មន្ត្រីសិទ្ធិមនុស្សក្នុងស្រុក ជំរុញឱ្យសមត្ថកិច្ចកម្ពុជាចាត់វិធានការបន្ថែមជួយជនរងគ្រោះ ក្រៅតែពីការរង់ចាំទទួលពាក្យបណ្ដឹង ព្រោះថានៅពេលដែលក្រុមឧក្រិដ្ឋជនចាប់ជនរងគ្រោះធ្វើជាចំណាប់ខ្មាំងហើយនោះ ពួកគេច្បាស់ជាគ្រប់គ្រងប្រព័ន្ធទំនាក់ទំនងរបស់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះគ្មានឱកាសប្តឹងទៅកាន់សមត្ថកិច្ចទាន់ពេល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ វិច្ឆិកា នេះថា សមត្ថកិច្ចគួរតែពិចារណាវិធានការឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ពលរដ្ឋបន្ថែមទៀត ទាក់ទិននឹងការចាញ់បោកតាមរយៈបទល្មើសបច្ចេកវិទ្យា ព្រោះថាបើសមត្ថកិច្ចនៅរង់ចាំតែបណ្តឹងទើបមានវិធានការ នោះមានន័យថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់សមត្ថកិច្ចនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាសប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ពួកគេបានមុនវិធានការរបស់សមត្ថកិច្ចជានិច្ច។
លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ មិនមែនទាល់តែមានពាក្យបណ្តឹងទើបមានវិធានការនោះទេ គឺសមត្ថកិច្ចត្រូវស្រាវជ្រាវ និងមានវិធានការទប់ស្កាត់ជាមុននូវករណីណាដែលមានទំនោរ ឬសង្ស័យថាជាការបោកប្រាស់ នោះទើបជាវិធានការដែលអាចការពារសុវត្ថិភាពពលរដ្ឋមានប្រសិទ្ធភាព ដើម្បីចៀសនូវករណីដែលទាល់តែពលរដ្ឋបានចាញ់បោករួចហើយ ទើបនាំគ្នាជួយសង្គ្រោះជាក្រោយនោះ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា រដ្ឋាភិបាលគួរតែរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាពការពារពលរដ្ឋពីការឆបោកឱ្យបានខ្ពស់ជាងល្បិចបោកប្រាស់របស់ឧក្រិដ្ឋជន ទោះមានការឆបោកខ្លះក៏ស្ថិតក្នុងកម្រិតតិចតួច ហើយជាករណីដែលក្រុមឧក្រិដ្ឋជនធ្វើបានដោយតូចចង្អៀតថែមទៀត មិនមែនពួកគេចេះតែអាចធ្វើបានដោយអនាធិបតេយ្យងាយៗនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំឱ្យពលរដ្ឋដាក់ពាក្យបណ្តឹងនៅពេលដែលខ្លួនបានរងនូវការចាញ់បោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការនគរបាលជាតិ បានចេញវីដេអូអំពីនីតិវិធីដាក់បណ្តឹងសម្រាប់ពលរដ្ឋដែលបានចាញ់បោកជនល្មើសតាមបច្ចេកវិទ្យា ដោយណែនាំឱ្យពលរដ្ឋដែលចាញ់បោកជនខិលខូចតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជា តាមរយៈបណ្ដាញសង្គម តាមទូរគមនាគមន៍ តាមប្រព័ន្ធធនាគារ តាមរយៈប្រាក់កម្ចីខុសច្បាប់ តាមសារអេឡិចត្រូនិក ឬបទល្មើសបច្ចេកវិទ្យាផ្សេងទៀត ជាដើម មកកាន់ក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ Hotline Scam ដែលទើបត្រូវបានបង្កើតឡើងនៅពេលនេះ។
អគ្គស្នងការនគរបាលជាតិ បានណែនាំក្នុងវីដេអូផ្សព្វផ្សាយរបស់ខ្លួនតាមរយៈវិធីមួយចំនួន ដូចជា ជនរងគ្រោះគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការដែលមានឈ្មោះថា អគ្គស្នងការនគរបាលជាតិ និងចុចលើពាក្យថា Contact Us និងបំពេញនូវព័ត៌មានមួយចំនួនដែលអគ្គស្នងការនគរបាលជាតិបានកំណត់។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្រៅពីវិធីខាងលើ ពលរដ្ឋក៏អាចស្គែន QR Code ដើម្បីទាញយកពាក្យបណ្តឹង រួចហើយបំពេញព័ត៌មានក្នុងសំណុំបែបបទ និងផ្ដិតស្នាមមេដៃ ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ និងភស្តុតាងនានាផងដែរ មុននឹងផ្ញើទៅកាន់អគ្គស្នងការនគរបាលជាតិវិញ។
ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានព័ត៌មានវិទ្យាកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា បទល្មើសបច្ចេកវិទ្យាធំៗមួយចំនួនប្រចាំឆ្នាំ២០២២ ដែលបានលុកលុយប្រទេសកម្ពុជា ដូចជា ក្រុមឧក្រិដ្ឋជនតែងប្រើប្រាស់កម្មវិធីបណ្ដាញសង្គម ឬអ៊ីមែល ដើម្បីបញ្ឆោតជនរងគ្រោះឱ្យចូលទៅកាន់គេហទំព័រក្លែងបន្លំក្នុងបំណងលួចយកព័ត៌មាន។
ជាងនេះទៀត ក្រុមឧក្រិដ្ឋជនតែងខលចូលទូរសព្ទរបស់ជនរងគ្រោះ និងបានប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្ដាញសង្គម ដើម្បីលួចយកនូវព័ត៌មានពីជនរងគ្រោះផងដែរ ក្រៅពីនេះ ក្រុមឧក្រិដ្ឋជនក៏តែងលួចយកនូវអត្តសញ្ញាណជនរងគ្រោះពីកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ដោយយកអត្តសញ្ញាណទាំងនោះទៅប្រើប្រាស់ ឬលក់ ឬចែកចាយលើទីផ្សារងងឹត ជាដើម។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង៕