34.7 C
Phnom Penh

លោក សម រង្ស៊ី៖ អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​លោក ហ៊ុន សែន ពី​ផែនដី​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ព្យាករ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ពី​ផែនដី​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា មិន​ត្រូវ​អស់​សង្ឃឹម​ក្នុង​ការ​បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ ព្រោះ​ថា​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​លោក ហ៊ុន សែន ច្បាស់​ជា​មិន​អមតៈ​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា កម្លាំង​ស្នេហា​ជាតិ​របស់​ពលរដ្ឋ គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សេរីភាព យុត្តិធម៌​សង្គម និង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ឡើងវិញ ដូច្នេះ​ក្នុង​កាលៈទេសៈ​ដែល​ពោរពេញ​ដោយ​ការ​គាបសង្កត់ និង​ការ​ជិះជាន់​ពី​អំណាច​គ្រួសារ​លោក ហ៊ុន សែន នៅ​ពេលនេះ ទោះបី​អ្នក​ស្នេហា​ជាតិ​មិន​អាច​តបត ឬ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​មួយ​នេះ​បាន​ក៏ដោយ ឱ្យ​តែ​រក្សា​បេះដូង​ស្នេហា​ជាតិ គំរាម​មិន​ខ្លាច ទិញ​មិន​លក់ វាសនា​ជាតិ​ខ្មែរ​នឹង​ភ្លឺស្វាង​ជាមិនខាន។

លោក សម រង្ស៊ី បញ្ជាក់​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហា​ជាតិ មិន​បាន​រលំរលាយ​ឡើយ បើ​ទោះបីជា​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​លោក ហ៊ុន សែន តាម​កម្ទេច តាម​គំរាមកំហែង​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​នេះ នឹង​រលំរលាយ​នៅ​ពេល​ដែល​កម្លាំង​ស្នេហា​ជាតិ​របស់​អ្នក​ប្រជាធិបតេយ្យ​ប្រមូលផ្ដុំ​គ្នា​ឡើងវិញ ដូច្នេះ​ហើយ​បាន​ជា​ទាំង​លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ភ័យ​ព្រួយ​រហូត​ប្រើ​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​រហូត​មក​បែប​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​អំណាច​បន្ត​ពូជ​ក្នុង​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ពេញ​ទំហឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ចំណែក​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ថា ពិត​ជា​គួរ​ឱ្យ​អាសូរ​ដល់​លោក ហ៊ុន សែន ណាស់ ក្នុង​អំណាច​ដឹកនាំ​ប្រទេស​កម្ពុជា​របស់​គាត់​ជាង ៤០​ឆ្នាំ​មក​នេះ អាច​រក​បាន​ត្រឹមតែ​អ្នក​ស្នង​អំណាច​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​អាច​រក​អ្នក​បន្ត​វេន​ដឹកនាំ​ប្រទេស​បន្ត​ពី​ខ្លួន​បាន​ឡើយ។ ជាក់ស្តែង បើ​ទោះបីជា​គាត់​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​បន្ត​តំណែង​នេះ​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនបង្កើត​របស់​គាត់​ហើយ​ក៏ដោយ ក៏​គាត់​នៅតែ​បន្ត​តាមដាន និង​គ្រប់គ្រង​ការងារ​ប្រទេស​ជាតិ​ពីក្រោយ​ខ្នង​ដោយ​ខ្លួនឯង​ដដែល។

លោក មួង ណារ៉េត លើកឡើង​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្រកាន់​ចរិត​ស្នេហា​ជាតិ​ផ្ដាច់មុខ និង​មាន​ជំងឺ​មេដឹកនាំ​តួឯក​ផ្ដាច់មុខ​នៅ​កម្ពុជា​យ៉ាង​ច្បាស់​ក្រឡែត ដូច្នេះ​ហើយ​បាន​ជា​កន្លង​មក អ្នក​ណា​ស្នេហា​ជាតិ​ខុសពី​ក្រុម​របស់​គាត់ គឺ​ត្រូវតែ​កម្ចាត់​ចោល ដែល​ជា​រូបភាព​មួយ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​គឺ​មាន​អ្នក​គ្រប់គ្រង​តែ​ម្នាក់​គាត់ ហាក់បីដូចជា​កាប់ពីទែន​ម្នាក់ (Captain) គ្រប់គ្រង​កប៉ាល់​មួយ​គ្រឿង​តែ​ម្នាក់​ឯង​ដូច្នោះ​ដែរ ដែល​ជា​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ដ៏​កម្សត់​មួយ​នេះ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​រូប​នេះ បញ្ជាក់​ថា ដើម្បី​ធានា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ការ​អភិវឌ្ឍ និង​អធិបតេយ្យភាព​សម្រាប់​ប្រទេស​ជាតិ​មួយ គឺ​កិច្ចការ​ប្រទេស​ជាតិ​ទាំងអស់​មិន​អាច​យក​ទៅ​ដោះស្រាយ ឬ​ចាត់ចែង​ក្នុង​រង្វង់​គ្រួសារ ឬ​បក្ខពួក​របស់​ក្រុម​ណា​មួយ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ចការ​ប្រទេស​ជាតិ​ទាំងមូល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​គ្រួសារ​ហើយ នោះ​មាន​ន័យ​ថា សេចក្តី​អន្តរាយ និង​ភាព​អពមង្គល​របស់​ជាតិ​នោះ ក៏​នឹង​កើតមាន​ដែរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណភូមិ​មួយ​នេះ កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស