូ បាន​ប្តូរ​ឈ្មោះ​មក​ជា ស៊ុយ សំណាង ឈ្មោះ វៃ ស៊ីយូ បាន​ប្តូរ​ឈ្មោះ​មក​ជា ហ៊ុន សំណាង ចំណែក​ជនជាតិ​ឈ្មោះ ចាង ហ័នយ៉ូវ ក៏​បាន​ប្តូរ​ឈ្មោះ​មក​ជា ចាង ហេនរី ជាដើម។ ជាង​នេះ​ទៀត ជនជាតិ​ចិន​ឈ្មោះ តៃ ស៊ីង បាន​ប្តូរ​ឈ្មោះ​មក​ជា ដេវីត សៃវៀ និង​ឈ្មោះ ម៉ា ពាវ ក៏​បាន​ប្តូរ​ឈ្មោះ​មក​ជា ហេនរី ជែក ផង​ដែរ។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​អាច​កើត​ឡើង​បាន​នៅ​ក្នុង​ករណី​ដែល​បុគ្គល​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឬ​តាមរយៈ​អាពាហ៍ពិពាហ៍ និង​ការ​សុំ​ចូល​សញ្ជាតិ ដែល​ហៅ​ថា​សញ្ជាតូបនីយកម្ម។

កាលពី​អំឡុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០២២ កន្លង​ទៅ ជនបរទេស​ដែល​បាន​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​តាមរយៈ​នៃ​ការ​បរិច្ចាគ​ប្រាក់​ឱ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា មក​ទល់​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​សរុប​ដល់​ជាង ២៥០០​នាក់​ហើយ (២៥២៨​នាក់) ដែល​មកពី​សញ្ជាតិ​ដើម​ចំនួន ៥០ ខុសៗ​គ្នា។

ទាក់ទិន​នឹង​ការ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម នៅ​កម្ពុជា​ផង​ដែរ ទាំង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស