30 C
Phnom Penh

រដ្ឋមន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​ក្រុមហ៊ុន​នាំ​ពលករ​រក​ចំណូល​ផ្គត់ផ្គង់​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

មនុស្ស​ជំនិត​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​សហការ​ជាមួយ​ភរិយា ស្រី​កំណាន់​របស់​ខ្លួន និង​ដៃគូ​វិនិយោគ​ជាច្រើន​ទៀត​បើក​បណ្ដាញ​ក្រុមហ៊ុន​ដែល​មាន​រចនាសម្ព័ន្ធ​ដូច​សម្បុក​ពីងពាង ដើម្បី​រក​ចំណូល​ពី​ការ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

បុរស​រូប​នេះ​ក៏​បាន​បើក​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍ ក្រុមហ៊ុន​សេវាកម្ម​ទេសចរណ៍ និង​សណ្ឋាគារ​ជាច្រើន ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

មនុស្ស​ជំនិត​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ដែល​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង មិន​ថា​តាម​មធ្យោបាយ​ក្តៅ ឬ​ត្រជាក់ ជា​ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន ដែល​ជាប់​ឈ្មោះ​ជា​មន្ត្រី​បែប​ជើងកាង ហើយ​តែង​មាន​ជំហរ​ផ្អៀង​ទៅ​រក​ក្រុម​នាយទុន​នោះ គឺ​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ លោក​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភរិយា និង​ស្រី​កំណាន់​របស់​ខ្លួន បង្កើត​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ដើម្បី​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ទៅ​ប្រទេស​ជប៉ុន ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

លោក ហេង សួរ គឺជា​មន្ត្រី​លេចធ្លោ​មួយ​រូប​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អ្នក​គោរព​សិទ្ធិមនុស្ស និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ ថា​ជា​មនុស្ស​កោងកាច និង​បំពាន​ច្បាប់។ ភាព​កោងកាច​នេះ​បាន​ស្តែង​ចេញ​តាមរយៈ​សារ​សំឡេង​បែកធ្លាយ​មួយ ហើយ​ដែល​គេ​សន្មត​ថា​ជា​សំឡេង​របស់​លោក​និយាយ​ពី​ការ​រៀប​គម្រោង​វាយ​ធ្វើ​បាប​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

យោង​តាម​ឯកសារ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ជើងកាង​រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បើក​ក្រុមហ៊ុន​មួយ​ចំនួន​ជាមួយ​ដៃគូ​វិនិយោគ​របស់​ខ្លួន ដូចជា​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ អំឡុង​ពេល​ពលរដ្ឋ​ខ្មែរ​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩។ ក្រុមហ៊ុន​នោះ​មាន​ឈ្មោះ​ថា 4STAR HARMONY DEVELOPMENT CO., LTD ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្ទះ​លេខ 05B ផ្លូវ​លេខ 02 ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

លោក ហេង សួរ (រូប​កណ្ដាល)

ក្រុមហ៊ុន​នេះ​មាន​លោក​ឧកញ៉ា ជាម ឃុនណាត ដែល​ជា​អគ្គនាយក​បុរី​មេគង្គ​លែន និង​លោក ផាត់ ប៊ុន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។ ចំណែកឯ​លោក ហេង សួរ លោក ឈាង គិច (Chheang KECH) លោក ម៉េង សុភា (Meng Sophea) ឈរឈ្មោះ​ជា​នាយក​ក្រុមហ៊ុន។

លោក​ឧកញ៉ា ជាម ឃុនណាត ជា​នាយក​ក្រុមហ៊ុន​ជាច្រើន មាន​ដូចជា៖

  • ក្រុមហ៊ុន HOME MASTER SUPPLY CO., LTD
  • ក្រុមហ៊ុន K N N (CAMBODIA)
  • ក្រុមហ៊ុន KNCG CO., LTD
  • ក្រុមហ៊ុន MEKONG LAND DEVELOPMENT CO., LTD
  • ក្រុមហ៊ុន MEKONG RIVER CO., LTD
  • ក្រុមហ៊ុន K N N GROUP CO., LTD
  • ក្រុមហ៊ុន Cambodia Flag ORKIDE VILLA 2 CO., LTD

ចំណែក​លោក ផាត់ ប៊ុន ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផង​ដែរ​នោះ ក៏​មាន​ក្រុមហ៊ុន​ជាច្រើន​ដូចជា៖

  • ក្រុមហ៊ុន B & BM DEVELOPMENT CO., LTD
  • ក្រុមហ៊ុន B S C IMPORT EXPORT CO., LTD
  • ក្រុមហ៊ុន B.P.C TRADING CO., LTD
  • ក្រុមហ៊ុន ANGKOR DAIRY PRODUCTS CO., LTD
  • និង​ក្រុមហ៊ុន B S C IMPORT EXPORT CO., LTD

រីឯ​លោក ម៉េង សុភា (Meng Sophea) មាន​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ដូចជា៖

  • ក្រុមហ៊ុន GOLDEN B.S.T CONCRETE CO., LTD
  • ក្រុមហ៊ុន B & BM DEVELOPMENT CO., LTD
  • ក្រុមហ៊ុន B S C IMPORT EXPORT CO., LTD

រដ្ឋមន្ត្រី​ជើងកាង​នៃ​ក្រសួង​ការងារ លោក ហេង សួរ ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​ជាមួយ​ដៃគូ​វិនិយោគ​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​មាន​ឈ្មោះ​ថា ហ្គោលដេន ប៊ី.អេស.ធី ខនគ្រីត (GOLDEN B.S.T CONCRETE CO., LTD) ដែល​ជា​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ ២០៣, ១០១៩ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ នៅ​ក្នុង​ក្រុមហ៊ុន​នេះ លោក ម៉េង សុភា ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។

លោក ហេង សួរ

ចំណែកឯ​លោក ហេង សួរ លោក គង់ ថារី (Kong THARY) លោក ផាត់ បណ្ឌិត (Phat BANDITH) លោក ផាត់ ឈារី (Phat CHHERY) លោក សៀ គីរីរាជ (Sear KIRIREACH) លោក សុខ ធា (Sok THEA) និង​លោក ហេង សុខអេង (Heng SOK ENG) ឈរឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន។

លោក គង់ ថារី (Kong THARY) ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Cambodia Flag B.S LUCKY CO., LTD។ ចំណែកឯ​លោក ផាត់ ឈារី មាន​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ​ថា Cambodia Flag P.K LIGHT BLOCK CO., LTD។

រីឯ​លោក សៀ គីរីរាជ (Sear KIRIREACH) មាន​ក្រុមហ៊ុន​ជាច្រើន​ដូចជា៖

  • ក្រុមហ៊ុន DRAGON CENTURY RESORT CO., LTD
  • ក្រុមហ៊ុន GALAXY POIPET CO., LTD
  • ក្រុមហ៊ុន CASH POINT CO., LTD
  • និង​ក្រុមហ៊ុន GALAXY POIPET CO., LTD

មិន​ខុស​គ្នា​ពី​អ្នកជំនួញ​ខាងលើ លោក ហេង សុខអេង ក៏​មាន​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ​ថា JPMOTO (CAMBODIA) CO., LTD។

ក្រៅតែ​ពី​ចូល​ហ៊ុន​វិនិយោគ​ជាមួយ​វិនិយោគិន​ជាច្រើន​អ្នក​នោះ ភរិយា​របស់​លោក ហេង សួរ ឈ្មោះ សោម រស្មី គឺជា​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋានSea Breeze នៅ​ខេត្ត​ព្រះសីហនុ ដែល​នៅ​ទីនោះ កិច្ចប្រជុំ​អន្តរ​ក្រសួង​នានា​តែង​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​នោះ។

អ្នកស្រី​ក៏​មាន​តួនាទី​នៅ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ផង​ដែរ ដូចជា៖

  1. ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Gold Star Premium Water
  2. ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Som Raksmey Co., Ltd
  3. ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន SRMY Development Co., Ltd
  4. ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន SV Dragon Eco Beach Co., Ltd
  5. ជា​អតីត​អភិបាល​នៃ​ក្រុមហ៊ុន Woodland Vegas Co., Ltd ដោយសារ​អ្នកស្រី​បាន​លាឈប់​ពី​មុខតំណែង​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣។

អ្នកស្រី​ក៏​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mayura Residence Investment Co., Ltd (លាឈប់​ពី​តំណែង​នេះ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩)។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ស្ថិត​នៅ​បុរី​ពិភព​ថ្មី​លេខ​២៧១ ក្បាលដី​លេខ​៤៩៣ ផ្ទះ​លេខ​១៣ ផ្លូវ​០២ ភូមិ​១១ សង្កាត់​ទឹកល្អក់៣ ខណ្ឌ​ទួលគោក ភ្នំពេញ។ ក្រុមហ៊ុន​នេះ​មាន​អ្នកស្រី ចាន់ ធានី លោក ឡាយ សំណាង (Lay SAMNANG) និង​លោក វ៉េង ស៊ីគួ (Veng SIKOUR) ជា​នាយក​ក្រុមហ៊ុន។

អ្នកស្រី ចាន់ ធានី ត្រូវ​បាន​ប្រភព​ស្និទ្ធ​នឹង​លោក ហេង សួរ ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា លោកស្រី​មាន​ទំនាក់ទំនង​លើស​ពី​ការ​ប្រាស្រ័យ​ការងារ​បង្កើត​ក្រុមហ៊ុន​រកស៊ី​រួម​គ្នា​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ជប៉ុន ជាមួយ​លោក ហេង សួរ។ អ្នកស្រី​មាន​ក្រុមហ៊ុន​ជាច្រើន ដូចជា​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ឈ្មោះ​ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី (ELITE MANPOWER AGENCY CO., LTD) ដែល​ក្រុមហ៊ុន​នេះ អ្នកស្រី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ក្រុមហ៊ុន។

អ្នកស្រី ចាន់ ធានី ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដូចជា៖

  • Banjaran ASSET Management Cambodia
  • ក្រុមហ៊ុន ELITE GLOBAL INVESTMENT CO., LTD
  • ក្រុមហ៊ុន HIGH SOLUTIONS HOLDING
  • ក្រុមហ៊ុន MAYURA RESIDENCE INVESTMENT CO., LTD

ចំណែកឯ​លោក ឡាយ សំណាង (Lay SAMNANG) គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន​ដូចជា៖

  • ក្រុមហ៊ុន LAY SAMNANG INVESTMENT CO., LTD
  • ក្រុមហ៊ុន ECO PRE – FAB FACTORY CO., LTD
  • ក្រុមហ៊ុន IOTC C-KMALL GLOBAL CO., LTD

រីឯ​លោក វ៉េង ស៊ីគួ (Veng SIKOUR) ជា​នាយក​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​ដូចជា៖

  • ក្រុមហ៊ុន 5C GLOBAL CONNECT CO., LTD
  • ក្រុមហ៊ុន 5BRIGHT SIBLINGS W.I.H CO., LTD
  • ក្រុមហ៊ុន TRADE PLANET CO., LTD
  • ក្រុមហ៊ុន TRADE FINANCE WORLDWIDE CO., LTD
  • ក្រុមហ៊ុន TRADE FINANCE WORLDWIDE CO., LTD
  • និង​ក្រុមហ៊ុន 3 NATURE LIFE CO., LTD

ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី (ELITE MANPOWER AGENCY CO., LTD) របស់​អ្នកស្រី ចាន់ ធានី គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៦ ដែល​លោក អ៊ិត សំហេង អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ស្រប​ច្បាប់​ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលការិនី ជំនួយការ​មេផ្ទះ ទៅ​ធ្វើការ​នៅ​ហុងកុង ក្នុង​នោះ​រួម​មាន៖

  • ក្រុមហ៊ុន ថប់ មេនផៅវ័រ
  • ក្រុមហ៊ុន អានីរីតា បេស មែនផៅវ័រ
  • ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប
  • ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី
  • និង​ក្រុមហ៊ុន វីន វីន មេនផៅវ័រ

ក្រុមហ៊ុន Elite Manpower Agent (EMA) ដែល​ត្រូវ​គេ​ដឹង​ថា​មាន​លោក ហេង សួរ នៅ​ពីក្រោយ​នោះ កំពុង​រត់ការ​បើក​សាខា​នៅ​ថៃ និង​ទាក់ទាញ​មនុស្ស​សំខាន់​ពី​ក្រុមហ៊ុន​ផ្សេងៗ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ស្ថានទូត​ធ្វើជា​ការិយាល័យ សាខា​បក្ស​ប្រចាំ​ប្រទេស​ថៃ និង​បើក​សាខា ដោយ​លើក​ស្លាក​គណបក្ស​នៅ​ខេត្ត​ប្រាជីនបូរី ឆាកជិនសៅ ឈុនបូរី និង​បណ្តា​ខេត្ត​ដទៃ​ទៀត​របស់​ថៃ។

ក្រសួង​ការងារ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហេង សួរ តម្រូវ​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​ស្រង់​ឈ្មោះ​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ថៃ ហើយ​ចុះឈ្មោះ​ជា​សមាជិក​បក្ស​យ៉ាងហោច​ណាស់​ឲ្យ​បាន ១​ពាន់​នាក់​ក្នុង​ក្រុមហ៊ុន​នីមួយៗ។ ក្រៅពី​នោះ ក៏​មាន​ការ​បង្កើត​សមាគម​ដើម្បី​ធ្វើ​ការងារ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដូចជា​សមាគម​គ្រួសារ​យុវជន​សន្តិភាព ឬ​សមាគម​មិត្ត​យើង ដែល​លោក ហេង សួរ ជា​អ្នក​បង្កើត ហើយ​ដាក់​ឈ្មោះ អ៊ុន ខ្លង ជា​ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ និង​ឈរឈ្មោះ​ជា​តំណាង​សមាគម។

លោក ហេង សួរ (រូប​កណ្ដាល)

ចំណែក​ក្រុមហ៊ុន ណា តាណាន់ ដែល​ជ្រើសរើស​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​មាន​ឈ្មោះ ព្រាប សំរិទ្ធ ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​អ្នក​ទទួល​ខុសត្រូវ​ជា​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ចេញ​ថ្លៃ​ចំណាយ ការ​ជួបជុំ​បក្ស​ប្រជាជន​កម្ពុជា ឬ​គេ​និយម​ហៅ​មួយ​បែប​ទៀត​ក្នុង​ប្រទេស​ថៃ គឺ​បក្ស​ទេវតា។

មន្ត្រី​ដែល​ធ្វើការ​នៅ​ស្ថានទូត​ខ្មែរ​ក្នុង​ប្រទេស​ថៃ មួយ​រូប បាន​ឲ្យ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ស្ថានទូត​ហាក់​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​មន្ត្រី​អនុព័ន្ធ​ការងារ​ត្រូវ​ចំណាយ​លុយ​ពី​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​សម្រាប់​ចំណាយ​ពេល​ជួបជុំ ឬ​ចុះ​ជួប​ពលករ​ម្តងៗ។

មន្ត្រី​រូប​នោះ​អះអាង​ថា មន្ត្រី​ទូត​ភាគច្រើន​មិន​សប្បាយ​ចិត្ត​ជាមួយ​សកម្មភាព​របស់​លោក ឈិម វិបុល ដែល​ធ្វើ​សកម្មភាព​បក្ស។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធំៗ​ដែល​មាន​មនុស្ស​សំខាន់ៗ​នៅ​ពី​ក្រោយ​ខ្នង ដូចជា Top Manpower និង Elite Manpower Agent កំពុង​ប្រមូល​ផល​ចំណេញ​ពី​វិស័យ​បញ្ជូន​ពលករ​ទៅ​បរទេស និង​ប្រើប្រាស់​ក្រុមហ៊ុន​តូចៗ​ជា​ឈ្នាន់។ ក្រុមហ៊ុន​ទាំងនេះ​ហាក់ដូចជា​ប្រភព​យ៉ាង​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រៅពី​មាន​បណ្ដាញ​ក្រុមហ៊ុន​ប្រទាក់ក្រឡា​គ្នា​ចាក់ស្រេះ​ដូច​សម្បុក​ពីងពាង​ហើយ​នោះ លោក ហេង សួរ ក៏​បង្កើត​បណ្ដាញ​ក្រៅ​ស្រុក ដើម្បី​គ្រប់គ្រង​ពលករ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ ដើម្បី​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ កាលពី​រដូវ​បោះឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ ប្រធាន​អនុព័ន្ធ​ការងារ​ប្រចាំ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ប្រទេស​ថៃ គឺ​លោក ឈឹម វិបុល និង​ឧកញ៉ា ឡេង ប្រុស បងប្រុស​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ធ្វើការ​យ៉ាង​សកម្ម​នៅ​ទីនោះ។

លោក ហេង សួរ

កន្លង​ទៅ ក្រុម​មន្ត្រី​ស្ថានទូត និង​ក្រុម​ការងារ​ក្រសួង​ការងារ​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ បាន​ធ្វើ​យុទ្ធនាការ​អូស​ទាញ​ពលករ និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ ឱ្យ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រសិនបើ​អូស​ទាញ​មិន​បាន គេ​ចោទ ឬ​ចាប់ និង​បំភ័យ​តាមរយៈ​ការ​ប្រើ​ក្រុម​ជើងកាង​តាម​ប្រមាញ់ មិន​ឲ្យ​ពួកគេ​ឈរជើង​នៅ​ប្រទេស​ថៃ បាន​ឡើយ។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈឹម វិបុល បាន​ឲ្យ​ដឹង​ថា មន្ត្រី​រូប​នេះ​ត្រូវ​បាន​ប្រើ​ឲ្យ​បំបែក​បំបាក់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​តូចៗ​នៅ​ថៃ ចុះ​ទន់ខ្សោយ​តាមរយៈ​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​កៀងគរ​ពលករ​ឲ្យ​ជួប​ខ្លួន ដើម្បី​ឃោសនា​បក្ស ហើយ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ផ្ដោត​លើ​ការងារ​រកស៊ី​របស់​ខ្លួន។ ការ​ចុះបញ្ជី​ពលករ​ដើម្បី​បញ្ជូន​ចេញ​ដែល​ក្រុម​លោក ហេង សួរ ជា​អ្នក​ចាត់ចែង ក៏​ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​តូចៗ​ផ្សេង​ទៀត​មិន​អាច​ប្រកួត​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កន្លង​មក លោក ឈឹម វិបុល តែងតែ​បង្ខិតបង្ខំ​ឱ្យ​ពួកគេ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រសិនបើ​អូសទាញ​មិន​បាន គេ​បំភ័យ​តាមរយៈ​ការ​ប្រើ​ក្រុម​ជើងកាង​តាម​ប្រមាញ់ មិន​ឲ្យ​ពួកគេ​ឈរជើង​នៅ​ប្រទេស​ថៃ បាន​ទេ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុម​បក្ខពួក​លោក ហេង សួរ បាន​បញ្ជ្រាប​ខ្លួន​ចូល​ទៅ​ក្នុង​ក្រុម​ពលករ និង​ប្រើ​ក្រុម​ជន​ដៃ​ដល់​ដែល​ពួកគេ​ឱ្យ​ដើរ​គំរាមកំហែង​លើ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

បុរស​រូប​នោះ​និយាយ​ថា លោក ឈឹម វិបុល តែងតែ​យក​តួនាទី​ជា​អនុព័ន្ធ​ការងារ​បម្រើ​បក្ស​កាន់​អំណាច ជាង​ការពារ​ផល​ប្រយោជន៍ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អនុព័ន្ធ​ការងារ​ប្រចាំ​ស្ថានទូត​ខ្មែរ លោក ឈឹម វិបុល ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កៀងគរ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គំរាមកំហែង​មេដឹកនាំ និង​សកម្មជន​នយោបាយ​របស់​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​របស់​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា គាត់​ចងក្រង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​កំណត់​គោលដៅ​ចំពោះ​អ្នក​បកប្រែ និង​មេការ​នៅ​តាម​ក្រុមហ៊ុន និង​តាម​រោងចក្រ​នានា។ សកម្មជន​មួយ​ចំនួន​ដែល​បាន​ចេញ​ទៅ​បើក​ក្រុមហ៊ុន ត្រូវ​រង​សម្ពាធ​ឲ្យ​ចូល​ជា​សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​សាខា​បក្ស ហើយ​ត្រូវ​ចេញ​លុយ​រៀបចំ​ការ​ជួបជុំ​ពលករ​ឲ្យ​ខាង​មន្ត្រី​អនុព័ន្ធ​ការងារ​ជួប និង​ឃោសនា​ពី​គោលការណ៍​របស់​បក្ស។

តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា គ្រប់​ស្ថាបនិក និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ត្រូវ​បាន​គេ​ដាក់​ការ​តាមដាន​គ្រប់​សកម្មភាព ទាំង​សកម្មភាព​លើ​បណ្ដាញ​សង្គម និង​ក្រៅ​បណ្ដាញ​សង្គម។

ចំពោះ​សកម្មភាព​ផ្សេង​ទៀត រួម​មាន​កិច្ចការ​ចែក​ជំនួយ​មនុស្សធម៌ ដែល​ខាង​ស្ថានទូត​ខ្មែរ​បាន​យក​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន និង​ទិដ្ឋាការ​ការងារ ប្រើប្រាស់​ដើម្បី​គំរាមកំហែង​មក​លើ​ពលករ ឬ​សកម្មជន​នយោបាយ​របស់​បក្ស​ប្រឆាំង​ផង​ដែរ។ បញ្ហា​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ និង​ប្រយ័ត្នប្រយែង​ក្នុង​ការ​ជួយ​ជនរងគ្រោះ។

ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​នេះ កន្លងមក​ក៏​មាន​សារ​សំឡេង​រយៈពេល​ជាង​មួយ​នាទី​ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម កាលពី​ខែ​តុលា ឆ្នាំ​២០១៨។

សារ​សំឡេង​ដែល​គេ​ជឿ​ថា​ជា​របស់​លោក ហេង សួរ នោះ និយាយ​អំពី​គម្រោង​ជួល​ក្រុម​ជើងកាង ដើម្បី​វាយ​ធ្វើបាប​ក្រុម​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។

នៅ​ក្នុង​សារ​ជា​សំឡេង​នោះ​បាន​និយាយ​ថា «ពិនិត្យ​មើល នៅ​ជប៉ុន មិន​ដឹង​ជា​មាន​ស្គាល់​បណ្ដាញ​ខាង​ណា។ ត្រូវ​ចាប់ផ្ដើម​ធ្វើ​ដូច​នៅ​កូរ៉េ អ៊ីចឹង រក​ពួក​ជើងកាង​មួយ​ចំនួន មើល​មុខសញ្ញា​ណា​ដែល​ចាំបាច់ យក​ជើងកាង​ទៅ​វ៉ៃ​វា​ទៅ ហើយ​ជើងកាង​ហ្នឹង​ត្រឡប់​មក​វិញ យើង​ចិញ្ចឹម។ ធ្វើ​យ៉ាងម៉េច​ឱ្យ​អា​មួយ​ហ្នឹង​វា​ប្រកាច់ប្រកិន​នៅ​ទីនោះ​ចុះ។ ហើយ​បើ​អា​ជើងកាង​ហ្នឹង គេ​មិន​ដែល​ចាប់​ដាក់​គុក​នៅ​ស្រុក​គេ​ទេ អា​ហ្នឹង​គេ​ចាប់​បន្តិច គេ​ប្រលែង​មក​ហើយ ឱ្យ​ជាប់​គុក​ស្រុក​យើង។ ចាំ​មក​ដល់​ស្រុក​យើង ចាំ​យើង​ចិញ្ចឹម។ រឿង​នេះ​មិន​អាច​លេងសើច​បាន​ទេ។ ច្រើន​ដង​ហើយ លើក​មុន​យើង​មិន​នេះ​ទេ តែ​លើក​នេះ​ទៅ គឺ​នៅ​ចំពោះ​មុខ ហើយ​វា​ហ៊ាន​ជាន់​បែប​នេះ គឺ​យើង​មិន​អាច​លើកលែង​ឱ្យ​វា​បាន​ទេ។ ហើយ​បង ស្រេង ថ្ងៃ​មុន​ថា​ឱ្យ​មុខសញ្ញា​អ្នក​ដែល​ជា​សកម្មជន​ពួកវា​មក​ហ្នឹង តែ​ឥឡូវ​នេះ គឺ​យើង​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​បន្តិច។ អា​នេះ​មក ឱ្យ​វា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ចុះ»

ក្រោយពី​បែកធ្លាយ​សំឡេង​នោះ លោក ហេង សួរ បាន​បដិសេធ​សារ​សំឡេង​នេះ ដោយ​លោក​ចោទ​ថា​ក្រុម​គណបក្ស​ប្រឆាំង​ជា​អ្នក​ប្រឌិត​រឿង​នេះ ដើម្បី​វាយប្រហារ​លើ​រូបលោក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​ឲ្យ​ដឹង​ថា ជាទូទៅ អ្នកជំនួញ​មាន​គោលដៅ​ចង់​បាន​ចំណេញ​ជា​អាទិភាព មិន​មែន​គោរព​ច្បាប់​ជា​អាទិភាព​ទេ គឺ​ចំណេញ​កាន់តែ​ច្រើន កាន់តែ​ជោគជ័យ។ ដូច្នេះ កាលណា​អ្នកជំនួញ​បើក​ក្រុមហ៊ុន ជា​អ្នក​កាន់​អំណាច​ទៀត​នោះ ច្បាប់​ជា​ឧបករណ៍​ដែល​គេ​កាឡៃ ដើម្បី​បាន​ចំណេញ​កាន់តែ​ច្រើន​ដូច​ករណី​លោក ហេង សួរ ជាដើម។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​វា​រីក​ទៅ​ជា​វិបត្តិ​ពុករលួយ និង​រំលោភ​អំណាច ដែល​រដ្ឋមន្ត្រី​ដឹកនាំ​វិស័យ​ណា ពួកគេ និង​គ្រួសារ​រកស៊ី​ធ្វើ​សេដ្ឋី​ក្នុង​វិស័យ​នោះ។

លោក​បន្ត​ថា ករណី​បែប​នេះ បង្កើត​ទៅ​ជា​វិបត្តិ​ធំៗ​ក្នុង​ផ្ទៃក្នុង​ជាតិ ដូចជា​លុយ​ដែល​ត្រូវ​ប្រមូល​ពន្ធ​ជួយ​ពលរដ្ឋ ត្រូវ​ធ្លាក់​ក្នុង​អំពើពុករលួយ​យ៉ាង​ច្រើន​លើសលប់ កើត​មាន​ការិយាធិបតេយ្យ និង​បក្ខពួក​រំលោភ​អំណាច ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ល្អៗ និង​មាន​សក្ដានុពល មិន​ទុកចិត្ត និង​មិន​ទៅ​វិនិយោគ​នៅ​កម្ពុជា។

លោក​បន្ត​ថា កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​របស់​ពលរដ្ឋ​កាន់តែ​ច្រើន ហើយ​កើន​តែ​ចំណាកស្រុក​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស ដើម្បី​តែ​ជីវភាព​ចិញ្ចឹម​ក្រពះ។

លោក គឹម សុខ បន្ត​ថា រឿង​ដែល​កាន់តែ​អាក្រក់​ទៅ​ទៀត​នោះ កាលណា​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជា​អ្នក​រកស៊ី​ធ្វើ​ជំនួញ​ទៅ​ហើយ នោះ​ពួកគេ​ដោះស្រាយ​បញ្ហា​ដោយ​វិធី​គំរាមកំហែង​ប៉ុណ្ណោះ ពេល​ណា​ពលរដ្ឋ​តវ៉ា ពីព្រោះ​ពួកគេ​មាន​អំណាច​ស្រាប់។

លោក ហេង សួរ បាន​ចាប់ផ្ដើម​ការងារ​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០០៨។ ពី​ដំបូង លោក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រោយ​មក​ក្លាយ​ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ។ ក្រៅពី​នេះ លោក​ជា​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី និង​បាន​បំពេញ​តួនាទី​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក។

លោក​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា។ លោក​ក៏​មាន​តួនាទី​នៅ​ក្នុង​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ ដែល​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​បៀវត្សរ៍​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយនភណ្ឌ និង​ស្បែកជើង។ លោក​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ក្រុម​បណ្ដុះបណ្ដាល​យុវជន​របស់​បក្ស​កាន់​អំណាច​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការងារ។

លោក ហេង សួរ កើត​នៅ​ឆ្នាំ​១៩៧៤ នៅ​រាជធានី​ភ្នំពេញ និង​មាន​បងប្អូន​បង្កើត ៥​នាក់។ លោក​ជា​កូន​ច្បង។ លោក​មាន​កូន​ចំនួន ៣​នាក់ ស្រី​ម្នាក់ និង​ប្រុស ២​នាក់។

លោក ហេង សួរ បាន​រៀន​នៅ​សាលា​បឋមសិក្សា​ទួលថ្ម ក្នុង​ខេត្ត​កំពង់ចាម ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៧ បន្ទាប់​មក លោក​បាន​ផ្លាស់​មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ​វិញ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ​១៩៩៨។

លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​ប្រទេស​ជប៉ុន និង​ធ្លាប់​ជា​ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤។

លោក ហេង សួរ ជា​មន្ត្រី​សំខាន់​មួយ​រូប​ដែល​តែងតែ​តំណាង​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ក្នុង​ដំណើរការ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​វិស័យ​កាត់ដេរ​ជា​រៀង​រាល់​ឆ្នាំ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​រូប​នេះ ច្រើន​តែ​មាន​ជំហរ​ផ្អៀង​ទៅ​រក​ក្រុម​ថៅកែ។

ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​ដែល​ធ្លាប់​ចូល​តុ​ចរចា​ជាមួយ​លោក ហេង សួរ រាល់​លើក​នោះ បាន​ពណ៌នា​ថា លោក ហេង សួរ ជា​មនុស្ស​ពូកែ ឆ្លាត និង​មាន​សមត្ថភាព ហើយ​លោក​ក៏​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ដែរ៕

លោក ហេង សួរ (រូប​ស្ដាំ)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស