30 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​លុប​បំបាត់​ទស្សនៈ​ជ្រុល​និយម​ដោយ​មិន​ឱ្យ​មាន​ការ​រើសអើង​និង​លាប​ពណ៌​គ្នា​ក្នុង​វិស័យ​សាសនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​នៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​លុបបំបាត់​ទស្សនៈ​ជ្រុល​និយម ដោយ​មិន​ឱ្យ​មាន​ការ​រើសអើង និង​លាប​ពណ៌​គ្នា​នៅ​ក្នុង​វិស័យ​សាសនា ទាំង​ព្រះពុទ្ធ​សាសនា អ៊ីស្លាម​សាសនា ហិណ្ឌូ​សាសនា និង​គ្រិស្ត​សាសនា។

ថ្លែង​នៅ​ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច និង​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​គណៈមហានិកាយ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វត្ត​មុនីសុវណ្ណ ឬ​វត្ត​ចំពុះក្អែក នា​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា លោក ហ៊ុន ម៉ាណែត អះអាង​ថា ទស្សនៈ និង​គោលការណ៍​ជ្រុល​និយម​មិន​ថា​នៅ​ក្នុង​សាសនា ឬ​នយោបាយ​នោះ​ទេ ត្រូវតែ​លុប​បំបាត់ និង​បំផ្លាញ​ចោល​ទាំងអស់ ព្រោះ​វា​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​នៅ​ក្នុង​សង្គម​ជាតិ ដែល​ជា​កត្តា​បំផ្លាញ​នូវ​សុខ​សន្តិភាព និង​សេរីភាព។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ជម្លោះ​ផ្លូវចិត្ត គឺ​អាច​បង្កើត​ជា​សង្គ្រាម​បាន តាមរយៈ​ការ​រើសអើង និង​ការ​លាប​ពណ៌​ឱ្យ​ស្អប់​គ្នា។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ សិទ្ធិ​សេរីភាព​នៃ​ការ​គោរព​ជំនឿ​សាសនា ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​សាសនា​ផ្សេងៗ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

លោក​ថា រហូត​មក​ដល់​ពេលនេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ដោយសារតែ​ការ​គោរព​ជំនឿ​សាសនា​របស់​ពួកគេ​នោះ​ទេ។

លោក​អះអាង​ថា បើ​ប្រៀបធៀប​ជាមួយ​នឹង​ពេល​របប ប៉ុល ពត ដែល​ពេល​នោះ​វត្ត​អារាម​ត្រូវ​បាន​បិទ​ទាំងស្រុង​នៅ​ទូទាំង​ប្រទេស ហើយ​បច្ចុប្បន្ន កម្ពុជា​មាន​វត្ត​អារាម​សរុប​ចំនួន ៥១៣៣​វត្ត មាន​ព្រះសង្ឃ​ចំនួន ៦៨៩៦៧​អង្គ និង​ថែម​ទាំង​មាន​វិហារ​នៃ​សាសនា​ឥស្លាម និង​សាសនា​គ្រិស្ត​ជាច្រើន​ទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង។

ទាក់ទង​បញ្ហា​ជំនឿ​សាសនា​នេះ​ដែរ កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សាលាគណ​ខេត្ត​សៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បណ្តេញ​ព្រះសង្ឃ​ចំនួន ១៤០​អង្គ តាជី​យាយជី និង​ក្មេង​វត្ត​ចំនួន ៣១​នាក់ ចេញពី​វត្ត​ពោធិលង្កា ឬ​វត្ត​ពោធិ៍លើ ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ដើម្បី​រៀបចំ​របៀប​រៀបរយ និង​សណ្ដាប់ធ្នាប់​វត្ត​ឡើងវិញ បន្ទាប់ពី​វត្ត​កើត​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​កន្លង​មក។

ការ​ចុះ​អនុវត្ត​វិធានការ​នេះ ធ្វើឡើង​ក្រោយពី​សេចក្តី​សម្រេច​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការ​បញ្ចប់​មុខតំណែង​ចៅអធិការ គ្រូ​សូត្រ​ឆ្វេង-ស្តាំ និង​វិន័យ​ធម៌ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោម​ហេតុផល​ថា ព្រះសង្ឃ​ក្នុង​វត្ត​នេះ​មិន​បាន​គោរព​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ចែក​បក្ខ ចែក​ពួក ជា​ក្រុមៗ​នា​ពេល​កន្លង​មក។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ ថេរៈ​សភា​សង្ឃ​ខេត្ត​សៀមរាប បាន​សម្រេច​ចោទប្រកាន់​ចៅអធិការ​វត្ត​ពោធិលង្កា កែវ ខូយ ថា​បាន​ប្រព្រឹត្ត​ទោស​ដោយ​ត្រូវ​អាបត្តិ​សង្ឃាទិសេស​តាម​សិក្ខាបទ​ភិក្ខុ ២២៧ ថែម​ទៀត។

បន្ទាប់ពី​សាលាគណ​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​អនុវត្ត​វិធានការ​បណ្តេញ​ព្រះសង្ឃ ដូនជី​តាជី​ទាំងអស់​ចេញពី​វត្ត កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ព្រះសង្ឃ​ដែល​ជា​គ្រូ​សូត្រ​ស្តាំ និង​គ្រូ​សូត្រ​ឆ្វេង បាន​ប្រមូល​ព្រះសង្ឃ​ក្នុង​វត្ត​ធ្វើការ​ជួបជុំ​ដោយ​ស្នើ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​កុំ​ឱ្យ​មាន​ការ​បណ្តេញ​ព្រះសង្ឃ​ទាំងអស់​ចេញពី​វត្ត​នេះ ដោយ​អះអាង​ថា​ការ​អនុវត្ត​វិធានការ​នេះ គឺជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​សម្រាប់​ព្រះសង្ឃ​ដែល​គ្មាន​កំហុស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស