35 C
Phnom Penh

ការ​និរទេស​ព្រះសង្ឃ​ជាង ១០០​អង្គ​ចេញពី​វត្ត​ពោធិលង្កា រង​ការ​សង្ស័យ​ថា​ជា​ការ​អនុវត្ត​បទបញ្ជា​នយោបាយ ជាជាង​ការ​ដោះស្រាយ​តាម​វិន័យ​សង្ឃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ដាក់​ការ​សង្ស័យ​ថា ការ​និរទេស​ព្រះសង្ឃ​ចំនួន ១៤០​អង្គ​ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ទំនង​ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ជាជាង​ការ​ដោះស្រាយ​វិវាទ​តាម​ច្បាប់ និង​វិន័យ​របស់​គណៈសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា។

មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខេត្ត​សៀមរាប មួយ​អង្គ​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា បើ​ទោះបីជា​សាលា​អនុគណ​ក្រុង​សៀមរាប បាន​បង្ហាញ​ហេតុផល​ថា ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​បាន​បង្កើត​អធិករណ៍​មិន​ចេះ​ចប់​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​ជា​ហេតុផល​មិន​សម​ទំនង​ដែរ ព្រោះ​ថា​បើ​បញ្ហា​កើតមាន​ក្នុង​វត្ត ហេតុ​ដូចម្តេច​សាលាគណ​ខេត្ត​មិន​អនុវត្ត​ច្បាប់​សង្ឃ ដក​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​តាម​វិន័យ​សង្ឃ​ទៅ​ចុះ ហេតុ​ដូចម្តេច​បាន​ជា​បណ្តេញ​ព្រះសង្ឃ​ដទៃ​ទៀត​ដែល​គ្មាន​កំហុស​ចេញពី​វត្ត​ដែរ។

ប្រភព​មន្ត្រី​សង្ឃ​ខាងលើ​លើកឡើង​ថា មូលហេតុ​ធំ​បំផុត​នៃ​ការ​បណ្តេញ​ព្រះសង្ឃ​នេះ ទំនង​មិន​មែន​ដោយសារ​តែ​រឿង​វិវាទ​គ្នា​រវាង​ព្រះសង្ឃ​ក្នុង​វត្ត​នេះ ឬ​រឿង​ចៅអធិការ​មាន​ស្រី​ញី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ដោយសារ​តែ​គេ​រក​ឃើញ​ថា ព្រះសង្ឃ​ក្នុង​វត្ត​នេះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​លុបបំបាត់​និន្នាការ​មិន​ស្រប​នេះ គណៈសង្ឃ​ក៏​ឆ្លៀត​ឱកាស​នេះ​ប្រើ​លេស​លើ​បញ្ហា​រ៉ាំរ៉ៃ​កន្លង​មក ដើម្បី​បោស​សម្អាត​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​តែម្តង​ទៅ។

មន្ត្រី​សង្ឃ​ដដែល​បញ្ជាក់​ថា ការ​ដោះស្រាយ​អធិករណ៍​ក្នុង​អារាម គឺ​ត្រូវ​មាន​ពុទ្ធ​បរិស័ទ អាចារ្យ គណៈកម្មាធិការ​វត្ត ចូលរួម​ដោះស្រាយ​រក​ខុស​ត្រូវ ដើម្បី​ស្វែងរក​ទោស​កំហុស​បុគ្គល​ដែល​បាន​ប្រព្រឹត្ត ឱ្យ​ចេញ​មក​ទទួល​ពិន័យ​តាម​ច្បាប់​របស់​សង្ឃ ប៉ុន្តែ​គណៈសង្ឃ​បែរ​ជា​ប្រើ​អាជ្ញា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ចុះ​មក​បណ្តេញ​ព្រះសង្ឃ​ចេញពី​វត្ត​ទៅ​វិញ ដែល​បញ្ហា​នេះ​មិន​ស័ក្តិសម​ជា​ចំណាត់ការ​របស់​គណៈសង្ឃ​ឡើយ ប៉ុន្តែ​ស័ក្តិសម​ជា​ជា​ចំណាត់ការ​របប​សឹក​ទៅ​វិញ។

ព្រះសង្ឃ​អង្គ​នេះ​លើក​ជា​សំណួរ​ថា ច្បាប់​សង្ឃ​មាន​អស់​ហើយ ហេតុ​ដូចម្តេច​បាន​ជា​មិន​អនុវត្ត​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នោះ?

ព្រះអង្គ​បន្ថែម​ថា បើ​មាន​ច្បាប់​ហើយ តែ​មិន​អនុវត្ត តើ​មាន​ហេតុផល​អ្វី​នៅ​ពីក្រោយ​សេចក្តី​សម្រេច​នេះ ព្រោះ​ថា​មុន​នឹង​ឈាន​ទៅ​ដល់​ដំណាក់កាល​បិទ​វត្ត​ទាំងមូល ទាល់តែ​រក​ឱ្យ​ឃើញ​ថា ភិក្ខុសង្ឃ​ទាំងអស់​ក្នុង​វត្ត​នេះ​បាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ប្រាកដ​មែន និង​មាន​ការ​ឯកភាព​ពី​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​ថែម​ទៀត ទើប​ឈាន​ដល់​ដំណាក់កាល​បិទ​វត្ត​តែម្តង ប៉ុន្តែ​នេះ​គ្រាន់​ជា​ការ​សម្រេច​របស់​គណៈសង្ឃ​នាយក​តែ​ម្ខាង​ប៉ុណ្ណោះ។

ព្រះ​ភិក្ខុសង្ឃ​ខាងលើ​សង្កត់​ធ្ងន់​ថា គណៈសង្ឃ​គួរតែ​បង្ហាញ​ភស្តុតាង​ពី​ទោស​កំហុស​របស់​ព្រះសង្ឃ​ដែល​ត្រូវ​បណ្តេញ​ចេញពី​វត្ត​ជា​មុន​ដែរ មុន​នឹង​អនុវត្ត​វិធានការ​បណ្តេញ​ចេញពី​វត្ត ដើម្បី​ឱ្យ​សាមី​ខ្លួន​អស់​ចិត្ត​នឹង​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត ប៉ុន្តែ​ផ្ទុយទៅវិញ នៅ​ពេល​ដែល​គណៈសង្ឃ​មិន​មាន​ភស្តុតាង​ពី​ទោស​កំហុស​របស់​ពួកគេ ហើយ​បែរ​ជា​ប្រើ​វិធានការ​បោស​សម្អាត​ទាំង​កម្រោល​ដូច​ដែល​បាន​ធ្វើ​នៅ​ពេលនេះ ប្រាកដជា​ធ្វើ​ឱ្យ​សាមី​ខ្លួន​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ជា​ពុំ​ខាន។

កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សាលាគណ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​អនុវត្ត​វិធានការ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បណ្តេញ​ព្រះសង្ឃ ១៤០​អង្គ និង​តាជី​យាយជី ក្មេង​វត្ត​មាន​ចំនួន ៣១​នាក់ ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ដើម្បី​រៀបចំ​របៀប​រៀបរយ និង​សណ្ដាប់ធ្នាប់​វត្ត​ឡើង​វិញ បន្ទាប់ពី​វត្ត​កើតមាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​កន្លង​មក។

ការ​ចុះ​អនុវត្ត​វិធានការ​នេះ ធ្វើឡើង​ក្រោយពី​សេចក្តី​សម្រេច​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការ​បញ្ចប់​មុខតំណែង​ចៅអធិការ គ្រូសូត្រឆ្វេង-ស្តាំ និង​វិន័យ​ធម៌ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងទៅ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ក្នុង​វត្ត​នេះ​មិន​បាន​គោរព​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ចែក​បក្ខ​ចែក​ពួក​ជា​ក្រុមៗ​នា​ពេល​កន្លង​មក។

រហូត​ដល់​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ ថេរៈ​សភា​សង្ឃ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​សម្រេច​ចោទប្រកាន់​ចៅអធិការ​វត្ត​ពោធិលង្កា កែវ ខូយ ថា​បាន​ប្រព្រឹត្ត​ទោស​ដោយ​ត្រូវ​អាបត្តិ​សង្ឃាទិសេស​តាម​សិក្ខាបទ​ភិក្ខុ​២២៧ ត្រង់​អនិយត​២ (អាក់ និ យក្ស តាក់ ២) ថែម​ទៀត។

បន្ទាប់ពី​សាលាគណ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​អនុវត្ត​វិធានការ​បណ្តេញ​ព្រះសង្ឃ និង​ដូនជី​តាជី​ទាំងអស់​ចេញពី​វត្ត កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ព្រះសង្ឃ​ដែល​ជា​គ្រូសូត្រស្តាំ និង​គ្រូសូត្រឆ្វេង បាន​ប្រមូល​ព្រះសង្ឃ​ក្នុង​វត្ត​ធ្វើការ​ជួបជុំ ដោយ​ស្នើ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​កុំ​ឱ្យ​មាន​ការ​បណ្តេញ​ព្រះសង្ឃ​ទាំងអស់​ចេញពី​វត្ត​នេះ ដោយ​អះអាង​ថា ការ​អនុវត្ត​វិធានការ​នេះ គឺជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​សម្រាប់​ព្រះសង្ឃ​ដែល​គ្មាន​កំហុស។

ទោះជា​បែប​នេះ​ក្តី គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ វត្ត​ពោធិលង្កា ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​តែ​ព្រះសង្ឃ​វត្ត​នេះ​ទាំង​ជាង ១០០​អង្គ ត្រូវ​បាន​បណ្តេញ​ចេញ​គ្មាន​សល់ ក្រោម​វិធានការ​គណៈសង្ឃ​ដែល​សហការ​ជាមួយ​អាជ្ញាធរ​យក​រថយន្ត​មក​ដឹកជញ្ជូន​ព្រះសង្ឃ​ចេញពី​វត្ត​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា កន្លង​ទៅ​នោះ។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​អាចារ្យ គណៈកម្មាធិការ​វត្ត​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស