28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​អ្នក​វិនិយោគិន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​គ្មាន​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ដូច​ក្នុង​រឿង​ចិន No More Bet នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ក្តាប់​អំណាច​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អ្នក​វិនិយោគិន​ចិន នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​ធ្វើការ​នៅ​ទីនោះ​គ្មាន​ការ​ភ័យ​ព្រួយ​អំពី​សុវត្ថិភាព​ដូច​សាច់រឿង​ដែល​បាន​ចាក់​បញ្ចាំង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ «No More Bet» នោះ​ទេ។

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​តាម​របប​កុម្មុយនីស្ត​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​អរគុណ​ទៅ​កាន់​វិនិយោគិន​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រូប​នោះ​យ៉ាង​ខ្លាំង ដែល​បាន​ជួយ​ពន្យល់ និង​បំភ្លឺ ដើម្បី​លុប​បំបាត់​ការ​ព្រួយបារម្ភ​ដែល​កើតឡើង​ដោយសារ​ភាពយន្ត​ចិន​រឿង «No More Bet» ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាលពី​ពេល​កន្លង​ទៅ​នោះ និង​នាំ​ការ​ភ័យ​ព្រួយ​ទៅ​ទេសចរ​បរទេស​អំពី​សុវត្ថិភាព​ក្នុង​ការ​មក​លេង​ប្រទេស​កម្ពុជា។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត អះអាង​ថា វិនិយោគិន​ចិន​ទាំងនោះ​បាន​ពន្យល់​ទៅ​កាន់​មតិ​សាធារណៈ​នៅ​ក្រៅ​ប្រទេស​ថា រូប​គេ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ និង​បុគ្គលិក​របស់​គេ​ដែល​មកពី​ប្រទេស​ចិន ដែរ​នោះ គ្មាន​នរណា​រង​នូវ​ការ​ភិតភ័យ​អ្វី​ឡើយ ដែល​ខុស​ពី​ខ្លឹមសារ​ក្នុង​ខ្សែភាពយន្ត «No More Bet» ទាំងស្រុង។

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​អាជ្ញាធរ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ បង្កើន​ការ​ពង្រឹង​កិច្ចការ​សន្តិសុខ​ឱ្យ​បាន​ល្អ​គ្រប់​កន្លែង​ទាំងអស់ ជាពិសេស​គោលដៅ​ដែល​ជា​តំបន់​ទេសចរណ៍ និង​តំបន់​ឧស្សាហកម្ម គឺ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ ព្រោះ​ថា​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ កម្លាំង​សមត្ថកិច្ច ស្នងការ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត រួម​ជាមួយ​សមត្ថកិច្ច​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ មាន​តួនាទី​ចាំបាច់​បំផុត​ក្នុង​ការ​ពង្រឹង​សន្តិសុខ​បម្រើ​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) លោក ពុយ គា បាន​លើកឡើង​ក្នុង​វេទិកា​កម្រិត​ខ្ពស់​នៃ​ធនាគារ​ខួរក្បាល​ចិន-កម្ពុជា ដោយ​ស្នើ​ឱ្យ​ផលិតករ​ចិន​បន្ត​ផលិត​ខ្សែភាពយន្ត «No More Bets» វគ្គ​២ បន្ត​ទៀត ដោយ​លោក​ជំរុញ​ឱ្យ​អ្នក​ផលិត​ខ្សែភាពយន្ត​នេះ​មក​ថត​ផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ ជាក់ស្តែង ថា​តើ​មាន​អំពើ​ឧក្រិដ្ឋកម្ម​មែន​ឬ​អត់ ដើម្បី​មើល​ឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត​នេះ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​គឺ​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​ខេត្ត​ព្រះសីហនុ ឡើងវិញ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា អំពើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​មិនមែន​ធ្វើ​ឡើង​ចំហ​ទេ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​អាច​បង្ក្រាប​អំពើ​ឧក្រិដ្ឋ​ទាំងនោះ​បាន​ឬ​អត់​ប៉ុណ្ណោះ ហើយ​ការ​ចងក្រង​ក្នុង​ខ្សែភាពយន្ត «No More Bets» ក៏​មិន​មែន​ផលិតករ​ចិន​ទាំងនោះ​មក​សុំ​ក្រុម​ឧក្រិដ្ឋជន​ថត​ដែរ ប៉ុន្តែ​គឺជា​ការ​ស៊ើបអង្កេត​ប៉ុណ្ណោះ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន​ឈ្មោះ No More Bets ដែល​មាន​ន័យ​ថា សូម​បញ្ឈប់​ការ​ភ្នាល់ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះ​តែ​ខ្សែភាពយន្ត​មួយ​នេះ​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា Base On Real Case ដែល​មាន​ន័យ​ថា ផ្អែក​តាម​រឿង​ពិត ១​សែន​ករណី​នៃ​អំពើ​ជួញដូរ​មនុស្ស ខណៈ​រដ្ឋាភិបាល​ចិន​ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការ​ឆបោក​ដែល​បាន​រៀបរាប់​ក្នុង​ខ្សែភាពយន្ត​រឿង No More Bets នេះ​ផង​ដែរ។

ខ្សែភាពយន្ត​នេះ​បាន​តម្រូវ​ឱ្យ​តួអង្គ​ក្នុង​រឿង​ពាក់​អាវ​ដែល​មាន​អក្សរ​ខ្មែរ និង​រថយន្ត​ក្នុង​សាច់រឿង​នេះ​ក៏​មាន​បិទ​អក្សរ​ខ្មែរ​ផង​ដែរ ដែល​ទំនង​ជា​មាន​បំណង​លាតត្រដាង​អំពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ហើយ​សាច់រឿង​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅ​លើ​ជនរងគ្រោះ​យ៉ាង​ព្រៃផ្សៃ​ដែរ ដូចជា ការ​លក់​មនុស្ស​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ ការ​ចាក់​បញ្ចូល​ថ្នាំញៀន​ឱ្យ​ទទួល​ភ្ញៀវ ការ​បាញ់​សម្លាប់​ជនរងគ្រោះ​ដែល​មាន​បំណង​លួច​រត់ ការ​ដក​ក្រចក ការ​យក​ស្គុត​រុំ​ច្រមុះ​ឱ្យ​ថប់​ដង្ហើម កាត់​ស្លឹកត្រចៀក ច្រាន​ជនរងគ្រោះ​ទម្លាក់​ពី​លើ​អគារ និង​ការ​វេះ​យក​គ្រឿង​ក្នុង​ជនរងគ្រោះ​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត ជាដើម ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យខ្លាច និង​ព្រឺព្រួច​ជា​ខ្លាំង។

ទាក់ទិន​នឹង​ខ្សែភាពយន្ត​នេះ សារព័ត៌មាន​បរទេស​ឈ្មោះ NINEI ASIA បាន​ចុះផ្សាយ​ថា បន្ទាប់ពី​ការ​ចេញ​ផ្សាយ​ខ្សែភាពយន្ត​នេះ ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន​ឈ្មោះ Sina Weibo បាន​សួរ​អ្នក​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ថា តើ​ពួកគេ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ដែរ​ឬ​ទេ? ក្នុង​នោះ មាន​តែ​មនុស្ស​ជាង ៣​ពាន់​ប៉ុណ្ណោះ (៣៧៧៨​នាក់) ដែល​បាន​និយាយ​ថា ពួកគេ​ហ៊ាន​ទៅ ប៉ុន្តែ​មនុស្ស​ប្រមាណ​ជិត ២​សែន​នាក់​ផ្សេង​ទៀត (១៨១០០០​នាក់) បាន​ឆ្លើយ​ថា ពួកគេ​មិន​ហ៊ាន​ទៅ​ទេ ក្រោម​ហេតុផល​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់ ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ជា​វីដេអូ​រយៈពេល​ជាង ៤០​នាទី ដែល​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» ដោយ​ក្នុង​វីដេអូ​នោះ​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ជាពិសេស​គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស