គណៈសង្ឃនាយកកម្ពុជា អះអាងថា ការសម្រេចបិទវត្តពោធិលង្កា នៅខេត្តសៀមរាប គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ បន្ទាប់ពីរកឃើញថាការគ្រប់គ្រងរបស់គណៈសង្ឃក្នុងវត្តពោធិលង្កា នេះ មិនមានសាមគ្គីភាព បង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងវិន័យព្រះពុទ្ធសាសនាដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីករណីវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប ចុះថ្ងៃទី២២ ខែវិច្ឆិកា ឲ្យដឹងថា ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លាសមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ។
ប្រភពដដែលលើកឡើងថា កន្លងមក ការដឹកនាំគ្រប់គ្រងគណៈសង្ឃក្នុងវត្តពោធិលង្កា នេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក បង្កជាជម្លោះ អនាធិបតេយ្យ មិនគោរពធម៌វិន័យ និងបាត់បង់សណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ហើយសកម្មភាពនោះនៅតែកើតមានដដែល បើទោះបីជាមានការអប់រំទូន្មានជាច្រើនលើកក៏ដោយ។
គណៈសង្ឃបំភ្លឺថា ស្របតាមពុទ្ធានុញ្ញាត និងពុទ្ធបញ្ញត្តិ គឺត្រូវធ្វើយ៉ាងណាឱ្យវត្តក្លាយទៅជាបូជនីយដ្ឋានគួរជាទីគោរព ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្ដោះអាសន្ន ក្រោយបញ្ចប់សង្ឃកម្ម និងកិច្ចការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។
សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយកកម្ពុជានេះ ធ្វើឡើងស្របពេលដែលមានការសង្ស័យថា ការបិទវត្តពោធិលង្កា នេះ មានពាក់ព័ន្ធនឹងរឿងនយោបាយ ក្នុងគោលបំណងចង់បានដីវត្ត ដែលនាំឲ្យជះឥទ្ធិពលអាក្រក់ដល់ព្រះពុទ្ធសាសនា ជាដើម។ គណៈសង្ឃនាយកអះអាងថា ការចោទប្រកាន់នេះ គឺជាការយល់ច្រឡំ និងជាចេតនារបស់ជនអគតិមួយចំនួនដែលយកបញ្ហានេះសម្រាប់កេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើផលប្រយោជន៍ខាងផ្នែកនយោបាយទៅវិញទេ។
កាលពីថ្ងៃទី២៧ ខែកញ្ញា គណៈសង្ឃនាយកបានចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងភិក្ខុ កែវ ខូយ ពីចៅអធិការ ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូត្រឆ្វេង និងភិក្ខុ សេង សុខុម ពីបទវិន័យធម៌ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា សមត្ថកិច្ចបានចុះបិទវត្តជាបណ្ដោះអាសន្នតាមការស្នើសុំរបស់គណៈសង្ឃនាយក។
ក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី២៧ ខែកញ្ញា សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង ដែលជាសម្តេចព្រះសង្ឃនាយករងទី១ បានបញ្ជាក់ថា ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះរំសាយរចនាសម្ព័ន្ធក្នុងវត្ត និងត្រូវប្រជុំសម្រេចរៀបចំរចនាសម្ព័ន្ធថ្មីបណ្ដោះអាសន្ន ដើម្បីដឹកនាំការងាររហូតដល់មានការសម្រេចតែងតាំងថ្មីជាផ្លូវការ។
មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប មួយអង្គដាក់ការសង្ស័យថា ការនិរទេសព្រះសង្ឃចំនួន ១៤០អង្គចេញពីវត្តពោធិលង្កា ឬវត្តពោធិ៍លើ ទំនងជាការអនុវត្តតាមបទបញ្ជារបស់អ្នកមានអំណាចដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងការដោះស្រាយវិវាទតាមច្បាប់ និងតាមវិន័យរបស់គណៈសង្ឃក្នុងព្រះពុទ្ធសាសនា។
មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប មួយអង្គទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញព្រះនាម កាលពីថ្ងៃទី១៥ វិច្ឆិកា ថា បើទោះបីជាសាលាអនុគណក្រុងសៀមរាប បានបង្ហាញហេតុផលថា ព្រះសង្ឃនៅក្នុងវត្តនេះបានបង្កើតអធិករណ៍មិនចេះចប់យូរឆ្នាំមកហើយក៏ដោយ ក៏ជាហេតុផលមិនសមទំនងដែរ ព្រោះថាបើបញ្ហាកើតមានក្នុងវត្ត ហេតុដូចម្តេចសាលាគណខេត្ត មិនអនុវត្តច្បាប់សង្ឃដកបុគ្គលដែលបានប្រព្រឹត្តខុសតាមវិន័យសង្ឃទៅ ហើយហេតុអ្វីបានជាបណ្តេញព្រះសង្ឃដទៃទៀតដែលគ្មានកំហុសចេញពីវត្តដែរ។
មន្ត្រីសង្ឃដដែលលើកឡើងថា មូលហេតុធំបំផុតនៃការបណ្ដេញព្រះសង្ឃនេះ ទំនងមិនមែនដោយសារតែរឿងវិវាទគ្នារវាងព្រះសង្ឃក្នុងវត្តនេះ ឬរឿងចៅអធិការមានស្រីញីនោះទេ ប៉ុន្តែទំនងដោយសារព្រះសង្ឃក្នុងវត្តនេះភាគច្រើនពាក់ព័ន្ធនឹងរឿងនយោបាយ ដែលមាននិន្នាការមិនស្របនឹងបក្សកាន់អំណាចប៉ុណ្ណោះ ដូច្នេះដើម្បីលុបបំបាត់និន្នាការមិនស្របនេះ គណៈសង្ឃក៏ឆ្លៀតឱកាសនេះប្រើលេសលើបញ្ហារ៉ាំរ៉ៃកន្លងមក ដើម្បីបោសសម្អាតព្រះសង្ឃក្នុងវត្តនេះតែម្តងទៅ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

