26 C
Phnom Penh

រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​ឈប់​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​គ្រប់​ប្រភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មុន​មក​ហើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងនោះ ដោយសារតែ​បាន​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អះអាង​នៅ​ក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​លើ​ប្រធានបទ៖ «គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម កាលពី​ថ្ងៃទី​២ វិច្ឆិកា ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាល​មុន​មក​ហើយ។

លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​សម្រេច​ឱ្យ​ពិនិត្យ​ឡើងវិញ​ពី​លទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ផ្ទៃដី​ដែល​សិក្សា​រួច និង​មិន​មាន​សក្ដានុពល​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដើម្បី​យក​ផ្ទៃដី​នោះ​ត្រឡប់​មក​វិញ។

ប្រភព​ដដែល​បាន​អះអាង​ថា ជាទូទៅ នៅ​ពេល​ក្រុមហ៊ុន​ណា​មួយ​ស្នើសុំ​សិក្សា​ពី​អាជីវកម្ម​ធនធាន​រ៉ែ គឺ​គេ​តែងតែ​ស្នើសុំ​ក្នុង​ផ្ទៃដី​ធំ ប៉ុន្តែ​នៅ​ពេល​គេ​សិក្សា​រួច នឹង​មាន​ការ​បង្រួម​ផ្ទៃដី​តូច​វិញ ដូច្នេះ​ផ្ទៃដី​ដែល​សិក្សា​រួច នឹង​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ។ លោក​ថា រដ្ឋាភិបាល​បាន​ឯកភាព​មិន​អនុញ្ញាត​ឱ្យ​ពង្រីក​ផ្ទៃដី​បន្ថែម​លើ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ដែល​មាន​ស្រាប់​នៅ​តំបន់​ព្រៃឡង់​ទៀត​ឡើយ។

លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លើកឡើង​ថា នៅ​តំបន់​ព្រៃឡង់​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន ១៣ ដែល​ទទួល​បាន​សិទ្ធិ​សិក្សា រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១៣ នោះ មាន​អាជីវកម្ម​សិក្សា​ស្រាវជ្រាវ និង​រុករក​រ៉ែ​ចំនួន ៣ និង​អាជីវកម្ម​ធ្វើ​រ៉ែ​មាស​ចំនួន ១ នៅ​ខេត្ត​កំពង់ធំ។ នៅ​ខេត្ត​ក្រចេះ វិញ មាន​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុង​សិក្សា​រុករក​រ៉ែ ហើយ​នៅ​ព្រះវិហារ មាន​ចំនួន ២​ក្រុមហ៊ុន​ដែល​មិន​ទាន់​ធ្វើ​អាជីវកម្ម​នៅឡើយ។ ចំណែក​នៅ​ខេត្ត​ស្ទឹងត្រែង ​វិញ ក្រុមហ៊ុន​ស្វែងរក​រ៉ែ​មាន​ចំនួន​១។

កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ កន្លងមក អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស្វីស ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ឈ្មោះ Late Cheng Mining Development Co., Ltd ដែល​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​នា​ពេល​អនាគត បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ជីក​យក​រ៉ែ​មាស និង​រ៉ែ​ថ្មកំបោរ​ទេ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​កាប់​ឈើ​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត ដែល​សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​នោះ។

អង្គការ​អន្តរជាតិ​ដដែល​នេះ​បាន​ចងក្រង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ជាង ៨០​ទំព័រ លាតត្រដាង​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ដែល​ក្រុមហ៊ុន Late Cheng Mining Development កំពុងតែ​អភិវឌ្ឍ​លើ​អណ្ដូងរ៉ែ​មាស​ខ្នាត​ធំ​ចំនួន​ពីរ នៅ​ក្នុង​ភូមិ​ស្នងអន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចិន​មួយ​នេះ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ។

បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Late Cheng Mining Development ជា​គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ទុន​វិនិយោគ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង។ ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​រុករក​រ៉ែ​លើ​ផ្ទៃដី ១៥១​គីឡូម៉ែត្រ​ក្រឡា ដើម្បី​ធ្វើ​សកម្មភាព​រុករក​រ៉ែ​រយៈពេល ១៥​ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ។

ដែន​ជម្រក​សត្វ​ព្រៃឡង់​មាន​ទំហំ ៤០​ម៉ឺន​ហិកតារ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ ដើម្បី​ការពារ​បេះដូង​របស់​ព្រៃឡង់ ហើយ​គម្រោង​នៃ​ការ​រុករក​រ៉ែ​មាស​ទាំងនេះ ប្រាកដ​ណាស់​មិន​ស្រប​នឹង​ការ​ការពារ​នៃ​តំបន់​នោះ​ទេ។

សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ បាន​លើកឡើង​ថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ប៉ុន្តែ​លោក​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​មាស​នៅ​ក្នុង​តំបន់​ព្រៃឡង់​ទាំងអស់ ដើម្បី​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ពីព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មិន​ត្រឹមតែ​រុករក​រ៉ែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាប់​ព្រៃឈើ បំផ្លាញ​សត្វ​ព្រៃ ព្រមទាំង​ប្រើ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ពលរដ្ឋ​ផង​ដែរ។

ចំណែក​ក្រុម​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ ថា ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ទំហំ​ជាង ៤​សែន​ហិកតារ ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​មិន​ត្រូវ​បាន​ការពារ​តំបន់​ព្រៃឡង់​ពី​ការ​បំផ្លិចបំផ្លាញ​ឡើយ ព្រោះ​ថា​សព្វថ្ងៃ​នេះ ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ កំពុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ការ​រុករក​រ៉ែ​ថ្មកំបោរ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស